មន្ទីរ​បញ្ច​កោណៈ ចិន​ប្រើ​យុទ្ធ​សាស្រ្ត បង្ខំ​ ក្នុង​ការ​ទាម​ទារទឹក​ដី​ដែន​សមុទ្រ​

ក្រុងវ៉ាស៊ីតោនៈ មន្ត្រីមន្ទីរបញ្ចកោណបាននិយាយពីថ្ងៃសៅរ៍ថា ចិនកំពុងប្រើ «យុទ្ធសាស្ត្របង្ខំ» និងបង្កើនភាព តានតឹងក្នុងតំបន់ ខណៈពួកគេបង្កើនវត្តមានរបស់ខ្លួននៅសមុទ្រចិនខាងត្បូង និងកន្លែងដទៃផ្សេងទៀត ប៉ុន្តែ កំពុងចៀសវាងជម្លោះប្រដាប់អាវុធមួយ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយទៅកាន់សភាក្រសួងការពារជាតិអាមេរិក បានសង្ខេបកំណើនយោធាឆាប់រហ័សរបស់ចិន និងបានពណ៌នាពីរបៀបដែលគេ កំពុងការពារដោយក្អេងក្អាងការអះអាងអធិបតេយ្យទូទាំងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។

ជាឧទាហរណ៍ពីឆ្នាំមុន ចិន បានពង្រាយឆ្មាំសមុទ្រ និងនាវាកងទ័ពជើងទឹកនៃកងទ័ពរំដោះ ប្រជាជនចិន (PLA) នៅសមុទ្រចិនខាងត្បូងដើម្បី រក្សាវត្តមាន «ស្ទើរជាបន្ត»នៅទីនោះ ហើយនៅក្នុងសមុទ្រចិនខាងកើត ក្រុងប៉េកាំងបានពង្រាយយន្តហោះជាច្រើនគ្រឿង និងនាវាអនុវត្តច្បាប់ដែនសមុទ្រជាច្រើនគ្រឿង ដើម្បីល្បាតក្បែរប្រជុំកោះដែលចិន ហៅថា ទៀវយូ ហើយជប៉ុន ហៅសេនកាគុ។

មន្ទីរ​បញ្ច​កោណៈ ចិន​ប្រើ​យុទ្ធ​សាស្រ្ត បង្ខំ​ ក្នុង​ការ​ទាម​ទារទឹក​ដី​ដែន​សមុទ្រ​

រូបភាពផ្កាយរណបរបស់ CSIS បង្ហាញពីថ្មប៉ប្រះទឹក Mischief Reef ដែលចិនកំពុងកាន់កាប់និងអភិវឌ្ឍន៍នៅសមុទ្រចិនខាងត្បូង។ CSIS

របាយការណ៍នោះ បញ្ជាក់ថា៖ «ចិនកំពុងប្រើប្រាស់យុទ្ធសាស្ត្រ ដោយបង្ខំដើម្បីអភិវឌ្ឍផលប្រយោជន៍ពួកគេ តាមវិធីជាច្រើនដែលត្រូវគេគណនាដើម្បីឲ្យធ្លាក់មកនៅក្រោមចំណុចនៃការបង្កជម្លោះ»។

នៅពេលត្រូវបានសួរឲ្យពណ៌នាពីយុទ្ធសាស្ត្របង្ខំរបស់ចិននោះ ឧបការីរងក្រសួងការពារជាតិអាមេរិក លោក Abraham Denmark ទទួលបន្ទុកអាស៊ីខាងកើត បានប្រាប់ក្រុមអ្នកកាសែតថា ឆ្មាំសមុទ្រចិន និងទូកនេសាទ ពេលខ្លះធ្វើសកម្មភាពក្នុងចរិត «មិនអាជីព»។

លោក Denmark បានប្រាប់ក្រុមអ្នកកាសែតថា ពួកគេធ្វើដូច្នោះ «នៅក្បែរៗកម្លាំងយោធាអាមេរិក ឬទូកនេសាទរបស់ប្រទេសជាច្រើនទៀត ក្នុងវិធីមួយដែលត្រូវបានរៀបចំដើម្បីប៉ុនប៉ងបង្កើតកម្រិតនៃការគ្រប់គ្រងមួយជុំវិញតំបន់ដែលមានជម្លោះទាំងនោះ»។

លោកបានបន្ថែមថា៖ «សកម្មភាពទាំងនេះ ត្រូវបានគេរៀបចំ ដើម្បីឲ្យស្ថិតនៅក្រោម កម្រិតនៃជម្លោះ ប៉ុន្តែជាបណ្តើរៗបង្ហាញ និងអះអាងថា ប្រទេសជាច្រើនទៀត បង្កជម្លោះ»។

ចិនទាមទារស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូងដែលសំខាន់ខាងយុទ្ធសាស្ត្រ សូម្បីតែតំបន់ទឹកនៅជិតអ្នកជិតខាងអាស៊ាន មាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ ដែលកំពុងប្រជែងទាមទារដែរ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍