គណបក្ស​មួយ​ស្នើ​នាយក​រដ្ឋមន្ត្រី​ ប្រកាស​​ថ្ងៃ​​បោះឆ្នោត​​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់

ភ្នំពេញៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើដល់ប្រមុខរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ប្រកាសកាលបរិច្ឆេទ និងបង្ហាញប្រតិទិនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីជួយសម្រួលដល់គ្រប់តួអង្គពាក់ព័ន្ធត្រៀមខ្លួនរៀបចំ និងចូលរួមការបោះឆ្នោត។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃ ១២ កញ្ញា គណបក្សនេះបានលើកឡើងថាពេលវេលានៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតជិតមកដល់ និងយោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ (ថ្មី) បានតម្រូវឲ្យនាយករដ្ឋមន្ត្រីត្រូវប្រកាសពីកាលបរិច្ឆេទនៃការបោះឆ្នោតឲ្យបានមុនថ្ងៃបោះឆ្នោតយ៉ាងតិច ៩ ខែ។ គណបក្សដែលទើបបង្កើតថ្មីនេះបានស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង គជប ប្រកាសពីកាលបរិច្ឆេទ និងបង្ហាញប្រតិទិននៃការបោះឆ្នោតនេះឲ្យបានមុនរយៈពេលកំណត់រឹតតែប្រសើរ។

គណបក្ស​មួយ​ស្នើ​នាយក​រដ្ឋមន្ត្រី​ ប្រកាស​​ថ្ងៃ​​បោះឆ្នោត​​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់

សេចក្តីថ្លែងការណ៍បន្តថា៖ «ការប្រកាសកាលបរិច្ឆេទរបស់ប្រមុខរាជរដ្ឋាភិបាល និងការបង្ហាញប្រតិទិននៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់ គជប អាចជួយសម្រួលដល់គ្រប់តួអង្គពាក់ព័ន្ធ ដូចជាអង្គការសង្គមស៊ីវិល និងម្ចាស់ជំនួយដែលត្រៀមខ្លួនជួយក្នុងការបោះឆ្នោតជាដើមត្រៀមខ្លួនគាំទ្រក្នុងកិច្ចការបោះឆ្នោតអាចរៀបចំផែនការចូលរួមជួយដល់ដំណើរការរៀបចំការបោះឆ្នោតបានទាន់ពេលវេលាហើយជាពិសេសដើម្បីឲ្យអ្នកបោះឆ្នោតដែលមានអាយុគ្រប់ ១៨ ឆ្នាំត្រៀមលក្ខណៈបានល្អក្នុងការទៅចុះឈ្មោះបោះឆ្នោត»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងថារាជរដ្ឋាភិបាលនឹងប្រកាសកាលបរិច្ឆេទការបោះឆ្នោតនេះតាមច្បាប់កំណត់ហើយអ្នកពាក់ព័ន្ធក៏អាចត្រៀមខ្លួនបានដែរព្រោះពួកគាត់បានដឹងហើយថាការបោះឆ្នោតអាចនឹងប្រព្រឹត្តទៅក្នុងអំឡុងខែមិថុនា ឆ្នាំ ២០១៧។ លោកថា៖ «បើរាជរដ្ឋាភិបាលមិនទាន់ប្រកាសជាផ្លូវការក៏គាត់ដឹងដែរព្រោះច្បាប់បោះឆ្នោតមានកុំឲ្យគាត់ភ័យពេក»។

អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា មិនអាចសុំការអត្ថាធិប្បាយបានទេ។

នាយកប្រតិបត្តិអង្គការខុមហ្វ្រែលលោក គល់ បញ្ញា បានគាំទ្រចំពោះការស្នើនេះដើម្បីបង្កការងាយស្រួលដល់យុវជនដែលដល់អាយុ ១៨ ឆ្នាំនៅថ្ងៃបោះឆ្នោតអាចត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោតបាន និងស្របពេលកម្ពុជាត្រូវធ្វើការចុះឈ្មោះបោះឆ្នោតជាទ្រង់ទ្រាយធំនៅឆ្នាំ ២០១៦ នេះ។ លោកថា៖ «ការដែលនាយករដ្ឋមន្ត្រីប្រកាសពីកាលបរិច្ឆេទការបោះឆ្នោតនេះជារឿងសំខាន់»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍