លោក ម៉ម សូណង់ដូ​គ្រោង​ដឹកនាំ​ធ្វើបាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​អ្នក ជាប់ឃុំ​៥​រូប​

​រាជធានី​ភ្នំពេញ : លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គ្រោង​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​ខាងមុខនេះ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង មន្ត្រី​សមាគម​អាដហុក​ចំនួន​៤​រូប និង​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មួយរូប​។ ការធ្វើ​បាតុកម្ម​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៦​។​


​លិខិត​ស្នើសុំ​ធ្វើបាតុកម្ម គឺ​លោក ម៉ម សូណង់ដូ ត្រូវបាន​គេ​រាយការណ៍​ថា បានដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៨ ខែឧសភា ស្នើសុំ​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយមាន​អ្នកចូលរួម​ចំនួន​២០០​នាក់​។​


​យោងតាម​លិខិត​របស់លោក ម៉ម សូណង់ដូ ដាក់ជូន​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​សៅរ៍ ទី​៩ ខែកក្កដា ឆ្នាំ​២០១៦ លោក​នឹង​ដឹកនាំ​បាតុករ​ចំនួន​តិចជាង​២០០​នាក់ ដោយ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជា​ធិ​បេ​ត្យ​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ ដើម្បី​សំណូមពរ​ដល់​អង្គភាព​ប្រឆាំង​អ​ពើ​ពុករលួយ ដក​ពាក្យបណ្តឹង និង​ការចោទប្រកាន់​ទៅលើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤​រូប គឺ​លោកស្រី លឹម មុន្នី លោក​ណៃ វ៉ង់​ដា លោក​យី សុខសាន្ត លោក​នី សុខា និង​អគ្គលេខាធិការរង គ​.​ជ​.​ប ១​រូប គឺ​លោក នី ចរិយា ដែល​សព្វថ្ងៃ​កំពុងស្ថិត​នៅក្នុង​ការឃុំ​ឃាំង​បណ្តោះអាសន្ន​នៅ ពន្ធនាគារ​។​


​លោក​បាន​បន្តថា លោក​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ មិន​ចង់បាន​អ្វី​ក្រៅពី​ភាពយុត្តិធម៌​នោះទេ​។ សូម​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មេត្តា​យក​ច្បាប់​ទៅ​អនុវត្ត​គ្រប់​ស្ថាប័ន និង​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​គ្មាន​ភាពលំអៀង ដូចដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហើយ​លោក​ជឿជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​នៅក្នុង​ប្រទេស ក៏ដូចជា​នៅក្រៅ​ប្រទេស ចង់បាន​នូវ​ការផ្សះផ្សារ​ជាតិ ឯកភាព​ជាតិ ជា​ដំណោះស្រាយ​តែមួយគត់ ដែល​ធ្វើ​ឲ្យ​ខ្មែរ​ទាំងអស់ រួបរួមគ្នា ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​មាន​ភាព​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត​៕

លោក ម៉ម សូណង់ដូ​គ្រោង​ដឹកនាំ​ធ្វើបាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​អ្នក ជាប់ឃុំ​៥​រូប​