មូលហេតុ​នៅ​ពីក្រោយ​ការ​ពន្យារពេល​ប្រកួត​រវាង Man Utd និង Bournemouth

ការ​ប្រកួត​លើក​ចុង​ក្រោយ​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​រដូវ​កាល​នេះ​រវាង​ក្លិប​Man Utd និង​Bournemouth ត្រូវ​បាន​ពន្យារពេល ដោយសារ​តែ​គេ​សង្ស័យ​ថា​មាន​គ្រាប់បែក​បង្កប់​នៅ​ទីលាន​ពហុ​កីឡដ្ឋាន Old Trafford ពោល​គឺ​មាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ព្រមទាំង​ខ្សែលួស​ដែល​ត​ភ្ជាប់​ទៅ​នឹង​បំពង់​ឧស្ម័ន​មួយ ដែល​គេ​សង្ស័យ​ថា ជា​គ្រាប់បែក​កែ​ច្នៃ ត្រូវ​បាន​សន្តិសុខ​ពហុ​កីឡដ្ឋាន Old Trafford ប្រទះ​ឃើញ​នៅ​ភាគ​ពាយ័ព្យ​នៃ​ពហុ​កីឡដ្ឋាន មុន​ពេល​ចាប់ផ្តើម​ការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ ។

ភ្នាក់ងារ​ប៉ូលិស Greater Manchester បាន​និយាយ​ថា ឧបករណ៍​ដែល​គេ​សង្ស័យ​ថា​គ្រាប់បែក​នេះ គឺជា​ឧបករណ៍​បំផ្ទុះ​សាកល្បង​របស់​ក្រុមហ៊ុន​ឯកជន​មួយ បាន​បន្សល់​ទុក​ក្រោយ​ពី​ការ​ធ្វើតេស្ត​តែ​ប៉ុណ្ណោះ ។ ដោយឡែក​ប៉ូលិស មិន​ទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ក្រុមហ៊ុន​នោះ​នៅឡើយ​ទេ ។

ជំនួយការ​ប៉ូលិស​លោក John O’Hare បាន​ថ្លែង​ថា ទោះបីជា​ឧបករណ៍​នេះ​មិន​អាច​ផ្ទុះ​ក៏​ដោយ ប៉ុន្តែ​វា​ជា​ឧបករណ៍​កែ​ច្នៃ​មួយ​ពិតប្រាកដ ដែល​អាច​បំផ្ទុះ​បាន ប្រសិនបើ​គេ​មាន​បំណង​ចង់ឱ្យ​ផ្ទុះ ។ ការ​សម្រេច​ជម្លៀស​អ្នកគាំទ្រ​ចេញពី​ពហុ​កីឡដ្ឋាន គឺជា​រឿង​ត្រឹមត្រូវ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​អ្នកគាំទ្រ ។

អនុប្រធាន​ប្រតិបត្តិ​ក្លិប Man Utd លោក Ed Woodward បាន​និយាយ​ថា ក្លិប​នឹង​ស៊ើបអង្កេត​បញ្ហា​នេះ​ឱ្យ​កាន់តែ​ច្បាស់ ព្រោះថា​សុវត្ថិភាព​របស់​អ្នកគាំទ្រ គឺជា​តួនាទី​ចម្បង​ដែល​យើង​ត្រូវ​ទទួលខុសត្រូវ ។

សូម​បញ្ជាក់​ថា នេះ​ជា​ការ​ប្រកួត​លើក​ចុង​ក្រោយ​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេសរវាង​ក្លិប Man Utd និង Bournemouth ដែល​នឹង​ត្រូវ​ធ្វើការ​ប្រកួត​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១៧ ឧសភា ។​គួរ​រំ​ឮ​កថា ក្លិប Man Utd នឹង​អាច​ឈាន​ទៅ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Europa League ប្រសិនបើ​មានឱកាស​យកឈ្នះ​ក្លិប Bournemouth ៕