ប្រតិកម្ម​ដំបូង​របស់ ខេ​ម ថា​រថយន្ត​គេ​​មក​បុក​រថយន្ដ​លោក

នេះជាប្រតិកម្មដំបូង របស់លោក ខេម តារាចម្រៀងល្បី របស់ផលិតកម្មថោន បន្ទាប់ពីព្រឹត្តិការណ៍គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់ កាលពីយប់ថ្ងៃទី១៧ ចូលមកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ ដែលបណ្ដាលឲ្យភាគីម្ខាងទៀត ស្លាប់កៀបខ្លួនភ្លាមៗ នៅក្នុងរថយន្ដ។ ប៉ុន្តែប្រតិកម្មនោះ មិនច្រើនប៉ុន្មានទេ។
ប្រតិកម្ម​ដំបូង​របស់ ខេ​ម ថា​រថយន្ត​គេ​​មក​បុក​រថយន្ដ​លោក

ទិដ្ឋភាពរថយន្ដ និងជនរងគ្រោះ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ជាមួយរថយន្ដធុន «RANGE ROVER» មួយគ្រឿងទៀត។ (រូបថតសហការី)

គ្រប់សារព័ត៌មាន រួមទាំងអ្នកគ្រប់គ្រងនៅផលិតកម្មថោនផង សុទ្ធតែទាក់ទងលោក ខេម មិនបាន​សោះ​ឡើយ រាប់ចាប់តាំងពីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានសារព័ត៌មានសឹងតែគ្រប់ស្ថាប័ន យកទៅចុះផ្សាយ។ ទាំង​អ្នក​គាំទ្រ និង​អ្នកលង់ស្នេហ៍តារាចម្រៀង ក៏បានលើកជាចម្ងល់ដែរថា តើលោក ខេម ពិតជានៅ​ក្នុង​ហេតុការណ៍​នោះ​ឬយ៉ាងណា ព្រោះបើសូម្បី​កង​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ ក៏មិនច្បាស់ពីករណីនេះដែរ បន្ទាប់​ពី​បាន​រក​ឃើញ​ថា រថយន្ដ​«RANGE ROVER»នេះ ​ជារបស់មនុស្សម្នាក់ផ្សេងពីលោក ខេម។

ប៉ុន្តែប្រតិកម្មយ៉ាងខ្លី កាលពីយប់ថ្ងៃទី១៨ ខែឧសភាកន្លងមក របស់លោក ប៊ុ​ន សុ​ណា​រិ​ន ហៅ ខេម ប្រាប់​ទៅកាន់សារព័ត៌មានក្នុងស្រុកមួយនោះ គ្រប់គ្រាន់ក្នុងការអះអាងថា លោកពិតជានៅក្នុងហេតុការណ៍​នេះ។ ប្រតិកម្ម​នោះ ធ្វើតាមទូរស័ព្ទយ៉ាងដូច្នេះថា រថយន្ត​គេ​មក​បុក​រថយន្ត​របស់​លោក ពេល​លោក​រក​កន្លែង​​ហូប​​បបរ មុន​នឹង​តារា​ចម្រៀង​សម្លេង​ស្អករូបនេះ បានទម្លាក់ទូរស័ព្ទទៅវិញ។

កាលពីយប់ថ្ងៃទី១៧ ចូលមកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណជា ០០និង៤០នាទី រថយន្ដ​«RANGE ROVER» និងរថយន្ដ«CELICA» ដែលសុទ្ធតែទំនើប បានជល់គ្នាមួយទំហឹង រហូត​រួញ​មុខ​​ទាំង​​សង​ខាង។ ហេតុការណ៍​ដ៏​រន្ធត់ បានបណ្ដាលឲ្យអ្នកបើកបររថយន្ដ«CELICA» ស្លាប់កៀបខ្លួន នៅ​ក្នុង​​រថយន្ដ ខណៈ​​អ្នក​​បើកបរ​​រថយន្ដ​«RANGE ROVER» ដែលត្រូវបានសាក្សី នៅនឹងកន្លែង ស្គាល់​ថា​ជា​លោក​ «ខេម» តារា​​ចម្រៀង​​ល្បី​​របស់​ផលិតកម្ម​ថោន​នោះ បានចុះពីលើរថយន្ដ ជាមួយនឹងមិត្តស្រីដ៏ស្រស់ស្អាត​ម្នាក់ ហើយ​ឡើង​​ជិះ​ម៉ូតូ​​ឌុប ​ចេញ​ទៅ​បាត់។ បើតាមសាក្សីដដែលនោះ បានអះអាងថា លោក ខេម និងមិត្តស្រី មិនជា​រង​របួស​អ្វី ណាស់ណានោះទេ។

ប៉ុន្តែអ្វីដែលគេនៅមិនអស់ចិត្តនោះ នៅត្រង់ថា លោក ខេម ដែលធ្លាប់ច្រៀងចម្រៀង ដើម្បីទប់​ស្កាត់​គ្រោះ​ថ្នាក់ និង​ឲ្យគោរពច្បាប់ចរាចរណ៍នោះ បានចុះចោលយានយន្ដរបស់លោក ដោយទុករថយន្ដរបស់លោក និង​ជន​រង​គ្រោះ​ចោល នៅនឹងកន្លែង បើសូម្បីរង់ចាំកងកម្លាំងសមត្ថកិច្ច ឬមន្ត្រីទទួលខុសត្រូវ ខាងចរាចរណ៍​ណា​ម្នាក់​មក​ដោះ​ស្រាយ ក៏មិនបានផង។ ឬមួយលោកមានធុរៈអ្វីផ្សេង ដែលចង់លាក់ មិនចង់ឲ្យ​សាធារណជន​ដឹង? ក្នុង​នាមជាពលរដ្ឋមួយរូប តើលោក ខេម ដែលជាតារាល្បីឈ្មោះ ត្រូវបង្ហាញពីគំរូល្អអ្វីខ្លះ សម្រាប់​សង្គម ជា​ពិសេស​សម្រាប់កុមារជំនាន់ក្រោយ ទាក់ទងនឹងការជួយសង្គ្រោះជនរងគ្រោះ?

បើទោះជារបាយការណ៍នគរបាល បានអះអាងថា រថយន្ដ«CELICA»បានបើកបរ ហាក់ក្នុងសភាពស្រវឹង និង​ចូលមកចំណែកផ្លូវគេនោះក៏ដោយ តែប្រសិនជារថយន្ដ«RANGE ROVER»របស់លោក ខេម មិនបើកបរ​លឿន​ដូច​ហោះ​នោះ​ទេ ក៏សភាពនៃការបះទង្គិច (ដូចមានក្នុងរូបថត) មិនធ្ងន់ធ្ងរដល់ថ្នាក់នេះដែរ។ នេះបើ​តាម​សាក្សី​នៅ​ផ្ទាល់​កន្លែង ដែលបានឃើញហេតុការណ៍។ ហើយ​នោះ គឺ​ជា​អ្វី​ដែល​ក្រុម​គ្រួសារ​ញាតិមិត្ត នៃ​ជន​រង​គ្រោះ ត្រូវការឲ្យអាជ្ញាធរ និងលោក ខេម ផ្ទាល់ ផ្ដល់នូវ​យុត្តិធម៌ ឬ​យ៉ាង​ហោច​ណាស់ តារាចម្រៀង​គួរ​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ និងបកស្រាយឲ្យ​បាន​ច្បាស់​លាស់៕

ប្រតិកម្ម​ដំបូង​របស់ ខេ​ម ថា​រថយន្ត​គេ​​មក​បុក​រថយន្ដ​លោក

ប្រតិកម្ម​ដំបូង​របស់ ខេ​ម ថា​រថយន្ត​គេ​​មក​បុក​រថយន្ដ​លោក