ក្រុម​ក្មេង​ទំនើង​ចំនួន​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន

ក្រុម​ក្មេង​ទំនើង​ចំនួន​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន



កំពត ​៖ ​លោក​ឧត្ដមសេនីយ៍ត្រី​ ម៉ៅ ច័​ន្ធ​មធុ​រិ​ទ្ធ ​ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​របស់​ស្នងការ​ខេត្ត​ ​ឲ្យ​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដែល​ធ្វើ​សកម្មភាព​ប្រើ​ដោយ​ដាវ​សាមូរ៉ៃ ដេញ​កាប់​គ្នា​តាម​បណ្ដោយ​មាត់​ព្រែក​កំពត ស្ថិត​ក្នុង​ភូមិ​១​ ខែ​ឧសភា សង្កាត់​កំពង់​កណ្ដាល​ ក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែ​ឧសភា ​ឆ្នាំ​២០១៦។

លោក​វរសេនីយ៍ត្រី លក ញ៉ា​វ ​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការដ្ឋាន​ខេត្ត​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​៤​នាក់ ដែល​ជា​មុខសញ្ញា​បង្ក​អសន្តិសុខ​នៅ​ក្នុង​ក្រុង​កំពត និង​នៅ​ជាយក្រុង ​​​ដកហូត​ដាវ​សាមូរ៉ៃ​ចំនួន​២​ដើម ​ទី​១-​ឈ្មោះ​ម៉ា ធៀន​ណាំ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ក្រាំង ​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ២-​ឈ្មោះ​ហ៊ឹម ភា​រៈ​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់បាយ​ខាងជើង​ សង្កាត់​កំពង់បាយ ក្រុង​កំពត ៣-​ឈ្មោះ​រ៉ា​ត សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត និង​៤-​ឈ្មោះ​សៀន សានិ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​តុម្ព ឃុំ​ព្រៃ​ឃ្មុំ​ ស្រុក​ទឹកឈូ។

លោក​បន្ត​ថា ក្រុម​ក្មេង​ទំនើង​ទាំង​៤​នាក់​នេះ​ រួម​ទាំង​បក្សពួក​ខ្លួន​មួយ​ចំនួន​ទៀត ដែល​រត់​គេច​ខ្លួន​ សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ ដោយសារតែ​ក្រុម​ក្មេង​ទំនើង​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​ប្រើ​ហិង្សា​ទៅលើ​ជនរងគ្រោះ​ម្នាក់ កាលពី​ថ្ងៃ​ទី​៧ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ កន្លងទៅ ដោយ​វាយ​បំផ្លិចបំផ្លាញ​ម៉ូតូ​ជនរងគ្រោះ​អស់​មួយ​គ្រឿង ស្ថិតនៅ​ក្នុង​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត​ផង​ដែរ។

បច្ចុប្បន្ន​ ក្រុម​ជនសង្ស័យ​ជា​ក្មេង​ទំនើង​ទាំង​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ព្រឹក​ថ្ងៃ​ទី​១៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ៕