ប្រធានាធិបតី​ត្រៀម​កាន់តំណែង​ហ្វីលីពីន Duterte សន្យា​អនុវត្ត​«​ទោស​ប្រហារជីវិត​»​ឡើងវិញ​ និពន្ធដោយ : ទេព អ៊ីវិសាល       16-05-2016, 3:53 pm         84

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ប្រធានាធិបតី​ត្រៀម​កាន់តំណែង​ហ្វីលីពីន Duterte សន្យា​អនុវត្ត​«​ទោស​ប្រហារជីវិត​»​ឡើងវិញ​​ប្រធានាធិបតី​ហ្វីលីពីន​ត្រៀម​កាន់តំណែង លោក Rodrigo Duterte បាន​សន្យា​ជាថ្មី ថា​លោក នឹង​នាំ​មកវិញ​នូវ​ច្បាប់​កាត់ទោស​ប្រហារជីវិត​ចំពោះ​ជនល្មើស និង​បម្រាម​តឹងរឹង​មួយចំនួន​ដើម្បី​អនុវត្ត​ក្នុងប្រទេស ហ្វីលីពីន ដើម្បី​ធានា​ឲ្យ​បាន​សុវត្ថិភាព ដូច​ទៅនឹង​អ្វីដែល​លោក​បាន​ដឹកនាំ​ក្នុង​ក្រុង​ដា​វ៉ា​វ​រយៈពេល​២២ ឆ្នាំ​កន្លង​ទៅនោះ​។​

​លោក រ៉ូ​ឌ្រី​ហ្គូ ដឺ​ទើ​តេ (Rodrigo Duterte) នៅ​ថ្ងៃទី​១៥ ខែឧសភា ម្សិលមិញ បាន​អះអាងថា​លោក នឹង​បង្ហាញ​ជាថ្មី​នូវ​ការកាត់ទោស​ប្រហារជីវិត និង​ផ្តល់​សិទ្ធិអំណាច​ទៅ​ឲ្យ​កម្លាំង​សន្តិសុខ​ដើម្បី​បាញ់សម្លាប់​ជនល្មើស​តែម្តង​។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​នា​សន្និសីទ​សារព័ត៌មាន​ជា​លើកដំបូង​ក្នុង​ក្រុង​ដា​វ៉ា​វ បន្ទាប់ពី​ជ័យជម្នះ​នៃ​ការបោះឆ្នោត​សកល​ថ្ងៃទី​០៩​ខែឧសភា​កន្លងទៅ​។

​នាឱកាស​នោះ លោក ដឺ​ទើ​តេ បាន​ថ្លែងថា «​អ្វីដែល​ខ្ញុំ​នឹងធ្វើ គឺ​ទទូច​ឲ្យ​សភា​ផ្តល់​សុពលភាព​ឡើងវិញ​នូវ​ការ​កាត់​ប្រហារជីវិត​ដោយ​ការព្យួរ​ករ​»​។ នេះ​បើ​យោងតាម​សារព័ត៌មាន the Guardian ដែល​បាន ដកស្រង់​សម្តី​លោក ដឺ​ទើ​តេ ដែរ​ថា លោក ក៏​ផ្តល់​អំណាច​និង​បទបញ្ជា​ទៅដល់​កម្លាំង​សន្តិសុខ​ក្នុងការ ប្រើប្រាស់​«​សិទ្ធិ​បាញ់សម្លាប់​» ប្រឆាំង​ទៅនឹង​ជនល្មើស​ដែល​ប្រព្រឹត្ត​បទល្មើស​ត្រៀម​ទុក​មុន ឬ​ជន​ទាំង ឡាយ​ណា​ដែល​ប្រើ​ហិង្សា​តប​ទៅនឹង​ការចាប់ខ្លួន​។

​លោក សង្កត់ធ្ងន់ថា «​ប្រសិនបើ​អ្នក តដៃ បង្ហាញ​ពី​ការតបត​ដោយ​ហិង្សា បញ្ជា​របស់ខ្ញុំ​សម្រាប់​បូលិស គឺ​បាញ់សម្លាប់​។ បាញ់សម្លាប់​គ្រប់​បទល្មើស​ដែលមាន​ការរៀបចំ​ទុក​មុន​»​។ ច្បាប់​កាត់ទោស​ប្រហារ ជីវិត​ត្រូវបាន​លុបចោល​តាំងពី​ឆ្នាំ​២០០៦ ក្នុងពេលដែល​លោកស្រី Gloria Arroyo កាន់តំណែង​ជា​ប្រធានាធិបតី​។ តែ​សម្រាប់​លោក ដឺ​ទើ​តេ ចង់​ប្រើ​ច្បាប់​នេះ​ដើម្បី​បង្ក្រាប​ទៅលើ​បទល្មើស​ធ្ងន់ធ្ងរ ដូចជា គ្រឿងញៀន រំលោភ ឃាតកម្ម និង​លួច​ជាដើម​។ 

​បន្ថែម​លើ​យន្តការ​នេះ លោក ដឺ​ទើ​តេ ដែល​ត្រៀម​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​៣០​ខែមិថុនា​ខាងមុខ ក៏បាន​សន្យា​ក្នុង​ការដាក់​បម្រាម​នៅ​ម៉ោង​២​យប់​លើ​ការផឹក​ស្រា​នៅតាម​កន្លែង​សាធារណៈ និង​ហាម​ក្មេង​មិន​ឲ្យ​ដើរ​នៅតាម​ដងផ្លូវ​តែម្នាក់ឯង​នៅពេល​យប់​ជ្រៅ​ផងដែរ​។ លោក ថា «​ប្រសិនបើ​ក្មេង ត្រូវបាន​រកឃើញ​នៅតាម​ដងផ្លូវ ឳ​ពុក​ម្តាយ​របស់គេ នឹងត្រូវ​ចាប់ខ្លួន និង​បញ្ជូនទៅ​ពន្ធនាគារ​ពីបទ​បោះបង់​កូន​ចោល​»​។

​សូម​រម្លឹក​ផងដែរ​ថា នៅក្នុង​អំឡុងពេល​នៃ​ការឃោសនាបោះឆ្នោត លោក ដឺ​ទើ​តេ ក៏​ធ្លាប់បាន​សន្យា ចំពោះ​អ្នកគាំទ្រ​លោក​ហើយ​ថា​នៅពេលដែល​លោក​កាន់តំណែង​លោក នឹង​សម្លាប់​ជនល្មើស​ប្រមាណ ១​ម៉ឺន​នាក់ ហើយ​យក​សាកសព​ទាំងនោះ​ទៅ​ឲ្យ​ត្រី​ស៊ី​ផងដែរ​។ យុទ្ធសាស្ត្រ​នេះ ក៏ត្រូវ​បាន​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ព្រមាន​ដែលថា ហ្វីលីពីន នឹងមាន​មេដឹកនាំ​ផ្តា​ត់​ការឡើង​វិញ ហើយ ប្រទេស​ក៏​ប្រឈម​នឹង​ភាពភ័យខ្លាច​ផងដែរ​៕