ស្ថានការណ៍​កម្ពុជា ​នាំ​ឲ្យ​មាន​ការ​ចេញ​សេចក្ដី​សម្រេច​ពី​សភា​អាមេរិក

ភ្នំពេញៈ ខណៈវាជាអ្វីដែលមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលមួយកាលពីម្សិលមិញបានពិពណ៌នាថាជា «ការបង្ក្រាបខ្លាំងឡើង» នៅកម្ពុជាសេចក្តីសម្រេចមួយត្រូវបានចេញដោយសភាតំណាងរាស្រ្តអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ដោយអំពាវនាវឲ្យរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបញ្ឈប់ការ «យាយី» និងការធ្វើទុក្ខបុកម្នេញ «ហេតុផលនយោបាយ» ទៅលើតំណាងរាស្រ្តគណបក្សប្រឆាំង។

ការអំពាវនាវក្នុងសេចក្តីសម្រេចដែលសុំឲ្យ «រដ្ឋាភិបាលកម្ពុជាគោរពសេរីភាពសារព័ត៌មាន និងសិទ្ធិពលរដ្ឋក្នុងការប្រមូលផ្តុំតវ៉ា និងនិយាយប្រឆាំងរដ្ឋាភិបាលដោយសេរី» នេះបានធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួនសកម្មជននៅក្នុងការតវ៉ា «ថ្ងៃចន្ទពណ៌ខ្មៅ» កាលពីសប្តាហ៍មុន និងការប្រកាសដោយក្រសួងព័ត៌មានថាប្រព័ន្ធផ្សព្វផ្សាយអាចប្រឈមនឹងការដកអាជ្ញាប័ណ្ណប្រសិនបើពួកគេមិនប្រើពាក្យ «សម្តេច» ចំពោះឈ្មោះអ្នកនយោបាយជាន់ខ្ពស់។

លោកស្រី Naly Pilorge នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សលីកាដូបានថ្លែងកាលពីម្សិលមិញថា៖ «វាគឺជាពេលវេលាដែលសហគមន៍អន្តរជាតិបានចាប់ផ្តើមយកចិត្តទុកដាក់ចំពោះការវាយប្រហារកាន់តែខ្លាំងឡើងទាំងនេះ» ។ «យើងពិតជាបានឃើញការធ្លាក់ចុះយ៉ាងខ្លាំងនាពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះអំពីការមិនចេះអត់ឱន និងការប្រើប្រាស់តុលាការដើម្បីចាប់ខ្លួនរួចចោទប្រកាន់ និងដាក់ពន្ធនាគារក្រុមផ្សេងៗដែលប្រមូលផ្តុំដោយសន្តិវិធី និងសម្ដែងមតិដោយសន្តិវិធី»។

ស្ថានការណ៍​កម្ពុជា ​នាំ​ឲ្យ​មាន​ការ​ចេញ​សេចក្ដី​សម្រេច​ពី​សភា​អាមេរិកសមត្ថកិច្ចចាប់លែងសកម្មជនដាក់ឡាន ក្នុងការតវ៉ា ស្លៀកពាក់ខ្មៅកាលពីសប្តាហ៍មុន

ទោះយ៉ាងណាក្តីលោកស្រី Pilorge បានបដិសេធមិនទស្សន៍ទាយថាតើរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ចំពោះសេចក្តីសម្រេចនេះឬអត់នោះទេ?

លោកស្រីបានថ្លែងថា៖ «សូមមើលប្រសិនបើពួកគេចង់ឲ្យគេបន្តចាត់ទុកថាមានប្រជាធិបតេយ្យ និងមានភាពស្របច្បាប់មួយចំនួននៅក្នុងការបោះឆ្នោតចំនួនពីរខាងមុខ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានច្រានចោលសេចក្តីសម្រេចនេះដោយថ្លែងថារដ្ឋធម្មនុញ្ញកម្ពុជាគឺត្រូវបានគោរពដោយរដ្ឋាភិបាលគ្រប់ពេលវេលាហើយថាការចោទប្រកាន់ណាក៏ដោយទៅលើតំណាងរាស្រ្តគណបក្សប្រឆាំងគឺជាលទ្ធផលនៃសកម្មភាពបុគ្គលរបស់ពួកគេមិនពាក់ព័ន្ធនឹងនយោបាយទេ។

សេចក្តីសម្រេចនេះនាពេលបច្ចុប្បន្នស្ថិតនៅចំពោះមុខគណៈកម្មាធិការរដ្ឋសភាស្តីពីកិច្ចការបរទេស៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍