កម្ពុជា​ សម្រេច​បាន​ជោគជ័យ​ជា​ស្ថាពរ​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស ​ពី​ការកាត់បន្ថយ​អត្រា​ប្រេវ៉ាឡង់​អាំង​ស៊ី​ដង់​ ​

កម្ពុជា​ សម្រេច​បាន​ជោគជ័យ​ជា​ស្ថាពរ​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស ​ពី​ការកាត់បន្ថយ​អត្រា​ប្រេវ៉ាឡង់​អាំង​ស៊ី​ដង់​ ​



ភ្នំពេញ ​៖ ​លោក​វេជ្ជបណ្ឌិត​ ម៉ម ​ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​សម្រេច​បាន​ដោយ​ជោគជ័យ​ជា​ស្ថាពរ​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ ស្ដីពី​ការកាត់បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​អាំង​ស៊ី​ដង់​ និង​ស្លាប់​ដោយសារ​ជំងឺរបេង។

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បែបនេះ​ កាលពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ នៅ​ក្នុង​ពិធី​បើក​សន្និបាត​ការងារ​កម្ចាត់​រោគ​របេង​នៅ​ទូទាំង​ប្រទេស​លើក​ទី​២១​ នៅ​មហោស្រព​ចេនឡា។​

តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ​២០១៥​បាន​ឲ្យ​ដឹង​ថា​ មានតែ​ប្រទេស​ចំនួន​៩​ ក្នុងចំណោម​ប្រទេស​២២​ដែល​មាន​ជំងឺរបេង​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ ដែល​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ទាំង​៣​ ពាក់ព័ន្ធ​នឹង​ជំងឺរបេង។

លោក​វេជ្ជបណ្ឌិត​ ម៉ម ​ប៊ុនហេង​ បាន​មានប្រសាសន៍​បន្ត​ថា​ អត្រា​ប្រេ​វ៉ាឡង់​ជំងឺ​បេង​គ្រប់​សណ្ឋាន​បាន​ធ្លាក់​ចុះ​ក្នុង​កម្រិត​ប្រមាណ​៦​ភាគរយ ​ក្នុង​១​ឆ្នាំៗ​។ ​រីឯ​អត្រា​អាំង​ស៊ី​ដង់ ​ធ្លាក់​ចុះ​ជា​មធ្យម​៣,៥​ភាគរយ ​និង​អត្រា​ស្លាប់​ បាន​ថយ​ចុះ​ប្រមាណ​៥​ភាគរយ ​ក្នុង​១​ឆ្នាំៗ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​«​ឆ្នាំ​២០១៥ ​ជា​របត់​ពេល​មួយ​ដ៏​សំខាន់ ​នៃ​ផែនការ​អភិវឌ្ឍន៍​សកលលោក​ ក៏ដូចជា​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺរបេង​។​ វា​ជា​ឆ្នាំ​ដែល​គូស​ចំណាំ​នូវ​ឱសានវាទ ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ និង​ជាន់​ឆ្នាំ​អន្តរកាល​ពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​(២០១៦​ដល់​២០៣០)​ ព្រមទាំង​អន្តរកាល​ពូ​យុទ្ធសាស្ត្រ​បញ្ឈប់​ជំងឺ​ទៅជា​យុទ្ធសាស្ត្រ​បញ្ចប់​ជំងឺ​ដែល​គោលដៅ​ និង​យុទ្ធសាស្ត្រ​ថ្មី​នេះ​មាន​លក្ខណៈ​មហិច្ឆតា​ជាង​មុន​»។​

លោក​វេជ្ជបណ្ឌិត​ ម៉ៅ​ តាន់​អ៊ាង​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង ​និង​ហង់​សិន ​បាន​មានប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​សន្និបាត​ថា ​នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លងមកនេះ​ ដោយមាន​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​គ្រប់​មូលដ្ឋាន​បាន​ធ្វើ​ឲ្យ​កម្មវិធី​ជាតិ​កម្ចាត់​រោគ​របេង​បាន​ទទួល​សមិទ្ធផល​ថ្មីៗ​ថែមទៀត​ ពោល​គឺ​កម្មវិធី​ជាតិ​នៅតែ​រក្សា​បាន​អត្រា​ជាសះស្បើយ ​លើស​ពី​៨៥​ភាគរយ ​និង​ស្រាវជ្រាវ​ជំងឺរបេង​បាន​៣៥.៦៣៨​ករណី។​

លោក​បាន​បន្ត​ថា ​អត្រា​គ្របដណ្ដប់​ការ​ព្យាបាល​ជំងឺរបេង​ដោយ​យុទ្ធសាស្ត្រ​ដូ​ត​ស៍​ នៅតែ​រក្សា​បាន​១០០​ភាគរយ ​គ្រប់​មណ្ឌល​សុខភាព​។​ លើសពីនេះ​ទៀត​ បច្ចុប្បន្ន​យើង​មាន​សេវា​ពិនិត្យ​ និង​ព្យាបាល​របេង​សរុប​១៣៧២​កន្លែង​។ ​មណ្ឌល​សុខភាព​ចំនួន​៨៦១​មាន​សេវា​ដូ​ត​ស៍​សហគមន៍​។​ក្រៅពី​ដូ​ត​ស៍ ​ជា​មូលដ្ឋាន​យើង​មាន​សេវា​ពិសេស​បន្ថែម​ដូចជា​កម្មវិធី​កម្ចាត់​រោគ​របេង​បាន​ពង្រីក​ការងារ​សហការ​របេង អេដស៍​ ទៅដល់​គ្រប់​ស្រុក​ប្រតិបត្តិ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ តាំងពី​ចុងឆ្នាំ​២០១០​ ហើយ​នៅតែ​បន្តបាន​និរន្តរភាព​ការងារ​នេះ​រហូតដល់​បច្ចុប្បន្ន​។​

លោក​វេជ្ជបណ្ឌិត ​ម៉ៅ​ តាន់​អ៊ាង​ បាន​បន្ថែម​ថា ​អ្នកជំងឺ​របេង​ដែល​បាន​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​បាន​កើន​ឡើងជា​បន្ត​បន្ទាប់ ពី​៥៤​ភាគរយ ​នៅ​ឆ្នាំ​២០០៨​ ទៅដល់​៨៣​ភាគរយ ​នៅ​ឆ្នាំ​២០១៥​។ ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ ទើប​ចុះឈ្មោះ​ថ្មី​ បាន​ទទួល​ការពិនិត្យ​សុខភាព​រក​មេរោគ​របេង​មាន​២.៩៨៤​នាក់៕