គួរឲ្យសោកស្តាយ! ទីបំផុត Sexy Pancake ទទួលមរណៈភាព ដោយសារជំងឺមហារីក

ថៃ៖ ទីបំផុត តារាថៃដែលចូលចិត្ត តែងខ្លួនខុសភេទ ដែលគេនិយមហៅថា Sexy Pancake នោះបានស្លាប់បាត់បង់ជីវិតហើយ បន្ទាប់ពីគេ ត្រូវបានវះកាត់យកប្រដាប់ភេទចេញ ដោយសារតែជំងឺមហារីក មិនបានប៉ុន្មានផងនោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាខុសភេទ Sexy Pancake ដែលមានឈ្មោះពិត Niwat Sangmor អាយុ២៧ឆ្នាំ ជាតារាដ៏ល្បីមួយ ជាពិសេសនៅតាមបណ្តាញអ៊ិនធើណេត បានស្លាប់បាត់បង់ជីវិតហើយ កាលពីម៉ោង៧និង៣០នាទីល្ងាច ថ្ងៃសៅរ៍សប្តាហ៍មុននេះ ដោយសារតែជំងឺ មហារីកត្រង់ប្រដាប់ភេទ។ 

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា បើទោះបីជាក្រុមគ្រូពេទ្យ សម្រេចចិត្តធ្វើការ វះកាត់យកចេញនូវប្រដាប់ភេទរបស់ Sexy Pancake កាលពីពេលថ្មីៗនេះ ដើម្បីបង្ការកុំឲ្យ មេរោគរីករាលដាល យ៉ាងណាក៏ដោយ ក៏ស្ថានភាពរបស់គេ ហាក់មិនធូរស្រាល ហើយទីបំផុត ក៏ត្រូវបានស្លាប់បាត់បង់ជីវិត។

មូលហេតុដែលនាំឲ្យ តារានៅលើអ៊ិនធើណេត ដ៏ល្បីរូបនេះ កើតមានជំងឺមហារីក គឺដោយសាររូបគេ ធ្វើការរុំប្រដាប់ភេទបត់ទៅក្រោម ជារៀងរាល់ថ្ងៃ ដើម្បីធ្វើការថតរូប ឲ្យមើលទៅឃើញរូបរាង របស់គេដូចជាស្រីអញ្ចឹងដែរ ហើយមានពេលខ្លះ Sexy Pancake ទុកចោលពេញមួយយប់ទៀតផង ជាហេតុនាំឲ្យដំណើរឈាម មានចលនាមិនប្រក្រតី និងបង្កទៅជាមេរោគ មហារីក តែម្តង។ 

នេះគឺជារឿងសោកស្តាយមួយ ជាពិសេសសម្រាប់ អ្នកគាំទ្រតារារូបនេះផ្ទាល់ ដោយក្នុងនោះគេអាចដឹងថា នៅលើទំព័រហ្វេសប៊ុក របស់គេមានអ្នកគាំទ្រ Follow រហូតដល់ទៅជិត ៥០០,០០០នាក់ឯណោះ ហើយភាគច្រើននៃអ្នកគាំទ្រទាំងនោះ បាននាំគ្នាធ្វើការបរិច្ចាគប្រាក់ ដើម្បីជួយសម្រួលដល់ការព្យាបាលរបស់ Sexy Pancake តែទោះយ៉ាងណា ជាចុងក្រោយរូបគេ នៅតែទៅចោលអ្នកគាំទ្រ ដដែល៕

ប្រភព ៖
ដេលីម៉េល

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា បុរសម្នាក់ដែលចូលចិត្តថត តែងខ្លួនធ្វើជាស្រី និងចូលចិត្តថតរូប ជាលក្ខណៈស្ទាយប្លែកៗ រហូតដល់ក្លាយជាតារាល្បី នៅលើបណ្តាញសង្គម មិនត្រឹមតែក្នុងប្រទេសថៃ ថែមទាំងនៅក្រៅប្រទេសទៀត ពេលនេះកំពុងមាន ទុក្ខធ្ងន់ព្រោះតែរូបគេ កំពុងទទួលរងជំងឺ យ៉ាងកាចសាហាវ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកដែលល្បីល្បាញ ក្នុងការថតរូបជាស្ទាយប្លែកៗ នោះត្រូវបានគេស្គាល់ថា Sexy Pancake ជាជនជាតិថៃ ពេលនេះកំពុងតែ ជួបរឿងរ៉ាវអាក្រក់ ដោយរូបគេកើតមានជំងឺ មហារីកប្រដាប់ភេទ រហូតដល់ថ្នាក់ ក្រុមគ្រូពេទ្យត្រូវបង្ខំចិត្ត ធ្វើការកាត់ប្រដាប់ភេទ របស់គេចោល ដើម្បីការពារកុំឲ្យ ជំងឺបន្តរាលដាលថែមទៀត។

នៅក្នុងអាជីពការងាររបស់គេ ក្នុងរយៈពេល៣ឆ្នាំ បូករួមទាំងការថតរូប ដោយមានលាយឡំស្ទាយប្លែកៗ ដើម្បីយកទៅបង្ហោះនៅលើ បណ្តាញសង្គមផងនោះ Sexy Pancake ត្រូវធ្វើការរុំប្រដាប់ភេទ របស់គេបត់ទៅក្រោម ជារៀងរាល់ថ្ងៃ ក្នុងបំណងឲ្យ រូបរាងរបស់គេមើលទៅ ដូចជាមនុស្សស្រីអញ្ចឹងផងដែរ។ ក្នុងនោះដែរ ក្រុមអ្នកជំនាញជឿជាក់ថា ការរុំប្រដាប់ភេទ បត់ទៅក្រោម បានធ្វើឲ្យឈាមដែល មិនបានធ្វើចលនាដោយត្រឹមត្រូវនោះ បង្កឲ្យកោសិកាមហារីក បង្កកំណើតនិងរីកលូតលាស់ឡើងយ៉ាងរហ័ស ហើយនេះគឺជាអ្វី ដែលបានកើតឡើងជាក់ស្តែង ទៅលើតារាល្បី នៅលើបណ្តាញសង្គម Sexy Pancake។

ជាមួយគ្នានេះដែរ ក៏មានការបង្ហោះ ការរៀបរាប់ខ្លីមួយ នៅលើទំព័រហ្វេសប៊ុក របស់គេផ្ទាល់ផងដែរ ដោយបានបញ្ជាក់ថា “Pancake ចាប់ផ្តើមមានជំងឺ មហារីប្រដាប់ភេទ ព្រោះថាគាត់តែង រុំប្រដាប់ភេទរបស់កាត់ ដើម្បីថតរូប ហើយពេលខ្លះគាត់ទុកវាចោល ដោយមិនស្រាយចេញ ដល់ភ្លឺទៀតផង”។

យ៉ាងណាមិញ ក្រោយពីមានរឿងរ៉ាវ បែបនេះកើតឡើង មនុស្សជាច្រើន ជាពិសេសអ្នកគាំទ្ររបស់ Sexy Pancake ផ្ទាល់បាននាំគ្នា ចូលរួមបរិច្ចាគទឹកប្រាក់ ដើម្បីជួយសម្រួលដល់ការ ព្យាបាលរបស់រូបគេ ព្រមទាំងមានការពោលពាក្យ លើកទឹកចិត្តជាច្រើន នៅលើបណ្តាញសង្គម។

គូសបញ្ជាក់ផងដែរថា Sexy Pancake ត្រូវបានគេស្គាល់ថា ជាមនុស្សម្នាក់ដែលថតរូប ជាលក្ខណៈមនុស្សស្រី ប្រកបដោយស្ទាយប្លែកៗ និងគួរឲ្យចង់សើចជាច្រើន ហើយរូបគាត់ក៏ចាប់ផ្តើម ពេញនិយមរហូតទាល់តែ ទំព័របណ្តាញសង្គមរបស់គាត់ មានអ្នកចុចតាមដាន ដល់ទៅជិត៥សែននាក់ ឯណោះ។ ហើយយើងនឹងសង្ឃឹមថា ជំងឺរបស់គេនឹងអាច ធូរស្រាល ព្រមទាំងជាសះស្បើយ នាពេលឆាប់ៗនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload