ទីបំផុត Jessica ព្រមនិយាយសារភាព ទទួលស្គាល់ថានាង ពិតជាមានស្នេហា ជាមួយលោក Tyler Kwon ប្រាកដមែន! (មានវីដេអូ)

កូរ៉េខាងត្បូង៖ រយៈពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១៤មកម៉្លេះ ដែលមហាជន និងអ្នកគាំទ្រ មានមន្ទិលសង្ស័យ អំពីទំនាក់ទំនងរវាងកញ្ញា Jessica និងអ្នកជំនួញវ័យក្មេង លោកTyler Kwon ថាតើពួកគេត្រឹមតែជាមិត្តភក្តិ និងដៃគូរួមជំនួញធម្មតា ឬជាសង្សារនឹងគ្នា? ព្រោះថាគេតែងឃើញអ្នកទាំង២  មានភាពស្និទ្ធស្នាលនឹងគ្នាខុសពីធម្មតា ព្រមទាំងទៅណាមកណា ជាមួយគ្នាថែមទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា កាលពីថ្មីៗនេះ មន្ទិលសង្ស័យទាំងអស់ ត្រូវបានកញ្ញាJessica លាតត្រដាងការពិត ដោយផ្ទាល់មាត់របស់នាងហើយ។

នៅទីបំផុតកញ្ញា Jessica បានសារភាពថា នាងពិតជាមានទំនាក់ទំនងស្នេហាជាមួយ នឹងលោក Tyler Kwon យ៉ាងពិតប្រាកដមែន បន្ទាប់ពីមានពាក្យចចាមរ៉ាម ជាហូរហែរមកថា ពួកគេបានកំពុងតែ រស់នៅជាមួយគ្នា ក្រោមដំបូលតែមួយទៀតផង។ លើសពីនេះ អ្នកទាំង២ជាដៃគូអាជីវកម្មផងដែរ ដោយលោក Tyler Kwon បានធ្វើការវិនិយោគចូលទៅក្នុង Brand របស់ Jessica គឺ BLANC & ECLARE ហើយលោកព្រមទាំងជានាយកប្រតិបត្តិនៃផលិតកម្ម Coridel Entertainment ដែលជាទ្រនំថ្មីសម្រាប់ Jessica ទៀតផង។

ទន្ទឹមនឹងនេះ Jessica នាងបាននិយាយសារភាពថា៖ «ខ្ញុំពិតជាមិនធ្លាប់ទទួលស្គាល់ ឬក៏បដិសេធ អំពីទំនាក់ទំនងមួយនេះទេ។ ប៉ុន្តែទោះជាយ៉ាងណា គាត់បានក្លាយជាមិត្តប្រុសផ្លូវការរបស់ខ្ញុំរួចហើយ។ រយៈពេល៣ឆ្នាំមកហើយ ដែលពួកយើងស្រលាញ់គ្នា ហើយក្នុងចំណោមមិត្តប្រុស ដែលខ្ញុំធ្លាប់សេធគប់ទាំងអស់ គឺសុទ្ធតែមិនដល់១ឆ្នាំផង ប៉ុន្តែគាត់គឺជាបុរសដំបូង ដែលអាចនៅជាមួយខ្ញុំបានយូរដល់ថ្នាក់នេះ។ មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលដែលខ្ញុំ នៅជាសមាជិកក្រុម SNSD  ខ្ញុំពិតជាមិនអាចទទួលស្គាល់ ពីទំនាក់ទំនងស្នេហារបស់ខ្ញុំបានទេ ពីព្រោះតែក្រុមហ៊ុនបានហាមឃាត់ខ្ញុំមិនឲ្យនិយាយ»

នាងបាននិយាយបន្តទាំងអៀនៗថា៖ «ខ្ញុំស្រលាញ់គាត់ ពីព្រោះតែគាត់គឺជាមនុស្សឆ្លាតវៃ និងរហ័សរហួន»។ ចំពោះគម្រោងរៀបការវិញ នាងបានឆ្លើយតបថា៖ «ខ្ញុំគិតថា ពួកយើងរៀបការនៅពេលវេលា ដែលសមស្របមួយ គឺមិនយូរនោះទេ។ ពីព្រោះសព្វថ្ងៃនេះ ខ្ញុំឃើញមិត្តភក្តិរបស់ខ្ញុំជាច្រើន ពួកគេបានរៀបការ និងមានកូនអស់ហើយ ទើបធ្វើឲ្យខ្ញុំចង់រៀបការនឹងគេដែរ។ លើសពីនេះ ខ្ញុំតែងតែទិញរបស់របរក្មេងៗឲ្យទៅពួកគេទៀតផង។ ហើយប្រសិនជាខ្ញុំមានកូនវិញ គឺខ្ញុំចង់បានកូនស្រី២នាក់ គឺដូចជាខ្ញុំនិងប្អូនស្រីរបស់ខ្ញុំKrystal ដូច្នោះដែរ»

អ៊ាល់ប៊ុមទោលលើកទិ១របស់ Jessica ចេញកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៦

ប្រភព៖ Soompi

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤កន្លងទៅនេះ មានសារព័ត៌មានចិនមួយ បាននាំពាក្យថា នាង Jessica និងលោក Tyler Kwon នឹង អាចឈានដល់ ដំណាក់កាលរៀបការជាមួយគ្នា។ មិនតែប៉ុណ្ណោះ កាលពី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ លោក Tyler Kwon ក៏បានជួបជាមួយ ឪពុកម្តាយ របស់នាង Jessica នៅក្នុងកម្មវិធី ជួបសំណេះសំណាល ជាមួយអ្នកគាំទ្រ នៅខេត្ត GuangZhou ក្នុងប្រទេសចិន ផងដែរ។

អ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលនោះ គឺលោក Tyler Kwon ក៏បានបង្ហោះរូបថត ចិញ្ចៀនរៀបការមួយគូ លើ បណ្តាញ Weibo ហើយបាន សរសេរ ថា” I do” មានន័យថា “ខ្ញុំព្រម“ ថែមទៀតផង។

ទោះបីជាមាន ព័ត៌មានលេចលឺ ហើយរួមទាំង មានចិញ្ចៀនរៀបការនេះ ក៏ដោយ ក៏លោក Tyler Kwon បានអះអាងថា ជាចិញ្ចៀនក្នុងរឿង "Best Man"នោះទេ ហើយក៏គ្មានភស្តុតាង គ្រប់គ្រាន់ ដែលថានាង Jessica នឹងរៀបការជាមួយគាត់ នោះដែរ។

ហើយកាលនោះផលិតកម្ម SM ក៏បាន ថ្លែងពីព័ត៌មាននេះ រួចរាល់មកហើយថា អ្នកទាំង២ គ្មានទំនាក់ទំនង អ្វីពិសេស នោះទេ គ្រាន់តែមិត្តភក្កិ ជិតស្និទ្ធនឹងគ្នា តែប៉ុណ្ណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload