តារាឆ្នើម ៤ នាក់អត់ជាប់ជម្រើសជាតិអេស្បាញសម្រាប់ Euro

កីឡាករ Diego Costa និង Juan Mata ត្រូវបានគ្រូបង្វឹកលោក Vicente del Bosque ដកឈ្មោះចេញពីជម្រើសជាតិអេស្បាញ សម្រាប់យុទ្ធនាការ ព្រឹត្តិការណ៍ Euro ២០១៦ ខណៈក៏អត់មានកន្លែងសម្រាប់កីឡាករ ធ្លាប់ឈ្នះពានរង្វាន់ជាមួយអេស្បាញពីរដង គឺ Fernando Torres ផងដែរ។
Costa
Costa ជួបការខកចិត្តជាមួយ Chelsea ដោយសារមិនសូវបានលេង ដោយសាររបួសច្រើន ទោះបីជាស៊ុតបញ្ចូលទីបាន ១៦គ្រាប់ និងបន្ទាប់មកបានទទួលរងរបួសសរសៃពួរទៀត ក្នុងការប្រកួតស្មើ ១-១ ជាមួយនឹងហង្សក្រហម Liverpool កាលពីដើមខែនេះ។ គ្រូបង្វឹក Chelsea លោក Guus Hiddink បានទទួលស្គាល់ថា រូបលោកក៏មិនច្បាស់ថាតើ ខ្សែប្រយុទ្ធមានឈាមជ័រប្រេស៊ីលរូបនេះ អាចជាសះស្បើយទាន់ សម្រាប់ការប្រកួតដែលនឹងចាប់ផ្តើមនៅខែក្រោយ ក្នុងប្រទេសបារាំង ឬយ៉ាងណាទេ។

កីឡាករនេះក៏អវត្តមានលេងឲ្យអេស្បាញ ក្នុងការប្រកួតមិត្តភាពជាមួយ អ៊ីតាលី និងរ៉ូមេនី កាលពីខែមីនាដែរ ខណៈលោក Del Bosque បានថ្លែងប្រកាសពីសមាសភាពជម្រើសជាតិអេស្បាញ ដែរថា លោកនឹងមិនចង់យកកីឡាករ Costa ដែលមានមន្ទិលពីបញ្ហារបួសទៅលេងក្នុងពានអឺរ៉ូនោះទេ រួមទាំងកីឡាករកាំភ្លើងធំ Arsenal គឺ Santi Cazorla ដែលទើបជាសះស្បើយពីរបួសរ៉ាំរ៉ៃ កាលពីថ្ងៃអាទិត្យផងដែរ។

រីឯ Mata មានទម្រង់លេងធ្លាក់ចុះឲ្យក្លិបបិសាចក្រហម Manchester United ដែលខកខានមិនបានជាប់ក្នុងក្រុមកំពូលទាំង ៤ ក្នុងតារាង ខណៈដែលការសម្រេចរបស់លោក Del Bosque ក្នុងការលុបឈ្មោះ Torres ចោលគឺដោយសារតែកីឡាករនេះ មិនបានស៊ុតបញ្ចូលទីច្រើនឲ្យ អេស្បាញ ទោះជាខ្សែប្រយុទ្ធឡើងទម្រង់លេងឲ្យក្លិប Atletico Madrid ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ក៏ដោយ៕