អាមេរិកសម្រេច សម្រាលទណ្ឌកម្មសេដ្ឋកិច្ចចេញពីភូមា

យោង​​តាម​​សារ​ពត៌​មាន​ BB​C របស់​អង់គ្លេស​ បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី១៨​ ខែឧសភា​ម្សិល​មិញ ​បាន​ឱ្យដឹងថា​ សហរដ្ឋអាមេរិក​បានធ្វើការ​សម្រេច​សម្រាល​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​កម្រិត​ចេញ​ពីប្រទេសភូមា ​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់ប្រទេសភូមា ​ដែលបាន​ធ្វើ​កំណែ​ទម្រង់​នយោបាយ​ បន្ទាប់​ពី​រដ្ឋ​អំណាច​ដែល​គ្រប់​គ្រង​ដោយ​យោធា​អស់រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមក​ ។​
សហរដ្ឋ​អាមេរិក​បាន ​ពិចារណា​សម្រាល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់ក្រុម​ហ៊ុនទាំង១០​ ដែល​គ្រប់គ្រង​ដោយរដ្ឋ​អំណាច​ភូមា​ចេញ​ពីបញ្ជីខ្មៅ​របស់​សហរដ្ឋអាមេរិក​ ដែលក្រុម​ហ៊ុនទាំង១០​នោះ​ជាប្រភេទ​៖ ​ធនាគារ ​និងឧស្សាហកម្ម​ឈើ ​និងរ៉ែ ​។ ​ទោះជាយ៉ាងក៏ដោយ ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើជំនួញ​ និងការ​វិនិយោគ ​មួយចំនួន​ទៀត​ដែល​កំពុង​ស្ថិតក្រោម​ការ​ត្រួតត្រា​របស់​យោធាភូមា​ គឺ​នៅ​ពុំទាន់​ដកចេញ​ពីបញ្ជីខ្មៅ​របស់​សហរដ្ឋ​អាមេរិក​នៅឡើយទេ​ ។​
សូម​ជម្រាប​ជូនថា​ មូលហេតុ​ដែល​សហរដ្ឋអាមេរិក​ពិចារណា​សម្រាល​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ដំណាក់កាល​នេះ​ចេញពីភូមា ​ព្រោះ​អាមេរិក​ចង់​លើកទឹក​ចិត្ត​ដល់​រដ្ឋាភិបាល​ភូមាថ្មី​​ របស់លោកស្រី ​អួង សានស៊ូជី ​ដែលកើតចេញ​ពីការបោះឆ្នោត​ត្រឹមត្រូវ​កាល​ពីខែធ្នូ ​ឆ្នាំ២០១៥​កន្លងទៅ​ ឱ្យបន្ត​ធ្វើកំណែ​ទម្រង់​បន្តទៀត​ និងអនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ ​និងសិទ្ធិមនុស្ស​ឱ្យបានល្អ​ប្រសើរជាងនេះ​ នោះ​អាមេរិក​នឹង​អាចពិចារណា​សម្រាល​ទណ្ឌកម្ម​ដែល​នៅ​សេសសល់​ដទៃៗ​មួយ​ចំនួន​ទៀត​ចេញ​ពី​ភូ​មា​ ៕​

អាមេរិកសម្រេច សម្រាលទណ្ឌកម្មសេដ្ឋកិច្ចចេញពីភូមា
ដោយ៖ ឈូក ស
ប្រភព៖ BBC