រដ្ឋមន្ត្រី​សុខាភិបាល​ ណែនាំ​ឲ្យ​ប្រធាន​មន្ទីរ​ និង​អង្គភាព​ទាំងអស់ ​ត្រូវ​មើល ​និង​តាមដាន​មន្ត្រី​របស់​ខ្លួ​ន​ឲ្យ​បាន​ល្អ​

រដ្ឋមន្ត្រី​សុខាភិបាល​ ណែនាំ​ឲ្យ​ប្រធាន​មន្ទីរ​ និង​អង្គភាព​ទាំងអស់ ​ត្រូវ​មើល ​និង​តាមដាន​មន្ត្រី​របស់​ខ្លួ​ន​ឲ្យ​បាន​ល្អ​



ភ្នំពេញ ​៖​ លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​មន្ត្រី​ទាំងអស់ ទាំង​រដ្ឋ​ ដែល​ជាប់កិច្ចសន្យា ត្រូវ​គោរព​វិន័យ​ការងារ គោរព​ម៉ោង​ពេលធ្វើការ កុំទៅ​ប្រព្រឹត្ត​អំពើ​អ្វី​មួ​យ ​ដែល​អាច​មាន​គោលដៅ​បំផ្លាញ​ក្រសួង ឬ​បំផ្លាញ​ជាតិ​ឯង​។​

ទន្ទឹម​នឹង​នោះ ​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ​«​ក្រសួង​នឹង​មាន​វិធានការ​តឹងរ៉ឹង​បំផុត ហើយក៏​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​១​រូប​ ឬ២រូប ​ដែល​ចេះតែ​ដើរ​ឆ្កឹះឆ្កៀល ចោទប្រកាន់​មក​លើ​គេឯង ដែល​មាន​ការ​ប៉ះពាល់​ដល់​កិត្តិយស ​និង​សេចក្ដីថ្លៃថ្នូរ​របស់​ពេទ្យ និង​របស់​ក្រសួង ដោយ​ប្រធាន​នាយកដ្ឋាន​ និង​អង្គភាព​នីមួយៗ​ត្រូវ​មើល​ និង​តាមដាន​មន្ត្រី​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​»​។​

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​បែបនេះ​កាលពី​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីស្ដីការ​ក្រ​សួងសុខាភិបាល​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ពង្រឹង​ការងារ​គ្រប់គ្រង​មន្ត្រីរាជការ និង​បុគ្គលិក​ជាប់​កិច្ច​ស​ន្យា​ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​រដ្ឋលេខាធិការ អនុរដ្ឋ​លេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាន​នាយកដ្ឋាន ប្រធាន​តាម​អង្គភាព​ក្រោម​ឱវាទ​ក្រសួង មន្ត្រីរាជការ​ និង​បុគ្គលិក​ជាប់កិច្ចសន្យា សរុប​ទាំងអស់​ប្រហែល​៤៥០​នាក់​។​

ថ្លែង​ក្នុង​អង្គប្រជុំ​ដ៏​សំខាន់​នេះ លោក តែ គុយ​ស៊ា​ង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ធ្វើ​ការ​ណែនាំ ​និង​ជម្រាប​ជូន​ពី​សភាពការណ៍​បច្ចុប្បន្ន​ និង​វឌ្ឍនភាព​នៃ​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ ក៏ដូចជា​បុគ្គលិក​ជាប់កិច្ចសន្យា​ទាំងអស់ និង​បាន​ជម្រាប​ជូន​ពី​ការណែនាំ​របស់​ក្រសួង​មុខងារសាធារណៈ ពិសេស​គឺ​ក្រសួង​ទាមទារ​ឲ្យ​មានការ​អនុវត្ត​ម៉ឺងម៉ាត់​លើ​ការគ្រប់គ្រង​មន្ត្រីរាជការ​ និង​បុគ្គលិក​ជាប់កិច្ចសន្យា ជៀសវាង​ការបំពាន​លើ​ផ្លូវ​ច្បាប់​ណាមួយ​ដែល​នាំ​ឲ្យ​មាន​ផល​អាក្រក់​ដល់​ខ្លួន ហើយ​ត្រូវ​ខិតខំ​បំពេញភារកិច្ច​តាម​តួនាទី​ដោយ​គោរព​ម៉ោង​ពេ​ល​ធ្វើការ​រដ្ឋ​ឲ្យ​បាន​ល្អ ដោយ​តម្រូវ​ឲ្យ​មាន​បញ្ជី​សម្រង់​វត្តមាន​តាម​កន្លែង​នីមួយៗ ដូច​ការណែនាំ​ធ្លាប់​បាន​ជម្រាប​ជូន​ជា​ហូរហែ​កន្លង​មក​ហើយ ព្រមទាំង​បាន​ចែក​ជូន​នៅ​អនុក្រឹត្យ​ថ្មី​ស្ដីពី​ការគ្រប់គ្រង​នេះ​ផង​ដែរ​។

លោក​ថា ​«​អ្នក​ប្រព្រឹត្ត​ខុសច្បាប់ ត្រូវតែ​ទទួលទោស​តាមច្បាប់​ ដែល​មាន​ជា​ធរមាន ​ហើយ​បាន​ផ្តាំផ្ញើ​ឲ្យ​យក​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ថ្ងៃនេះ ទៅ​ពន្យល់​ និង​ផ្សព្វផ្សាយ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ជា​បន្ត​ទៀត​»​៕​