អ្នកលេងហ្វេសប៊ុកម្នាក់ បញ្ចេញមតិរិះគន់ថា ឲ្យពិន្ទុដកសូន្យ ព្រោះមិនពេញចិត្ត ខ្សែភាពយន្ត «នាយខ្វាក់នាយខ្វិនឆ្លងភព»

ភ្នំពេញ៖ នាពេលថ្មីៗនេះ ខ្សែភាពយន្តរឿង«នាយខ្វាក់នាយខ្វិនឆ្លងភព» ត្រូវបានសម្ពោធដាក់បញ្ចាំងជាផ្លូវការ នៅគ្រប់បណ្តារោងកុននានា នៅក្នុងទីក្រុងភ្នំពេញ។ ហើយព្រមទាំងទទួលបានការគាំទ្រ និងការកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកទស្សនាផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា ចំណង់ចំណូលចិត្តរបស់មនុស្សខុសៗពីគ្នា ហើយស្រាប់តែពេលថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានទៅទស្សនារឿងខាងលើផងដែរ តែគាត់ហាក់ដូចជាមិនពេញចិត្ត និងបានផ្ទុះមតិរិះគន់ តាមរយៈការសរសេរពីអារម្មណ៍របស់គាត់ បង្ហោះទៅលើបណ្តាញហ្វេសប៊ុកថា៖ «វាពិតជាពិបាកទទួលយកណាស់ ដោយកាលដែលគាត់សុខចិត្តទៅចំណាយទាំងពេលវេលា និងប្រាក់កាស ដើម្បីទៅគាំទ្រខ្សែភាពយន្តខ្មែរមួយ ដែលក្រោយពីគាត់ទស្សនារឿងនេះរួចហើយ អ្វីដែលគាត់ទទួលបានគឺដកសូន្យ(-០) មិនទទួលបានផ្លែផ្កាអ្វីសោះ ក្រៅពីអារម្មណ៍ អាណោចអាធ័មចំពោះវិស័យភាយន្តរបស់ជាតិខ្លួនដែលធ្លាក់ដុនដាបទៅៗ ដោយសារតែផលិតករមួយចំនួន ផលិតឲ្យតែរួចពីដៃ!»។

យ៉ាងណាមិញ គណនីមួយទៀតឈ្មោះថា LD បានឆ្លើយតប​វិញថា៖ «បើសិន អ្នកដាក់ពិន្ទុរូបនេះជាអ្នកចេះដឹងខាង ភាពយន្តខ្ញុំប្រហែលជា ឈប់ធ្វើកុនហើយ, ដោយសារតែ Comment គ្មានចំណេះដឹងរបស់បុគ្គលរូបនេះ តើយើងគួរតែឆ្លើយតបជាមួយវិញដោយរបៀបណា?»។

មិនទាន់ចប់ត្រឹមនេះ អ្នកប្រើហ្វេសប៊ុកដដែលខាងលើ មិនបង្អង់យូរ បង្ហោះសារថ្មីមួយដ៏វែងអន្លាយ នៅលើទំព័ររបស់ខ្លួន ឆ្លើយបកទៅវិញថា

«សុំទោសផងពូ! មុននឹងពូនិយាយបែបនេះ តើពួមានគិតដែរឬទេ ថាខ្ញុំនិយាយក្នុងនាមជាអ្វី? ខ្ញុំគឺជាទស្សនិកជន និងជាអតិថិជនម្នាក់របស់ពូ …ហេតុអ្វីខ្ញុំគ្មានសិទ្ធិនិយាយពីគុណភាពទំនិញដែលខ្ញុំបានទិញ? ឬមួយពូគិតថា ទាល់តែអ្នកជំនាញផ្នែកភាពយន្ត រៀនចប់បណ្ឌិតផ្នែកភាពយន្តទើបអាចរិះគន់ ឬបញ្ចេញយល់បល់ចំពោះស្នាដៃផលិយរបស់ពូបាន? បើពូនិយាយដូច្នេះ ចុះពេលពូទៅទទួលទានអាហារនៅភោជនីយដ្ឋានមួយ តើពូមិនធ្លាប់និយាយទេឬ ថាអាហារនៅហាងនេះឆ្ងាញ់ ឬមិនឆ្ងាញ់? ឬមួយទាល់តែពូទៅរៀនឲ្យចប់ផ្នែកចុងភៅ ឬម្ហូបអាហារសិន ទើបពូហ៊ាននិយាយថាសម្លនោះឆ្ងាញ់ ឬមិនឆ្ងាញ់?

ដំបូងខ្ញុំមិនចង់វិភាគ ឬនិយាយលម្អិតពីកុនរបស់ពូរឿង «នាយខ្វាក់នាយខ្វិនឆ្លងភព» នោះទេ។ ហេតុផលដំបូងៗដែលខ្ញុំមិនចង់សរសេរ ព្រោះរឿងនេះគ្មានតម្លៃគ្រប់គ្រាន់ ឲ្យខ្ញុំទៅ ចំណាយពេលសរសេរ។ ខ្ញុំចង់ប្រាប់ពូថា នេះមិនមែនជារឿងទីមួយដែល ខ្ញុំលើកយកមកនិយាយនោះទេ។ ខ្ញុំតែងតែវិភាគ និងវាយតម្លៃគ្រប់រឿងកុនដែល ខ្ញុំបានទស្សនារួច មិនថារឿងខ្មែរ រឿងថៃ ឬរឿងរបស់ហូលីវូដ។ រឿងណាល្អ ខ្ញុំថាល្អ រឿងណាមិនល្អ ខ្ញុំថាមិនល្អ ប៉ុន្តែគ្រប់យ៉ាងដែលខ្ញុំសរសេរនោះ ខ្ញុំនៅតែប្រកាសក្តែងៗប្រាប់គេឯងថា នេះជាទស្សនៈការយល់ឃើញរបស់ ទស្សនិកជនម្នាក់ដែលបានទស្សនាខ្សែភាពយន្តមួយចប់ប៉ុណ្ណោះ ត្រូវឬខុសវាជាទស្សនៈរបស់បុគ្គល ល្អមើល ឬមិនល្អមើល វាអាស្រ័យលើទស្សនិកជនម្នាក់ៗ ខ្ញុំមិនមែនជាអ្នកអារកាត់នោះទេ។

សូមពូកុំគិតថា ការយល់ឃើញរបស់អតិថិជនរបស់ពូ គឺជាការរិះគន់បែប ជាន់ពន្លិចអីនោះ! នោះវាគ្រាន់តែជាលេសដោះទ័លរបស់មនុស្សបរាជ័យ និងមិនព្រមទទួលស្គាល់ការពិតប៉ុណ្ណោះ! គ្មានហេតុផលអ្វីដែលខ្ញុំត្រូវទៅជាន់ពន្លិចពូ ឬក៏ខ្សែភាពយន្តរបស់ខ្មែរនោះទេ។ ខ្ញុំធ្លាប់សរសេរសរសើររឿងខ្មែរដែលល្អៗ ច្រើនរឿងកន្លងមកហើយ ដូចជារឿង គ្រាប់ពេជ្រ ដុំហ្វីលចុងក្រោយ និងតម្លៃស្នេហ៍ជាដើម ហើយរឿងរបស់ពូ ដូចជា រឿងបងប្អូន២នាក់ ខ្ញុំក៏ធ្លាប់សរសើរដែរ។ ដូច្នេះសូមពូកុំបើកភ្នែកតែម្ខាងសម្លឹងមកខ្ញុំ ហើយសូមពូកុំប្រកាន់គំនិតរឹងត្អឹង អស្មិមានៈពេក ព្រោះវាមិនបានធ្វើឲ្យ ស្នាដៃផលិតកុនរបស់ពូរីកចម្រើននោះទេ។

ជាចុងក្រោយបើពូមិនសុខចិត្តទេ ថ្ងៃឈប់សម្រាកខាងមុខខ្ញុំនឹងច្រៀកពេលវេលា របស់ខ្ញុំមកនិយាយបន្តិចពីរឿងរបស់ពូដោយសង្កត់ធ្ងន់ទៅលើផ្នែក៖

១. Plot/Script ឬសាច់រឿង/ដំណើររឿង, ២. Setting/ឆាក/ពេលវេលា និងទីតាំងថត, ៣. Cinematography/ប្លង់ អង្គកាមេរ៉ា ការកាត់ត និងបច្ចេកទេសថត, ៤.Music/Sound/បទភ្លេងដែលបញ្ចូល, ៥. Acting/តួសម្តែង/ការសម្តែង រួមទាំងភាពសមហេតុសមផលនៅក្នុងរឿងផងដែរ។ ថ្ងៃនេះសុំចប់ត្រឹមប៉ុណ្ណេះ!»

ចុះចំណែកប្រិយមិត្តខ្មែរឡូត យល់ឃើញយ៉ាងណាទៅវិញដែរ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload