មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​ បើក​សន្និបាត​ការងារ​កម្ចាត់​រោគ​របេង​ទូទាំង​ប្រទេស​ លើក​ទី​២១

មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​ បើក​សន្និបាត​ការងារ​កម្ចាត់​រោគ​របេង​ទូទាំង​ប្រទេស​ លើក​ទី​២១



ភ្នំពេញ​ ៖ ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង ​និង​ហង់សិន ​បាន​បើក​សន្និបាត​ការងារ​កម្ចាត់​រោគ​របេង​នៅ​ទូទាំង​ប្រទេស​លើក​ទី​២១​ នៅ​មហោស្រព​ចេនឡា ​ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុន​ហេង ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល។

លោក​វេជ្ជបណ្ឌិត​ ម៉ៅ​ តាន់​អ៊ាង ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​ និង​ហង់​សិន​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​សន្និបាត​ កាលពី​ថ្ងៃ​១៦​ឧសភា​ថា ​នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លងមកនេះ​ដោយមាន​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​គ្រប់​មូលដ្ឋាន​បាន​ធ្វើ​ឲ្យ​កម្មវិធី​ជាតិ​កម្ចាត់​រោគ​របេង​បាន​ទទួល​សមិទ្ធផល​ថ្មីៗ​ថែមទៀត ​ពោល​គឺ​កម្មវិធី​ជាតិ​នៅតែ​រក្សា​បាន​អត្រា​ជាសះស្បើយ​លើស​ពី​៨៥​ភាគរយ​ និង​ស្រាវជ្រាវ​ជំងឺរបេង​បាន​៣៥.៦៣៨​ករណី។

លោក​បាន​បន្ត​ថា ​អត្រា​គ្របដណ្ដប់​ការ​ព្យាបាល​ជំងឺរបេង ​ដោយ​យុទ្ធសាស្ត្រ​ដូ​ត​ស៍​នៅតែ​រក្សា​បាន​១០០​ភាគរយ​ គ្រប់​មណ្ឌល​សុខភាព​។ លើស​ពី​នេះ​ទៀត ​បច្ចុប្បន្ន​យើង​មាន​សេវា​ពិនិត្យ​ និង​ព្យាបាល​របេង​សរុប​១.៣៧២​កន្លែង​។ ​

មណ្ឌល​សុខភាព​ចំនួន​៨៦១​មាន​សេវា​ដូ​ត​ស៍​សហគមន៍​។​ ក្រៅពី​ដូ​ត​ស៍​ ជា​មូលដ្ឋាន​យើង​មាន​សេវា​ពិសេស​បន្ថែម​ដូចជា ​កម្មវិធី​កម្ចាត់​រោគ​របេង ​បាន​ពង្រីក​ការងារ​សហការ​របេង អេដស៍​ទៅដល់​គ្រប់​ស្រុក​ប្រតិបត្តិ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​តាំងពី​ចុង​ឆ្នាំ​២០១០ ​ហើយ​នៅតែ​បន្ត​បាន​និរន្តរភាព​ការងារ​នេះ​រហូតដល់​បច្ចុប្បន្ន។​

លោក​វេជ្ជបណ្ឌិត​ ម៉ៅ​ តាន់​អ៊ាង ​បាន​បន្ថែម​ថា ​អ្នកជំងឺ​របេង​ដែល​បានធ្វើ​តេស្ត​រក​មេរោគ​អេដស៍​បាន​កើន​ឡើងជា​បន្ត​បន្ទាប់ពី​៥៤​ភាគរយ​ នៅ​ឆ្នាំ​២០០៨​ ទៅដល់​៨៣​ភាគរយ ​នៅ​ឆ្នាំ​២០១៥​។​ អ្នក​ផ្ទុកមេរោគ​អេដស៍​ទើប​ចុះឈ្មោះ​ថ្មី​បានទទួល​ការពិនិត្យ​សុខភាព​រក​មេរោគ​របេង​ មាន​២៩៨៤​នាក់។

លោក​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង ​បាន​មានប្រសាសន៍​ណែនាំ​ថា​ «​ខ្ញុំ​ សូម​ឲ្យ​អស់លោក​ លោក​ស្រី ​មេត្តា​ខិតខំ​យកចិត្តទុកដាក់​ស្តាប់​ និង​វិភាគ​ទាំង​ចំណុចខ្លាំង ​និង​ចំណុចខ្សោយ​នូវ​របាយការណ៍​បូកសរុប​ការងារ​កម្ចាត់​រោគ​របេង​ ឆ្នាំ​២០១៥​របស់​កម្មវិធី​ជាតិ​។ ​

លើសពីនេះ​ទៀត ​សូម​តាមដាន​ស្តាប់​រាល់​មតិ​ និង​បទពិសោធន៍​ក្នុង​ការ​គ្រប់គ្រង​ និង​ការអនុវត្ត​ផ្ទ​ល់​ពី​សំណាក់​អស់លោក​ លោកស្រី​មន្ត្រី​សុខាភិបាល ​ក៏ដូចជា​តំណាង​ភាគី​នានា​ ដែល​បាន​និង​កំពុង​សហការ​ជួយឧបត្ថម្ភ​ដល់​កម្មវិធី​ជាតិ​ ព្រមទាំង​ចូលរួម​លើកឡើង​នូវ​បទពិសោធន៍​ការងារ​ជាក់ស្ដែង​របស់​ខ្លួន ​ដើម្បី​ផ្លាស់ប្ដូរ​យោបល់​និង​បទពិសោធន៍​ការងារ​រវាង​គ្នា ​និង​គ្នា​ទៅវិញទៅមក​ ដើម្បី​ត្រឡប់​ទៅកាន់​មូលដ្ឋាន​រៀងៗ​ខ្លួន​វិញ​នាំគ្នា​បំពេញ​ការ​ខ្វះខាត​ដែល​នៅ​សេសសល់ ​និង​បន្ត​ជំរុញ​ការងារ​ថ្មី​ឆ្នាំ​ខាងមុខ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ​និង​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ថែមទៀត​»៕