តារាស្រីថៃ Esther ស្រក់ទឹកភ្នែកក្នុងថ្ងៃកំណើត ព្រោះតែទង្វើអ្នកគាំទ្រ (មានវីដេអូ)

ថៃ៖ តារាស្រីថៃ Esther Supreeleela ត្រូវបានអ្នកគាំទ្រជាច្រើននាក់ រៀបចំធ្វើពិធីខួបកំណើតឲ្យនាង យ៉ាងភ្ញាក់ផ្អើលមួយ។

កាលពីម្សិលមិញនេះដែរ តារាស្រីកូនកាត់ ថៃ- ម៉ាឡេស៊ី បានរំភើបចិត្តក្រៃលែង ព្រោះតែអ្នកគាំទ្រ បានស្រែកច្រៀងរួមគ្នា ជាមួយនឹងបទចម្រៀងដ៏អន្លង់អន្លូចមួយបទ នៅក្នុងថ្ងៃកំណើតរបស់នាង។ មិនតែប៉ុណ្ណោះ Esther បានស្រក់ទឹកភ្នែក ព្រោះតែឃើញសកម្មភាពរបស់អ្នកគាំទ្រ ពេញចិត្ត និងស្រឡាញ់នាង យ៉ាងពេញបេះដូងបែបនេះ។ 

ក្នុងនោះដែរ ក៏មានតារាល្បីៗជាច្រើនទាំងប្រុស-ស្រី បានរំលេចនូវរូបថត និងបញ្ចេញវីដេអូ ដោយនិយាយពាក្យជូនពរនាង Esther ក្នុងថ្ងៃកំណើត តាមរយៈបណ្តាញសង្គមនានាផងដែរ។

គួរបញ្ជាក់ផងដែរថា នាង Esther ជាតារាវ័យក្មេងម្នាក់ តែរូបនាងទទួលបានការថតសម្តែង រឿងភាគថៃបានយ៉ាងច្រើន គួរឲ្យកត់សម្គាល់។ ហើយរឿងមួយដែលទទួលបានការគាំទ្រ និងធ្វើឲ្យមហាជនរឹតតែស្គាល់នាងច្បាស់នោះ គឺរឿង «Ugly duckling: Boy’s Paradise ដែលសម្តែងជាមួយលោក Sean Jindachot ៕ 
តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ប្រហែលជាប្រិយមិត្តពិតជាចង់ដឹងពី ប្រវត្តិរបស់នាង Esther និង លោក Sean Jindachot ហើយ ព្រោះថាពួកគេទាំងពីរនាក់ កំពុងតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ក្នុងមួយរយៈពេលកន្លងមកនេះ។

នាពេលបច្ចុប្បន្ន ចំពោះប្រិយមិត្តដែលនិយមចូលចិត្តទស្សនាខ្សែភាពយន្តភាគថៃ ភាគច្រើនគឺពួកគេប្រាកដជាបានស្គាល់ នូវតួឯកស្រីប្រុសទាំង២នាក់នេះហើយ ដែលពួកគេបានដើរតួជាមួយគ្នា នៅក្នុងរឿង «កូនប្រសារបំណុល» ឬ «leh Ratee» និងបានចាក់ផ្សាយ នៅក្នុងបុស្តិ៍ទូរទស្សន៍ល្បីឈ្មោះ ក្នុងប្រទេសកម្ពុជា ទៀតផង។ ដោយរឿងនេះផងដែរ គឺកំពុងតែទទួលបានការគាំទ្រជាខ្លាំងពី សំណាក់អ្នកគាំទ្រកម្ពុជា និង អ្នកគាំទ្រពីគ្រប់មជ្ឈដ្ឋានផ្សេងទៀតផងដែរ ប៉ុន្តែមិនថាយ៉ាងណា ប្រហែលជាមានប្រិយមិត្តមួយចំនួន នៅមិនទាន់បានដឹងពីជីវប្រវត្តិខ្លះៗរបស់តួសម្តែងទាំង២នាក់នេះនៅឡើយទេ។

ដូចនេះ សូមលើកយក ជីវប្រវត្តិសង្ខេបខ្លះៗ អំពីតួឯកទាំង២នាក់នេះ ដើម្បីឲ្យប្រិយមិត្តKhmerload បានជ្រាបកម្សាន្តដូចតទៅ៖

តួឯកស្រីមានឈ្មោះពេញថា Esther Supreeleela ឈ្មោះហៅក្រៅថា Esther កញ្ញាបានកើតនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៩៤ នៅឯទីក្រុងបាងកក ប្រទេសថៃ។ កញ្ញាមានសញ្ញាតិ ថៃ កាត់ ម៉ាឡេស៊ី។ Esther នាងមានកម្ពស់ ១៦៧សម ទម្ងន់ ៤២គីឡូក្រាម និងកាន់សាសនាគ្រិស្ត។ លើសពីនេះ Esther នាងសម្តែងបានចំនួន១៤រឿងមកហើយ ហើយសុទ្ធសឹងតែជារឿងល្បីៗថែមទៀតផង។ កញ្ញាក៏ធ្លាប់បានទទួលបានពាន់រង្វាន់ Miss Cawall កាលពីឆ្នាំ២០០៩កន្លងទៅផងដែរ។ Esther នាងជាតារាសម្តែងវ័យក្មេង និងជាតារាម៉ូដែល ល្បីឈ្មោះក្នុងប្រទេសថែមទៀតផង។

រីឯតួប្រុសវិញមានឈ្មោះថា Sean Jindachot ជាឈ្មោះក្នុងសិល្បៈ រីឯឈ្មោះដើមកំណើតវិញ មានឈ្មោះថា Torn Jindachot ប៉ុន្តែឈ្មោះហៅក្រៅវិញ ហៅថា Sean លោកមានបងស្រី ជាតារាសម្តែងមានឈ្មោះថា Ploy jindachot។ គួរឲ្យដឹងថា Sean កើតនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ១៩៨៨ និង មានកម្ពស់១៧៤សម។ Sean ធ្លាប់សម្តែងបានជាង១០រឿងមកហើយ។ ហើយលោកក៏ជាតារាសម្តែង និងតារាម៉ូដែល ល្បីឈ្មោះនៅក្នុងប្រទេសថៃផងដែរ។

គួរឲ្យដឹងថា Sean និង Esther ចាប់ផ្តើមសម្តែងរឿងជាមួយគ្នា ដំបូងគឺរឿង «leh Ratee» កាលពីឆ្នាំ២០១៥។ ស្របពេលជាមួយគ្នានេះដែរ នៅក្នុងឆ្នាំ២០១៥ដដែល ពួកគេក៏បានសម្តែងរួមគ្នាមួយរឿងទៀត គឺរឿង«Ugly duckling: Boy’s Paradise» ដែលរឿងបន្ទាប់នេះគឺ ពួកគេបានទទួលការចាប់អារម្មណ៍ ច្រើនជាងរឿងមុនៗទ្វេរដងទៅទៀត ព្រមទាំងទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់អ្នកគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងអស់ មិនថាក្នុងឬក៏ក្រៅប្រទេសនោះទេ។ ហើយរឿងទាំង២ដែលពួកគេសម្តែងរួមគ្នានេះ គឺថាមានសុទ្ធសឹងតែឈុតស្និទ្ធិស្នាលផ្អែមល្អែម ជាពិសេសទៀតនោះគឺឈុតថើបគ្នា បើនិយាយទៅគឺច្រើនតែម្តង ដែលទាំងនេះហើយជាហេតុធ្វើឲ្យមានអ្នកគាំទ្ររឹតតែស្រលាញ់ និងចូលចិត្តអ្នកទាំង២ទ្វេរដងឡើង។

ប៉ុន្តែមិនថាយ៉ាងណា អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៀតនោះគឺ មានប្រិយមិត្តអ្នកគាំទ្រជាច្រើន មានភាពសង្ស័យទៅលើទំនាក់ទំនង ស្អិតរមួតរវាងអ្នកទាំង២ ថាតើអ្នកទាំង២នាក់នេះ គឺជាសង្សារនឹងគ្នាយ៉ាងពិតប្រាកដមែន ឬមួយយ៉ាងណា ពីព្រោះឃើញថា អ្នកទាំង២ ពិតជាស្និតស្នាលនឹងគ្នាខ្លាំងមែនទែន ទាំងក្នុង និងក្រៅសាច់រឿង គឺដូចជាសង្សារនឹងគ្នាដូច្នោះឯង។ ហើយអ្វីដែលអ្នកគាំទ្រជាច្រើន ប្រាថ្នានោះ គឺចង់ឲ្យអ្នកទាំង២ ស្រលាញ់គ្នាមែនទែន ទាំងក្នុង និងក្រៅឈុតឆាកផងដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload