តួអង្គ ០០៧ ក្នុងរឿង «Spectre» បដិសេធលុយ ៦៨លានដុល្លារ មិនថតរឿង James Bond ទៀតទេ

អង់គ្លេស៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តួអង្គ ០០៧ ក្នុងរឿង «Spectre» លោក Daniel Craig បានបដិសេធលុយ ៦៨លានដុល្លារអាមេរិក សម្រាប់ការថតខ្សែភាពយន្ត James Bond ចំនួន២រឿងទៀត។

ជាមួយគ្នានេះដែរ តារាសម្តែងសញ្ជាតិអង់គ្លេស វ័យ៤៨ឆ្នាំ ដែលបានដើរតួ ក្នុងរឿង James Bond ចំនួន ៤រឿង រួចមកហើយនោះ បានច្រានចោល ការផ្តល់ជូនដ៏ធំនេះ និងប្រាប់ឲ្យដឹងថា ខ្លួនឆ្អែតនឹងដើរតួនេះហើយ (តួអង្គអ្នកស៊ើបការណ៍ ឬជនបង្កប់)។

ប្រភពដដែលបានប្រាប់ឲ្យដឹងថា ពួកគេបានជះលុយជាច្រើន ឲ្យលោក Daniel ដើម្បីថតខ្សែភាពយន្ត James Bond ចំនួន២រឿងទៀត ប៉ុន្តែវាមិនមែនជាអ្វី ដែលលោក ចង់បាននោះទេ។

គាត់បានប្រាប់គ្រប់គ្នាបន្ទាប់ពីថតខ្សែភាពយន្ត រឿង Spectre ចប់ថា នេះគឺជាខ្សែភាពយន្ត ចុងក្រោយរបស់គាត់ហើយ ប៉ុន្តែខាងផលិតកម្មភាពយន្ត នៅតែមានអារម្មណ៍ថា គាត់នៅតែអាចបន្តថតបានទៀត ប្រសិនបើចរចាត្រូវថ្លៃគ្នា។

គួររំលឹកឲ្យដឹង ផងដែរថា កាលពីឆ្នាំមុនលោក Daniel បានប្រាប់ឲ្យដឹងថា គាត់នឹងជ្រើសរើស ការអារ.កដៃ ជំនួសឲ្យការដើរតួ ក្នុងរឿង James Bond បន្តទៀត ប៉ុន្តែក្រោយមក គាត់បានប្រែសម្តី ដោយនិយាយថា គាត់នឹងថតរឿង James Bond បន្តទៀត បើសិនជាចរចាត្រូវថ្លៃគ្នា។

គួរបញ្ជាក់ផងដែរថា រឿង James Bond ចំនួន៤ ដែល លោក Daniel បានដើរតួនោះ រួមមាន រឿង «Casino Royale» ក្នុងឆ្នាំ២០០៦ រឿង «Quantum of Solace» ក្នុងឆ្នាំ២០០៨ រឿង «Skyfall» ក្នុងឆ្នាំ២០១២ និង រឿង «Spectre» ក្នុងឆ្នាំ២០១៥។

យ៉ាងណាមិញ អនាគតតួអង្គ ០០៧ ក្នុងរឿង James Bond ក្រោយៗទៀត កំពុងតែក្លាយជា ប្រធានបទយ៉ាងក្តៅគគុក សម្រាប់អ្នកនិយម ប្រើប្រាស់អ៊ីនធឺណែត។

ក្នុងនោះដែរ កាលពីសប្តាហ៍មុននេះ តារាសម្តែង សញ្ជាតិអង់គ្លេស វ័យ៣៥ឆ្នាំ លោក Tom Hiddleston ត្រូវបានគេប្រទះឃើញ កំពុងណាត់ជួប ជាមួយនឹង អ្នកដឹកនាំរឿង James Bond សញ្ជាតិអង់គ្លេស វ័យ៥០ឆ្នាំ លោក Sam Mendes និងផលិតករភាពយន្ត សញ្ជាតិអាមេរិក វ័យ៥៥ឆ្នាំ អ្នកស្រី Barbara Broccoli នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ទៀតផង ដែលជម្រុញឲ្យមាន ពាក្យចចាមអារ៉ាមថា លោក Tom Hiddleston អាចនឹងក្លាយជា តួអង្គ ០០៧ ក្នុងរឿង James Bond បន្ទាប់៕

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload