រដ្ឋាភិបាល​នឹង​ពិនិត្យ​សើរើ​អង្គភាព​ព័ត៌មាន​ដែល​មិន​ប្រើ​គោរមងារ ‘សម្តេច’

មន្ត្រី​ក្រសួង​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា នៅ​ខែ​កក្កដា​ខាង​មុខ ក្រសួង​ព័ត៌មាន​នឹង​ចាប់​ផ្តើម​ពិនិត្យ​ឡើង​វិញ​ចំពោះ​ អាជ្ញា​ប័ណ្ណ​របស់​ប្រព័ន្ធ​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​មិន​ធ្វើ​តាម​បទបញ្ជា​នា​ពេល​ថ្មីៗ ឲ្យ​ពួកគេ​និយាយ​សំដៅ​ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ប្រើ​គោរមងារ “សម្តេច” របស់​លោក ដែល​ប្រទាន​ដោយ​ព្រះ​មហាក្សត្រ។

ក្រសួង​បាន​ហៅ​អ្នក​កាសែត​មក​ប្រជុំ​កាលពី​សប្តាហ៍​មុន ដើម្បី​រំឭក​ពួកគេ​អំពី​សំណើ​មួយ ដែល​ខ្លួន​បាន​ធ្វើ​កាលពី​ខែ​ធ្នូ ឲ្យ​ពួកគេ​ចាប់​ផ្តើម​ប្រើ​ពាក្យ​ហៅ​លោក ហ៊ុន សែន ជា “សម្តេច” វិញ ជា​គោរមងារ​ប្រោស​ព្រះ​រាជ​ប្រទាន​ដល់​រូប​លោក​ដោយ​ព្រះមហាក្សត្រ ដែល​បក​ប្រែ​សឹង​តែ​មាន​ន័យ​ថា “ឧត្តម​បំផុត”។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ផុស សុវណ្ណ អគ្គ​នាយក​ព័ត៌មាន​និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​មិន​បន្ត​អាជ្ញាប័ណ្ណ​របស់​អង្គភាព​ព័ត៌មាន​ក្នុងស្រុក​ដែល​មិន​ធ្វើ​តាម​ការ​ណែនាំ​ទេ នៅ​ពេល​ដែល​អាជ្ញាប័ណ្ណ​របស់​ពួកគេ​ផុត​កំណត់​នោះ។

កាលពី​ម្សិលមិញ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន​ ដែល​បាន​រៀបចំ​ការ​ប្រជុំ​នៅ​សប្តាហ៍​មុន​ជាមួយ​អ្នក​កាសែត បាន​និយាយ​ថា “វិធានការ” អាច​ចាប់​ផ្តើម​ធ្វើ​ឆាប់ៗ​នេះ។

លោក គឹមសេង បាន​និយាយ​ថា ក្រសួង​ព័ត៌មាន​នឹង​ទុក​ពេល​ឲ្យ​ប្រព័ន្ធ​ព័ត៌មាន​រហូត​ដល់​ចុង​ខែ​មិថុនា ដើម្បី​ចាប់​ផ្តើម​ភ្ជាប់​គោរមងារ​ទៅ​នឹង​ឈ្មោះ​របស់​លោក ហ៊ុន សែន។

លោក​បាន​និយាយ​ថា “ក្រសួង​នឹង​គិត​អំពី​រឿង​នេះ​ពី​ឥឡូវ​នេះ​ទៅ​ដល់​ចុង​ខែ​មិថុនា បន្ទាប់មក ក្រសួង​នឹង​ចាត់​វិធានការ​ដូច​ខ្ញុំ​បាន​និយាយ​ក្នុង​កិច្ច​ប្រជុំ​នេះ​អ៊ីចឹង”។ នៅ​ពេល​សួរ​ថា​តើ “វិធានការ” មាន​ន័យ​ថា ពិនិត្យ​ឡើង​វិញ​ចំពោះ​អាជ្ញាប័ណ្ណ​របស់​ប្រព័ន្ធ​ព័ត៌មាន​ដែល​មិន​ធ្វើ​តាម​ឬ​យ៉ាង​ណា​នោះ លោក គឹមសេង បាន​និយាយ​ថា “មែន​ហើយ”។

អនុរដ្ឋលេខាធិការ​រូប​នេះ​បាន​ផ្តល់​ជម្រើស​ខ្លះ​ដល់​អ្នក​កាសែត​ដែរ។

លោក​បាន​និយាយ​ថា គេ​អាច​ទុក​គោរមងារ​ពេញ​របស់​លោក ហ៊ុន សែន គឺ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ឬ “សម្តេច​នាយករដ្ឋមន្ត្រី” ដែល​ងាយ​ស្រួល​ជាង។

លោក​បាន​និយាយ​ថា “តាម​គំនិត​របស់​ខ្ញុំ វា​មិន​ខុស​ទេ…។ ខ្ញុំ​គិត​ថា យើង​ជា​ញឹកញាប់​ប្រើ ‘សម្តេច នាយករដ្ឋមន្ត្រី’។ អ្នក​អាច​សរសេរ​អ្វី​ដែល​អ្នក​គិត​ថា​សម​ហេតុ​ផល ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​យើង”។

លោក គឹមសេង បាន​និយាយ​ថា រដ្ឋាភិបាល​មាន​សិទ្ធិ​ឲ្យ​ប្រើ​គោរមងារ​ដែល​ចេញ​ដោយ​ព្រះរាជក្រឹត្យ។

លោក​បាន​និយាយ​ថា “ពីព្រោះ​គោរមងារ​នេះ​ត្រូវ​បាន​ចេញ​ដោយ​ព្រះរាជ​ក្រឹត្យ​ពី​ព្រះមហាក្សត្រ”។

នៅ​ពេល​ទទូច​សួរ​ថា​តើ​ច្បាប់​អ្វី​ដែល​ផ្តល់​ឲ្យ​រដ្ឋាភិបាល​នូវ​អំណាច​ដើម្បី​ពិនិត្យ​ឡើង​វិញ ឬ​ដក​ហូត​អាជ្ញាប័ណ្ណ​របស់​ប្រព័ន្ធ​ព័ត៌មាន ចំពោះ​ការ​មិន​ប្រើ​គោរមងារ​នេះ លោក គឹមសេង បាន​និយាយ​អំពី “ការ​ព្រមព្រៀង” ដោយ​ស្រពិចស្រពិល។

លោក​បាន​និយាយ​ថា “យើង​ផ្អែក​លើ​ការ​ព្រមព្រៀង​រវាង​យើង​និង​ស្ថានីយ​ទូរទស្សន៍ ឬ​អង្គភាព​ព័ត៌មាន​ណាមួយ ដូច្នេះ ពួកគេ​នឹង​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង ឬ អាជ្ញាធរ”។

លោក​បាន​និយាយ​បន្ថែម​ថា “ប្រសិនបើ​ការ​ណែនាំ​របស់​យើង​រំលោភ​ច្បាប់ អ្នក​អាច​និយាយ​ថា វា​ខុស។ ប៉ុន្តែ​ការ​ណែនាំ​របស់​យើង​គឺ​ផ្អែក​លើ​ច្បាប់​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ អ្នក​គួរ​តែ​ដឹង”។

លោក មឿន ឈានណារិទ្ធិ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារ​ព័ត៌មាន បាន​និយាយ​ថា មិន​មាន​មូលដ្ឋាន​ច្បាប់​សម្រាប់​ការ​ដក​ហូត ឬ មិន​បន្ត​អាជ្ញាប័ណ្ណ​ទាក់ទិន​នឹង​ការ​ប្រើ​ងារ​បែប​នេះ​ទេ។

លោក​បាន​និយាយ​ថា “រដ្ឋាភិបាល​មិន​មាន​សិទ្ធិ​ណា​មួយ​ដើម្បី​ដក​ហូត​អាជ្ញាប័ណ្ណ​ទេ លុះត្រាតែ​កាសែត​នោះ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់”។

លោក​បាន​និយាយ​បន្ថែម​ថា “ច្បាប់​សារព័ត៌មាន​មិន​និយាយ​អ្វី​មួយ​ពាក់ព័ន្ធ​នឹង​ការ​ហៅ​មន្ត្រី​សាធារណៈ​ណា​ម្នាក់​តាម​ងារ​នោះ​ទេ។ ក្រោម​ច្បាប់​នេះ យើង​ពិត​ជា​មិន​ចាំបាច់​ហៅ​គាត់​សម្តេច​ទេ”។

រដ្ឋាភិបាល​និយាយ​ថា គោរមងារ​ជា​ការ​គោរព​ទំនៀម​ទម្លាប់​ខ្មែរ។ ច្បាប់​សារព័ត៌មាន​ឆ្នាំ​១៩៩៥​មាន​ខ​ជាច្រើន​ស្តីពី​ការ​គោរព​ទំនៀម​ទម្លាប់​ខ្មែរ ប៉ុន្តែ លោក ឈានណារិទ្ធ បាន​និយាយ​ថា ការ​បញ្ចូល​គោរមងារ​ក្នុង​ច្បាប់​ទាំង​នោះ​គឺ​ជ្រុល​ពេក​ហើយ។ មាត្រា​ជាក់លាក់​ផ្តោត​លើ​ពាក្យ​ជេរ​ប្រទេច និង​រឿង​អាសអាភាស​ផ្លូវ​ភេទ ហើយ​ដាក់​ទោស​អ្នក​បំពាន​ទាំង​នោះ​ដោយ​ការ​ពិន័យ មិន​មែន​ដោយ​បិទ​កាសែត​ទេ។

លោក​បាន​និយាយ​ថា “ជា​សង្គម​ប្រជាធិបតេយ្យ​មាន​សេរីភាព​សារព័ត៌មាន សារព័ត៌មាន​គួរ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ជ្រើសរើស [គោរមងារ​ណាមួយ] ប្រសិន​បើ​វា​មិន​ប៉ះពាល់​ខ្លាំង​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​មន្ត្រី​នោះ។ ខ្ញុំ​មិន​គិត​ថា ការ​មិន​ហៅ​មន្ត្រី​ថា​សម្តេច​គឺ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ខ្លាំង​ដល់​សេចក្តី​ថ្លៃថ្នូរ​នោះ​ទេ”។

វិធានការ​ថ្មី​របស់​ក្រសួង​ព័ត៌មាន​កើត​មាន​ឡើង​ចំ​ពេល​មាន​គោលជំហរ​រក​រឿង​ប្រទូស​កាន់តែ​ខ្លាំង​របស់​រដ្ឋាភិបាល​ទៅ​លើ​ប្រព័ន្ធ​ព័ត៌មាន​ឯករាជ្យ​របស់​ប្រទេស​នេះ។

ក្នុង​ពេល​ពីរ​បី​សប្តាហ៍​កន្លង​មក​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​បាន​ប្តឹង​អ្នក​វិភាគ​នយោបាយ​ម្នាក់​ពី​បទ​បរិហារកេរ្តិ៍​ទាក់ទង​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​តាម​វិទ្យុ​អាស៊ី​សេរី អំពី​ការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​លើ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​រូប ហើយ​លោក ហ៊ុន សែន បាន​គំរាម​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​កាសែត ខេមបូឌា ដេលី ទាក់ទិន​នឹង​ចំណង​ជើង​អត្ថបទ​មួយ​អំពី​សុន្ទរកថា​របស់​លោក ដែល​លោក​បាន​មាន​ប្រសាសន៍​ថា បាន​បំភ្លៃ​សម្តី​របស់​លោក៕ និត

 

The post រដ្ឋាភិបាល​នឹង​ពិនិត្យ​សើរើ​អង្គភាព​ព័ត៌មាន​ដែល​មិន​ប្រើ​គោរមងារ ‘សម្តេច’ appeared first on ខេមបូឌា ដេលី.