លោក​ឃ្លាំង ហួត ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ពីរ​ភូមិ

លោក​ឃ្លាំង ហួត ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ពីរ​ភូមិ



ភ្នំពេញ​ ៖ ​​លោក​ឃ្លាំង ហួត អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ និង​មន្ត្រីរាជការ​​ពាក់ព័ន្ធ​ខណ្ឌ សង្កាត់​ បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​​២​ភូមិ ​​​ស្ដីពី​ការ​​ ផ្សព្វផ្សាយ​ និង​ចុះ​ប្រមូល​ទិន្នន័យ​វាស់វែង​បំពេញ​សលាកបត្រ​ក្បាលដី​​ ​​ដើម្បី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ ក្នុង​ភូមិ​ចាស់ ​និង​ទីតាំង​ដី​ស្ថិត​នៅ​ក្នុង​បរិវេណ​១០០​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវជាតិ​លេច​៦​ និង​ផ្លូវ​ទន្លេសាប​ ដែល​មន្ទីរ​ភូមិបាល​ក្រុង​ប្រគល់​ភារកិច្ច​នេះ​ជូន​ការិយាល័យ​ភូមិបាល​ខណ្ឌ​ជា​អ្នកចាត់ចែង។

ពិធី​នេះ​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃ​ទី ​១៦​ ខែ​ឧសភា ឆ្នាំ​២០១៦​ ហើយ​ការ​​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ​២ ​ភូមិ​នេះ​ គឺ​ភូមិ​ដើម​គរ និង​ភូមិ​ព្រែក​តាសេក ចំនួន​ជិត​១០០​នាក់​ នៅផ្ទះ​លោក​អឿស៊ី​ផុន​ចៅសង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ។

លោក​អឿ ស៊ី​ផុន ចៅសង្កាត់​ព្រែក​តាសេក​បាន​រាយ​ការណ៍​ពី​​ប្រវត្តិ​ដី​សង្ខេប​ៗ​ថា​ ដី​នៅ​តំបន់​នេះ​ខ្លះ​តាំងពី​កំណើត​ដូនតា និង​ខ្លះ​ក៏​មក​នៅក្រោយ​ឆ្នាំ​១៩៧៩ និង​យូរយារ​មក​ហើយ ហើយ​ដី​ដែល​ត្រូវ​ឆ្វៀល​ និង​ធ្វើ​កម្មសិទ្ធិ​នៅ​ពេលនេះ មាន​ផ្ទៃដី​ទំហំ ២៨៤.២០២ ម៉ែត្រការ៉េ ស្មើ​នឹង ៣៧៤ គ្រួសារ។

លោក ឃ្លាំង ហួត បាន​លើកឡើងថា តាម​អនុសាសន៍ ដ៏ ខ្ពង់ខ្ពស់ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​តាម​ការឯកភាព ពី ក្រុមហ៊ុន ocic គឺ​ត្រូវ​ឆ្វៀល​ភូមិ​ចាស់​ចេញ ដោយ​លោក អភិបាលខណ្ឌ បាន​បញ្ជាក់ជូន​បងប្អូន​ប្រជាពលរដ្ឋ ថា​គឺ បញ្ហា​នេះ​ជាការ​កង្វល់ និង​ក្តី​បារម្ភ​ របស់​បងប្អូន​ប្រជាពលរដ្ឋ​ តែ​ពេលនេះ ទី​១​គឺ រាជរដ្ឋាភិបាល​បានសម្រេច​លុបចោល​អនុក្រឹត្យ​ចាស់ ​និង​ចេញ​អនុក្រឹត្យ ​ឆ្វៀល​ភូមិ​ចាស់ ទី​២ ផ្តល់​សេវា​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដូច្នេះ​លក្ខខណ្ឌ​រដ្ឋ​ត្រូវ​ចប់សព្វគ្រប់ ដោយ​នៅសល់តែ បងប្អូន​ប្រជាជន ត្រូវ​ត្រៀម​រៀបចំ​ឯកសារ​​ពាក់ព័ន្ធ​ផ្សេងៗ និង​ដី​ដែល​មាន​ទំនាស់​របង​ ឬ​ព្រំ ​និង​គ្រួសារ ត្រូវ​ដោះស្រាយ​ឲ្យ​ចប់​សិន​ ទើប​គេ​វាស់វែង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន។

លោក​ឃ្លាំង​ហួត​បន្តថា បងប្អូន​ត្រូវ​យោគយល់​ពេល​អាជ្ញាធរ​ធ្វើ​ផ្លូវ ​និង​លូ​ត្រូវ​រំកិល​ខិត​ថយក្រោយ​ម្នាក់​បន្តិចៗ​ដើម្បី​ឲ្យ​ផ្លូវធំ ​និង​ដាក់លូ​កុំ​ឲ្យ​មានការ​លិចលង់។ ជាមួយគ្នា​នោះ​លោក​ក៏បាន​ព្រមាន​ចៅសង្កាត់ ​និង​មេភូមិ​មិន​ត្រូវ​ចេញ​លិខិត​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ ឬ​ការសន្យា​ផ្សេងៗ​ជូន​ជនអន្តោប្រវេសន៍​នោះ​ទេ តែ​​ហ៊ាន​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង គឺ​ទុក​ឲ្យ​ខាង​នាយកដ្ឋាន​អន្តោប្រវេសន៍​ចាត់ការ​តាមច្បាប់។

លោក អភិបាលខណ្ឌ​បន្ត​បន្ថែមទៀតថា យោងតាម​ច្បាប់​ចំណី​ទន្លេ​និង​ដី​សាធារណៈ​របស់​រដ្ឋ​គឺ​មិន​អនុញ្ញាត​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ទេ ហើយ​បងប្អូន​ដែលមាន​កម្មសិទ្ធិ មានទឹក​រដ្ឋ​ភ្លើង​រដ្ឋ ដី​នៅ​ម្តុំ​នេះ​នឹង​ឡើងថ្លៃ​មិន​ខាន​គឺ​ដោយសារ​តែមាន​តំបន់​អភិវឌ្ឍ​នៅក្បែរ​នេះ ចឹ​ង​យើង​មិន​នឹកស្មាន​ដល់​ទេ។

ក្នុង​ពិធី​សំណេះសំណាល​នេះដែរ ប្រជាពលរដ្ឋ​បាន​ត្រេកអរ​ និង​សប្បាយ​​យ៉ាង​ខ្លាំង​ចំពោះ​រាជ​រដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​ ដែល​ចេញ​អនុក្រឹត្យ​​​ឆ្វៀល​ភូមិ​ចាស់​រួច​ធ្វើ​​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​កាន់កាប់​អចលនវត្ថុ ជូន​ពួកគាត់៕
លោក​ឃ្លាំង ហួត ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ពីរ​ភូមិ