ចាន់ វឌ្ឍនាកា រកបាន១០គ្រាប់តែម្នាក់ឯង ស្របពេលក្រុម ទ័ព ទម្លាក់អាស៊ីអឺរ៉ុប

ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា របស់ក្រុមបឹងកេតអង្គរ កំពុងតែបង្កើនឱកាស ក្នុងការឈ្នះស្បែកជើងមាស ពីព្រឹត្តិការណ៍ការប្រកួតពានរង្វាន់សម្តេចហ៊ុនសែន ប្រចាំឆ្នាំ២០១៦ ជាថ្មីម្តងទៀត ខណៈរូបគេរកបានគ្រាប់បាល់បន្ថែមចំនួន១០គ្រាប់ទៀត កាលពីម្សិលមិញនោះ ប៉ុន្តែក្រុមអាស៊ីអឺរ៉ុប បានក្លាយជាក្រុមលីកកំពូលដំបូងគេ ដែលបានធ្លាក់ចេញពីការប្រកួតនេះ ខណៈពួកគេមិនអាចយកឈ្នះក្រុមក្រសួងការពារជាតិ(ទ័ព) បាននោះ។
vb
vb1
បើទោះបីជា ការប្រកួតលើកទី៤ កាលពីម្សិលមិញនេះ ក្រុមខ្លាំងបឹងកេតអង្គរ ត្រូវទៅប្រកួតនៅលើទីលានមិនសូវអំណោយផល ក្នុងរួមខេត្តកំពង់ធំ ប៉ុន្តែពួកគេនៅតែលត់ក្រុមម្ចាស់ផ្ទះ អ.ហខេត្តកំពង់ធំ រហូតដល់ ១២-០ ហើយគ្រាប់បាល់ទាំងនេះគឺរកបានដោយ ចាន់ វឌ្ឍនាកា ចំនួន១០គ្រាប់តែម្នាក់ឯង ខណៈ២គ្រាប់ទៀត រកបានដោយ អ៊ុំ កុម្ភៈ និង ហុង ផេង។លទ្ធផលនេះបានជួយឲ្យ៤ប្រកួតរបស់បឹងកេត គឺឈ្នះទាំងអស់ នឹងបានឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ។

ចំណែកក្រុមឈរនៅពូលBជាមួយគ្នាគឺ អាស៊ីអឺរ៉ុប បានចាញ់ក្រុមទ័ព ៣-១ នៅកីឡដ្ឋានស្តាតចាស់ កាលពីម្សិលមិញនោះដែរ ដោយ៣គ្រាប់របស់ក្រុមទ័ពរកបានដោយកីឡាករ ឈិន ឈឿន នៅនាទីទី២ ភួង សុខសាណា នៅនាទីទី៤៦ និង កែ វណ្ណៈ នៅនាទីទី៧៨ រីឯ១គ្រាប់របស់អាស៊ីអឺរ៉ុប រកបានដោយ ជិន ជួន នៅនាទីទី១៧ ខណៈក្រុមម្ចាស់ផ្ទះខេត្តស្ទឹងត្រែង បានត្រឹមស្មើ ១-១ ជាមួយខេត្តព្រៃវែង។
vb2
vb3
តាមលទ្ធផលនេះបានបញ្ជាក់យ៉ាងច្បាស់ពីជោគវាសនារបស់អាស៊ីអឺរ៉ុប គឺពួកគេបានធ្លាក់ចេញពីការប្រកួតនេះហើយ បើទោះបីជា នៅសល់១ប្រកួតទៀតក៏ដោយ ព្រោះការឈ្នះ២ និងចាញ់២ប្រកួត វាគ្រាប់គ្រាន់សម្រាប់ក្រុមមួយនេះ ធ្លាក់ហើយ រីឯក្រុមទ័ព ត្រូវប្រកួតដណ្តើមយកលេខ១ និងលេខ២ប្រចាំពូលនេះជាមួយក្រុមបឹងកេត នាការលើកចុងក្រោយ នៅថ្ងៃទី៨ ខែមិថុនា។

ដោយឡែកក្រុមព្រះខ័នរាជស្វាយរៀង បានលត់ក្រុមមិនធ្លាប់ចាញ់ របស់ខេត្តកំពង់ឆ្នាំងរហូតដល់ ១២-០ នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីយប់ថ្ងៃពុធ ម្សិលមិញ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរនៅលើកំពូលតារាងនៃពូលA ដោយមាន១២ពិន្ទុ គឺឈ្នះទាំង៤ប្រកួត។
vb4
ចំណែកក្រុមខេមបូឌានថាយហ្គឺរ បានលត់ក្រុមយុវជនបឹងកេតកំពង់ចាម ៨-១ នៅកីឡដ្ឋានចម្ការកៅស៊ូបឹងកេត ក្នុងខេត្តកំពង់ចាម ដើម្បីបន្តឈរនៅលេខរៀងទី២ បន្ទាប់ពីក្រុមព្រះខ័នរាជស្វាយរៀង ដោយមាន១០ពិន្ទុ និងបានឈ្នះកៅអីទៅវគ្គបន្តដោយស្វ័យប្រវត្តិ។ រីឯក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានបំបាក់ក្រុមខេត្តកណ្តាល ៦-១ នៅលើទឹកដីខ្លួនឯង មុនពេលពួកគេធ្លាក់ចេញពីការប្រកួតនេះ៕