ទីបញ្ចប់ នាងPoo មិនអាចក្លាយជា ប្រពន្ធមហាសេដ្ឋី មានវាសនាល្អ ដូចនាង Chompoo ឡើយ!

ថៃ៖ ជារឿងគួរឲ្យសោកស្តាយមួយ ដែលទំនាក់ទំនងស្នេហារបស់ តារាស្រីថៃ នាង Poo Praiya និងមិត្តប្រុសលោក Note Vises ដែលត្រូវជាប្អូនថ្លៃ របស់នាង Chompoo ត្រូវបានបែកបាក់គ្នា។

កាលពីថ្មីៗនេះ គ្រប់បណ្តាញសារព័ត៌មានថៃ បានចុះផ្សាយយ៉ាងព្រោងព្រាត ពីការចែកផ្លូវគ្នារវាងនាង Poo និងលោក Note Vises ដែលស្រឡាញ់ និងសាងអនុស្សាវរីយ៍ជាមួយគ្នា អស់រយៈពេល៥ឆ្នាំមកហើយ។ 

ក្នុងនោះដែរ សម្រាប់នាង Poo បាននិយាយប្រាប់សារព័ត៌មានថា រឿងបែកបាក់គ្នានេះ គឺដោយសារតែពួកគេទាំងពីរ មិនសូវមានពេលនៅជាមួយគ្នាឲ្យបានច្រើន រវល់នឹងការងាររៀងៗខ្លួន ហើយក៏ចង់រាប់អានគ្នាជាបងប្អូនវិញ ប្រសើរជាងស្រឡាញ់គ្នាតទៅទៀត។

ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្រ បានចាប់អារម្មណ៍លើទំនាក់ទំនងរបស់នាង Poo និងលោក Note តាំងពីប៉ុន្មានខែមកហើយ ព្រោះថាពួកគេខានបង្ហោះរូបជាមួយគ្នាក្នុងបណ្តាញសង្គម ហើយលោក Note ក៏មិនសូវយកនាង Poo ចេញមុខតាមកម្មវិធីធំៗ ដូចសព្វរាល់ដងដែរ។ ហើយអ្នកគាំទ្រ ក៏គិតថា ពួកគេគ្រាន់តែឈ្លោះគ្នាបន្តិចបន្តួច ដែលអាចធ្វើឲ្យពួកគេ មិនចង់នៅជិតគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ នាង Poo បានប្រកាសក្តែងៗថា ចំណងស្នេហារបស់នាង ជាមួយនឹងមិត្តប្រុស មិនអាចបន្តទៅមុខបានទៀតនោះទេ ហើយថែមទាំងនិយាយថា ចង់រស់នៅបែបជីវិតផ្សេងៗគ្នាទៅវិញ។

គួរបញ្ជាក់ផងដែរ ក្រោយពីនាង Chompoo និងលោក Not Visaravuth បានរៀបការជាមួយគ្នា យ៉ាងអធិកអធមបំផុត កាលពីឆ្នាំ២០១៥រួចមក បានធ្វើឲ្យកក្រើកពេញពិភពសិល្បៈថៃតែម្តង ព្រោះថា មង្គលការរបស់នាងបានចំណាយថវិកា ទៅដល់ខ្ទង់លានដុល្លារឯណោះ។ ហើយមហាជនក៏សង្ឃឹមថា នាង Poo ក៏អាចមានវាសនាដូចនាង Chompoo ដែរ ព្រោះថា លោក Note Vises ដែលជាប្អូនប្រុសបង្កើត របស់ស្វាមីនាង Chompoo បានស្រឡាញ់នាង Pooយ៉ាងខ្លាំង ។ ប៉ុន្តែទោះជាយ៉ាងណា លោក Note Vises ក៏នៅតែអាចចុះចេញ និងបញ្ចប់សេចក្តីស្នេហា ជាមួយនឹងនាង Poo ដដែល។ ហើយចុងបញ្ចប់វាសនារបស់នាង Poo ក៏មិនអាចក្លាយជាប្រពន្ធមហាសេដ្ឋី មានទ្រព្យសម្បត្តិហូរហារ រស់នៅលើគំនរមាសប្រាក់ ដូចជាជីវិតនាង Chompoo ឡើយ។

ប៉ុន្តែក៏មានអ្នកគាំទ្រមួយចំនួន នៅតែផ្តល់កម្លាំងចិត្ត តាមបណ្តាញសង្គម ដល់នាង Poo ពីរឿងចែកផ្លូវនេះផងដែរ ព្រោះថាវាអាចមានហេតុផលខ្លះ ទើបធ្វើឲ្យនាង Poo និងមិត្តប្រុស សុខចិត្តបែកគ្នាយ៉ាងតក់ក្រហល់បែបនេះ ដែលកន្លងមក អ្នកគាំទ្របានឃើញថា ពួកគេបានផ្អែមល្ហែម និងស្រឡាញ់គ្នាយ៉ាងខ្លាំង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload