៧សន្លឹក ពីតារាសម្តែង ពូកែក្បាច់គុណ កុំកុំ ក្នុងអំឡុងពេលថតរឿងថ្មី ញាក់សាច់ហ្មង

ចិន៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីបានឃើញ រូបថតប៉ុន្មានសន្លឹក ពីតារាសម្តែងហុងកុង ពូកែខាងក្បាច់គុណ Donnie Yen ឬគ្រប់គ្នាតែងហៅថា «កុំកុំ» ស្របពេលដែល លោក កំពុងតែថតរឿងថ្មីមួយ ឲ្យហូលីវូដ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាសម្តែងមិនងាយចាស់ វ័យ៥២ឆ្នាំ រូបនេះ កំពុងតែថតរឿងហូលីវូដថ្មីមួយ មានចំណងជើងថា «xXx: The Return of Xander Cage» ដែលជាខ្សែភាពយន្តតភាគ ពីរឿង «xXx» ក្នុងឆ្នាំ២០០២ និង «xXx: State of the Union» ក្នុងឆ្នាំ២០០៥។

ខ្សែភាពយន្តថ្មី រឿង «xXx: The Return of Xander Cage» នេះ នឹងត្រូវផលិតឡើងដោយ តារាសម្តែងសញ្ជាតិអាមេរិក វ័យ៤៨ឆ្នាំ លោក Vin Diesel និងដឹកនាំសម្តែងដោយ អ្នកដឹកនាំរឿង សញ្ជាតិអាមេរិក វ័យ៥១ឆ្នាំ លោក D.J. Caruso។

ជាមួយគ្នានេះដែរ កុំកុំ ត្រូវបានតម្រូវ និងខិតខំប្រឹងប្រែងបន្ថែម ក្នុងការហ្វឹកហាត់ យ៉ាងធ្ងន់ធ្ងរបំផុត និងទទួលទានរបបអាហារ យ៉ាងម៉ឺងម៉ាត់ ដើម្បីទទួលបានរូបរាងបុរស ដ៏វិសេសវិសាលមួយ នៅក្នុងខ្សែភាពយន្តថ្មីនេះ។

គួរបញ្ជាក់ផងដែរថា នៅសល់តែ ១សប្តាហ៍ទៀតតែប៉ុណ្ណោះ ការថតខ្សែភាពយន្តថ្មី រឿង «xXx: The Return of Xander Cage» នេះ នឹងត្រូវបញ្ចប់ការថត ខណៈកុំកុំ បានឲ្យដឹងថា ខ្លួនស្ទើរតែមិនអាចរង់ចាំ ការវិលត្រលប់ ទៅហុងកុងវិញ ដើម្បីជួបកូនប្រុសស្រី របស់ខ្លួន។ ប៉ុន្តែ កុំកុំ ក៏មានគំរោង ទៅលេងក្រុមគ្រួសារ នៅឯសហរដ្ឋអាមេរិក ផងដែរ ហើយបាននិយាយថា បំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្លួន ក្រោយពេលបញ្ចប់ការថតនោះ គឺខ្លួននឹងប៉ូវខ្លួនឯងវិញ ជាមួយនឹងអាហារឲ្យច្រើនតែម្តង។

ក្រៅពី កុំកុំ ក្នុងនោះ តារាសម្តែងសញ្ជាតិអាមរិក វ័យ៦៧ឆ្នាំ លោក Samuel L. Jackson និង តារាសម្តែងខ្មែរសុរិន ពូកែខាងក្បាច់គុណ វ័យ៤០ឆ្នាំ លោក Tony Jaa ក៏បានចូលរួមសម្តែង ក្នុងខ្សែភាពយន្តថ្មីនេះ ផងដែរ។ រឿង «xXx: The Return of Xander Cage» នឹងចាក់បញ្ចាំង នៅតាមបណ្តារោងកុននានា នៅសហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នេះ។

យ៉ាងណាមិញ អស់រយៈពេលជាច្រើនខែមកហើយ បន្ទាប់ពីប្រឹងប្រែងហ្វឹកហាត់ យ៉ាងយកចិត្តទុកដាក់ និងថតខ្សែភាពយន្តថ្មី ស្ទើរតែបញ្ចប់ទៅហើយនោះ កុំកុំ បានបញ្ចេញរូបថតប៉ុន្មានសន្លឹក ដើម្បីបង្ហាញអ្នកគាំទ្រ ឲ្យបានឃើញ នូវរូបរាងរបស់ខ្លួន នាពេលបច្ចុប្បន្ននេះ ដែលមើលទៅ ពិតជាប្លែក និងអស្ចារ្យមែនទែន៕

តោះ! ទៅមើលរូបថតរបស់ កុំកុំ ទាំងអស់គ្នា៖

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload