លួច​រថយន្ត​​បាន​ហើយ​ តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ ស្រែក​ឆោឡោ​

លួច​រថយន្ត​​បាន​ហើយ​ តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ ស្រែក​ឆោឡោ​



ភ្នំពេញ​ ៖​ ជនសង្ស័យ​៣​នាក់​ បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​មួយ​គ្រឿង​បើក​ចេញ ​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់​ ស្រែក​ឆោឡោ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​​ដេញប្រផាប់ចាប់ប្រភីង ពី​ខណ្ឌ​ទួលគោក​ មក​ផ្លុង​ចោល​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ​ខណ្ឌ​ឫស្សីកែវ។​

ហេតុការណ៍​នេះ​បាន​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​យប់ ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ផ្ទះ​លេខ​២៤D​ ផ្លូវ​លេខ​១៣៨ ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២​ ខណ្ឌ​ទួល​គោក ​តាម​ចាប់​រថយន្ត​បាន​នៅ​ចំណុច​មុខ​ផ្ទះ (​ឆាយ​ហេង) ​ផ្លូវ​លេខ​៥៩៨​ ក្រុម​ទី​៤​ ភូមិ​៤​ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សី​កែវ។
ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់​រថយន្ត​មានឈ្មោះ ហៃ ផ​លីន ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ មុខ​របរ​ទទួល​ធ្វើ​ដេគ័រ​ មាន​ទីលំនៅ​ផ្ទះ​លេខ​២៤D ​ផ្លូវ​លេខ​១៣៨​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ​ខណ្ឌ​ទួលគោក​រថយន្ត​ដែល​ក្រុម​ចោរលួច​មិនបាន​សម្រេច​នោះ​ម៉ាក​ទី​តាន់​ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2P2824​។ ​ចំណែក​ក្រុម​ចោរ​មាន​គ្នា​៣​នាក់ ​ជិះ​ម៉ូតូ​១​គ្រឿង ​មិន​ចាំ​ម៉ាក។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅមុន​កើតហេតុ ​រូបគាត់​បាន​រៀបចំ​ឥវ៉ាន់​ដាក់​នៅ​លើ​រថយន្ត​ ដោយ​ត្រៀម​ព្រឹកស្អែក​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​ម៉ូយ​នៅ​ឯ​ខេត្ត​តាកែវ ​ដោយ​ទុក​រថយន្ត​មុខ​ផ្ទះ​ ខណៈ​ពេល​រូប​គាត់​កំពុង​សម្រាក​លង់លក់​នោះ ​ស្រាប់តែ​ឮសូរ​សំឡេង​បញ្ឆេះ​រថយន្ត ធ្វើ​ឲ្យ​រូបគាត់​ភ្ញាក់​ដឹងខ្លួន​ រត់​បើកទ្វារ​ចេញ​ក្រៅ​ផ្ទះ​ ស្រាប់តែ​ឃើញ​មាន​ជនសង្ស័យ​ម្នាក់​បើក​រថយន្ត​ចេញ​ និង​២​នាក់​ទៀត​ជិះ​ម៉ូតូ​១​គ្រឿង​ មិន​ចាំ​ម៉ាក ​ជិះ​បិទគូទ​តាម​ក្រោយ។

ប្រភព​បន្ត​ថា ក្រោយមក​ឃើញបែបនេះ​ ​ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ និង​មាន​រថយន្ត​សាមុយ​១​គ្រឿង​របស់​គ្លីនិក ​គឹម​សុង​ ជួយ​ដេញ​តាម​ និង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ដេញ​តាម​ពីក្រោយ​ទៅដល់​ចំណុច​ខាងលើ ​ដោយ​ក្រុម​ចោរ​ឃើញ​ស្ថានភាព​រត់​មិន​រួច​ក៏​បើក​រថយន្ត​អែប​ខាង​ដាក់​នៅ​ខាងស្តាំ​ដៃ​ បើកទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល។

បើ​ទោះ​បី​យ៉ាង​ណា ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ឲ្យ​ម្ចាស់​រថយន្ត​យក​ឯកសារ​ដែល​ពាក់ព័ន្ធ​រថយន្ត​មក​ផ្ទៀងផ្ទាត់​ថា ​ពិតជា​រថយន្ត​របស់​គាត់​មែន​ រួច​ក៏​ប្រគល់ឲ្យ​ម្ចាស់​យក​វិញ៕