ថៃ​បញ្ជូន​សព​កម្មករ​សំណង់​ម្នាក់​ ដែល​ស្លាប់​ដោយសារ​ឆក់​ខ្សែ​ភ្លើង​ មក​ស្រុក​ខ្មែរ​វិញ

ថៃ​បញ្ជូន​សព​កម្មករ​សំណង់​ម្នាក់​ ដែល​ស្លាប់​ដោយសារ​ឆក់​ខ្សែ​ភ្លើង​ មក​ស្រុក​ខ្មែរ​វិញ



ប៉ោយប៉ែត​ ៖​ពលករ​ខ្មែរ​ម្នាក់​ ដែល​ជួប​ឧប្បត្តិហេតុ​ឆក់​ចរន្តអគ្គិសនី​ស្លាប់​​នោះ ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​សាកសព​ត្រឡប់​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​កាលពី​វេលា​ម៉ោងជាង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ ​ខែ​ឧសភា ​ឆ្នាំ​២០១៦។

ជនរងគ្រោះ​ឈ្មោះ​នួន​ ចាន់​រ៉ា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជា​កម្មករ​សំណង់​ និង​មាន​ទីលំនៅ​ភូមិ​-​ឃុំ​សំបួរ​ ស្រុក​មង្គល​បូរី ​ខេត្ត​បន្ទាយមានជ័យ។

តាម​សាច់ញាតិ​សព​ បាន​ប្រាប់​មន្ត្រី​ និង​សមត្ថកិច្ច​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ថា​ជនរងគ្រោះ​ បាន​ជួប​ឧប្បត្តិហេតុ​ខាង​លើ​កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១២ ខែ​​ឧសភា​ ឆ្នាំ២០១៦។ ពេល​នោះ ដោយ​គិត​ថា​​​​ មិនទាន់​ស្លាប់​ ក៏​នាំគ្នា​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ តែ​​​ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា​ជនរងគ្រោះ​បាន​ស្លាប់​ទៅ​ហើយ។

សាច់ញាតិ​សព​បន្ត​ថា ​ករណី​ឆក់​ចរន្ត​នេះ​​កើត​ឡើង ​ខណៈ​ជនរងគ្រោះ​យក​ម៉ូ​ទ័​រ​ស្វាន​បំបែក​ថ្ម ​តែ​សង្ស័យ​ចំណុច​កុងតាក់​នោះ​មាន​ដាច់​ខ្សែ​ចរន្ត​ណាមួយ ​ទើប​បង្ក​ឲ្យ​ឆក់​ជនរងគ្រោះ​តែ​ម្ដង។ សព​ក្រោយពី​ភាគី​ថៃ​បញ្ជូន​មកដល់​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ សាច់ញាតិ​បាន​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុកកំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕
ថៃ​បញ្ជូន​សព​កម្មករ​សំណង់​ម្នាក់​ ដែល​ស្លាប់​ដោយសារ​ឆក់​ខ្សែ​ភ្លើង​ មក​ស្រុក​ខ្មែរ​វិញ