វិសាខបូជា៖ មានតែសម្បក ប៉ុន្តែប្រហោងក្នុង

តើអ្វី​ទៅគឺជា​ខ្លឹមសារពិត​នៃវិសាខ ឬពិសាខបូជា​?​ ក្នុងនាម​រូបខ្ញុំ​ជាកូនខ្មែរ​ជំនាន់ក្រោយៗ​មកដល់សម័យកាលនេះ​ ខ្ញុំពិតជា​វង្វេងវង្វ័ន្ត​នឹងខ្លឹមសារពិត​នៃវិសាខបូជា​អស់ហើយ ​តើគេ​ប្រារព្ធពិធីបុណ្យវិសាខបូជា​ដើម្បីអ្វីទៅ​? ​សូម្បី​តែម្ដាយ​ឪពុក​ សាច់ញាតិ​ និងមិត្តភក្ដិ​ដទៃៗ​ទៀតរ​បស់​ខ្ញុំ ​នៅ​ពេល​ដែល​ខ្ញុំ​សួរពួកគេថា​ តើហេតុអ្វី​បានជា​ពេលមានពិធីបុណ្យ​វិសាខបូជា​ជារៀងរាល់ឆ្នាំ​ម្ដងៗ​​ អ្នកទាំងអស់គ្នានាំគ្នាទៅវត្ត​?​ រាប់បាត្រ​? ស្រោចទឹក​? ​និមន្ដព្រះសង្ឃ​មកសូត្រមន្ដ​ដល់ផ្ទះ​ជាដើម​អីចឹង​?​ ពិតណាស់​គឺចម្លើយរបស់ពួកគេ​ គឹមាន​លក្ខណះផ្សេងៗគ្នា​ទៅតាម​កម្រិត​នៃការ​យល់​ដឹង​ទាំង​អស់ ​។​
មកដល់ពេលនេះ ​ពុទ្ធ​សករាជ ​​ដែលរាប់ចាប់​តាំងពី​ថ្ងៃដែលព្រះពុទ្ធ​គោត្តមទ្រង់ចូល​បរិនិព្វា​នមកគឺមានរយៈកាល២៥៦០ព្រះវស្សា​(ឆ្នាំ)ហើយ ​។ ការប្រែប្រួល​នៃខ្លឹមសារពិត​នៃការប្រារព្ធ​ពិធី​អ្វីមួយរ​បស់​ពុទ្ធសាសនិក​​តមក​ពីខាងដើម​ ឬការប្រៀន​ប្រដៅ​ណាមួយ​ដែល​ត្រាស់សម្ដែង​ដោយព្រះពុទ្ធ​អង្គ​ វាតែងតែ​កើតឡើង​នៅក្នុងសង្គម​មនុស្សលោក ​ព្រោះគ្រប់ចលនា​របស់មនុស្ស​តែងមាន​ការប្រែប្រួល​គ្រប់ខណៈ​ជារៀងរាល់ថ្ងៃ​ពីមួយជំនាន់ទៅមួយជំនាន់​ ដែលនាំឱ្យជះ​ឥទ្ធិពល​ទៅលើខ្លឹមសារពិត ​ដែលបានកំណត់ទុក​ដោយបុព្វជន ​។ ​តាមការពិត​ រឿងរ៉ាវពិត​នៅក្នុងលោកនេះ ​គ្មានជន​ណាមួយ​អាចបំបាត់​វាឱ្យចេញ​ផុតពីចក្រវាឡបានឡើយ ​ប៉ុន្តែជាតិជាមនុស្សលោក​ គេអាចត្រឹមព្យាយាមបំភ្លេច​វាជាសន្សឹមៗ​បាន ប៉ុន្តែទោះជាយ៉ាងណា ​ក៏ពេលខ្លះរឿងរ៉ាវទាំងនោះវា​នៅតែអាចលោតចូលមកក្នុងការគិតរបស់​មនុស្សវិញដោយស្វ័យប្រវត្តិជាដដែល​ៗ ​។ ​
ជាក់ស្ដែង​ ដូចជាវិសាខបូជា​, ធាតុពិតទៅ វិសាខបូជា​ នៅតែមានជាបន្ត គ្រាន់​តែន័យខ្លឹមសារពិត​មួយចំនួនត្រូវបាន​កែប្រែដោយសារ​តែចំណង់របស់មនុស្ស​ជំនាន់ក្រោយៗ​ ដែលបានយកនេះទៅលាយឡំ ​យកនោះទៅដាក់បញ្ចូល​ រហូតធ្វើឱ្យ​ខ្លឹមសារ​របស់វិសាខបូជា​ត្រូវ​ប្រែប្រួល​ធាតុពិត​ ។​​ ឧទាហរណ៍​ដូចជា​៖​ អ​ង្ករ​នៅដែនកម្ពុជា​ល្បីថា​មានក្លិនក្រអូប​ និងមានរសជាតិ​ឈ្ងុយឆ្ងាញ់​ជាងអង្ករនានា​នៅក្នុងពិភពលោក​ ប៉ុន្តែ​បើអង្កររស​ជាតិដើមនេះ​ត្រូវបានលាយជាមួយនឹង​អង្ករមកពីដែនដីណាមួយផ្សេងទៀតដែលខុសពីកម្ពុជា ​ព្រោះ​តែដើម្បីចង់ចំណេញ ​ព្រោះតែដើម្បី​សេចក្ដី​លោភលន់​ណាមួយ​ នោះវានឹង​ធ្វើឱ្យ​កិត្យានុភាព​ដែលជាអង្ករលេខ១​ នៅដែនកម្ពុជា​ត្រូវវិនាសហិនហោចបន្តិចម្ដងៗយ៉ាងដូច្នោះដែ​រ ។​ អិញ្ចឹង ​តើអ្វីទៅជាវិសាខបូជា? ​​​
ការពិត​ វិសាខបូជា​ ឬពិសាខបូជា​ គឺជាពិធីបុណ្យមួយ​ដែលពុទ្ធសាសនិកជន ​រួមទាំងបុព្វជិត​ និងគ្រហស្ថតែងប្រារព្ធ​ធ្វើឡើងនៅថ្ងៃពេញបូរមី​ ទី១៥កើត​ ខែពិសាខ​ ដើម្បីរំឭក​ដល់ព្រះមហាគុណរបស់ព្រះពុទ្ធជាម្ចាស់ ​និងរំឭក​ដល់វេលាកាលដ៏ប្រសើរ​ទាំងបី គឺថ្ងៃប្រសូត្រ​, ថ្ងៃបរមាភិសម្ពោធិ ​(ត្រាស់​ដឹងពេញបរិបូណ៌)​, និងថ្ងៃទ្រង់រលត់ក្ខន្ធចូល​កាន់បរិនិព្វាន​នៃបុគ្គលដ៏កម្រមាននៅ​ក្នុងលោក ដែលព្រះអង្គបានច្យុតិមកកើត​នៅក្នុងដែនជម្ពូទ្វីប​ (ផែនដី) ​នេះ​ ហើយបានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន, ​ព្យាយាមស្វែងរកបរមត្ថសច្ចធម៌​ (ការពិតជាន់ខ្ពស់)​យ៉ាងលំបាក ​រហូតដល់បាន​ត្រាស់ដឹង​ជាព្រះសម្មាសម្ពុទ្ធ​ (គឺលោកអ្នកត្រាស់ ចេះដឹងសព្វអស់ដោយប្រពៃ) ​ដើម្បីប្រោសទេសនា ​(បង្រៀន & ពន្យល់)​ ដល់មនុស្សលោកជាច្រើនអនេកឱ្យរួចរំដោះចេញពីទុក្ខភព ​(ពិភពនៃសេចក្ដីទុក្ខ)​ ដូចព្រះអង្គ​ ដើម្បីឆ្ពោះទៅ​កាន់ទី​ប្រកបដោយសន្តិភាពពិត​ថ្នាក់ខ្ពស់បំផុត ​ដែលដំបូងគេ​ត្រូវ​កើតចេញ​ពីសន្តិភាពថ្នាក់​បឋម ​(គឺសន្តិភាពនៅក្នុងផ្ទៃថ្នាក់នៃចិត្ត) ​ជាមុនសិន​ ។ ​
ដូចបាន​ដៅបញ្ជាក់នៅចំណុចខាង​លើរួចមកហើយ ​សម័យកាលចេះដើរទៅមុខ ​សេចក្ដីត្រេកត្រអាល​ សេចក្ដីលោភលន់ ការយល់ខុស​ និងសេចក្ដីប្រកាន់របស់មនុស្សលោក ​បានធ្វើឱ្យខ្លឹមសារពិតនៃវិសាខបូជាត្រូវរេចរឹលបន្តិចម្ដងៗ ​ព្រោះតែមានការលាយធាតុកខ្វក់ចូល​ដែល​នាំ​ឱ្យ​មាន​ភាព​សៅ​ហ្មង​ ។ ​ធាតុពិត​ វិសាខបូជា​ ពុំមែនជាពិធីបុណ្យ​នៃជំនឿអ្វីមួយឡើយ​ ផ្ទុយមកវិញអ្នកខាង​ដើមគេប្រារព្ធឡើង​ គឺដើម្បីចង់សម្ដៅដល់​ការធ្វើសក្ការបូជាដល់ព្រះពុទ្ធគុណ​ ហើយការបូជានេះគឺគេចង់សម្ដៅដល់ការយកព្រះពុទ្ធជាទីពឹង​ ទីរឭក ព្រោះនៅក្នុងលោកនេះ គ្មានគ្រូដទៃឯណាដែល​ប្រសើរ​ជាងព្រះពុទ្ធជាម្ចាស់​ទៀតឡើយ​ ។ ​ដូច្នេះដើម្បីយកព្រះពុទ្ធជាទីពឹង ​ជាទីរឭក មានតែការបូជាម៉្យាងប៉ុណ្ណោះដែលប្រសើរ ​គឺគេត្រូវប្រកប​ជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួន​ដោយត្រូវខិតខំកសាងអំពើជាកុសល​ (អំពើល្អ)ជាប្រចាំ, ​ត្រូវលះបង់អំពើអកុសល​ទាំងឡាយទាំងពួង ដែលនាំ​ឱ្យ​វិនាស​ដល់​ខ្លួនឯង​ និងប្រយោជន៍របស់អ្នកដទៃ ​និងសង្គមជាតិ ទោះដោយផ្ទាល់ ​ឬប្រយោលក្ដី, និងត្រូវរៀបចំ​ និងដឹកនាំចិត្តរបស់ខ្លួនឱ្យប្រកបដោយ​ភាពបរិសុទ្ធ​ស្អាតផូរផង់ ដោយមិនឱ្យជាប់ជំពាក់នឹងគ្រឿងសៅហ្មងទាំងឡាយ​ ដោយត្រូវប្រតិបត្តិតាមគន្លងនៃព្រះធម៌ (ការចង្អុលបង្ហាញតាមដំណើរ​ពិត)​ ដែលបានទូន្មានដោយព្រះសម្មាសម្ពុទ្ធកាលដែលទ្រង់នៅមានព្រះជន្ម​ ដែលវិធីនេះមានប្រសិទ្ធភាព​ និងប្រសើរជាងការខ្ជះខ្ជាយទៅលើគ្រឿងរណ្ដាប់កំប៉ិកកំប៉ុក​ ដែល៣ទៅ៥ថ្ងៃក្រោយ ​គ្រឿងរណ្ដាប់ទាំងអស់នោះនឹងត្រូវប្រែទៅជា​ស្អុយរលួយខូចគុណភាពទាំងអស់​ ទៅដាក់ថ្វាយត្រង់ណេះ ​ត្រង់ណោះ​ ដោយមិនដឹងថា​ តាមពិតព្រះពុទ្ធទ្រង់គង់នៅឯណាឱ្យប្រាកដ ​។ ​
ការ​សម្អាងទៅលើការរៀបក្បួន​ រៀបពិធី ឬរៀបគ្រឿងសំណែននានា​ នៅក្នុងថ្ងៃទី១៥កើត ខែពិសាខ​ ដើម្បីបង្ហាញថាខ្លួនពិតជាបានបូជាដល់ព្រះពុទ្ធគុណ​ នេះគឺអ្នកកំពុងតែខ្ជះខ្ជាយទ្រព្យធន ពេលវេលា​ និងគំនិតប្រាជ្ញារបស់ខ្លួនឯងចោលឥតប្រយោជន៍ហើយ ​។ ​ទោះជាក្បួនអធិកអធម​យ៉ាងណា​ ពិធីធំដុំយ៉ាងណា​ បូជាទ្រព្យសម្បត្តិច្រើនយ៉ាងណា​ គ្រឿងសំណែនសម្បូរហូរហៀរយ៉ាងណា អ្វីៗទាំងនេះ​ពុំមែនជាព្រះបំណងពិតរបស់ព្រះពុទ្ធឡើយ ។ បើទោះបីជាពេលនេះ​ ព្រះអង្គទ្រង់កំពុងគង់នៅមានព្រះជន្មនៅឡើយ ​ក៏ព្រះអង្គនឹងត្រាស់បង្គាប់មិនឱ្យខ្ជះខ្ជាយ​យ៉ាងដូច្នេះដែរ ​។ ​ទោះ​ព្រះពុទ្ធ​ទ្រង់មានតែមួយដង្ហើម ​ក៏ព្រះអង្គនៅតែទូន្មានឱ្យ​មនុស្សរៀនពិនិត្យ​ពិចារណាមើលតែពីចិត្តរបស់ខ្លួនឯង​ ព្យាយាមសម្រួចចិត្តរបស់ខ្លួនឯង ​និងលាងតម្រង់ចិត្តរបស់ខ្លួនឯងឱ្យបានស្អា​ត ឱ្យបានស្រាល និងឱ្យបានស្ងប់នៅជាសុខប៉ុណ្ណោះ ​។​
សូ​មអ្នក​ចងចាំថា ​មិនមែនទាល់​តែមានពិសាខបូជា, ​មិនមែនទាល់តែដល់ថ្ងៃទី១៥កើត​ ខែពិសាខ​, មិនមែនទាល់តែបានប្រមូលផ្ដុំមូលមីគ្នាឱ្យឱឡារឹក​រៀបចំពិធីពិសាខបូជា​ ទើបឈ្មោះថាជាការបូជាចំពោះព្រះគុណរបស់ព្រះពុទ្ធដ៏ប្រពៃនោះទេ ​។ ​ប៉ុន្តែផ្ទុយមកវិញ គ្រប់ដង្ហើមនៃជីវិតរបស់​អ្នក​ ​គ្រប់​ទីកន្លែង ​ឬបើទោះបីជា​អ្នកកំពុងនៅស្ងាត់ម្នាក់ឯងក្ដី​ ប្រសិនបើអ្នកយល់ឃើញថា​ ព្រះធម៌ដែលព្រះពុទ្ធជាម្ចាស់ទ្រង់បានត្រាស់សម្ដែង​ពិតជាស្របទៅតាមការពិតជាសាកលមែន​, ពិតជាមានប្រយោជន៍ចំពោះអ្នក ​និងសង្គមមែន នោះចូរអ្នកប្រតិបត្តិឱ្យបានល្អ​ប្រសើរ​តាមគន្លង​នៃ​ការទូន្មាន​នេះដោយ​ឥតលម្អៀង​ និងម៉ដ្ឋចត់ចុះ ​នោះទើបជាការបូជា​ចំពោះព្រះពុទ្ធគុណដ៏ក្រៃ​លែង​ ៕​
វិសាខបូជា៖ មានតែសម្បក ប៉ុន្តែប្រហោងក្នុង
ឈូក ស
Cool FM 100.7