លោក Xia ទិញយកក្លិប Aston Villa និងសម្លឹងកៅអីក្នុង Premier League

ក្លិប Aston Villa នឹងត្រូវលក់ចេញ ក្រោយពីលោក Randy Lerner ដែលម្ចាស់កម្មសិទ្ធិក្លិប បានយល់ព្រមលក់ក្លិបនេះទៅឲ្យលោក Tony Jiantong Xia ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Recon Group ក្នុងតម្លៃដែលត្រូវបានគេរាយការណ៍ថា មានចំនួន៨៦លានដុល្លារអាមេរិក។ លោក Xia ដែលជាពាណិជ្ជកជនជាតិចិនម្នាក់នោះ បានកំណត់គោលដៅនៃការវិលទៅកាន់ក្របខ័ណ្ឌ Premier League ភ្លាមៗ ហើយបន្ទាប់ការប្រជែងយកកៅអីទៅលេងក្នុងក្របខ័ណ្ឌកីឡាបាល់ទាត់ទ្វីបអឺរ៉ុប។
aston_villa
ខណៈដែលការលក់នេះនឹងត្រូវទទួលការយល់ព្រមពីសំណាក់ក្របខ័ណ្ឌ Premier League និងលីកកីឡាបាល់ទាត់ជាមុនសិននោះ អ្នកគាំទ្ររបស់ក្រុម Aston Villa សង្ឃឹមថា ម្ចាស់កម្មសិទ្ធិក្លិបថ្មីរូបនេះ អាចលុបចោលបញ្ហាដែលអូសបន្លាយអស់រយៈពេល១ទសវត្សរ៍ក្រោមការកាន់កាប់របស់លោក Lerner ដែលបានបញ្ចប់ជាមួយនឹងការធ្លាក់ទៅលេងក្នុងក្របខ័ណ្ឌ Championship នៅរដូវកាលនេះ ក្នុងនាមជាក្រុមបាតតារាង។ Aston Villa បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប Aston Villa ពិតជារីករាយណាស់ក្នុងការប្រកាសថា ការព្រមព្រៀងគ្នាមួយត្រូវបានចុះហត្ថលេខានៅថ្ងៃនេះសម្រាប់ការលក់ភាពជាម្ចាស់កម្មសិទ្ធិ១០០ភាគរយដោយលោក Randy Lerner ទៅឲ្យក្រុមហ៊ុន Recon Group របស់លោក Tony Jiantong Xia ដោយរង់ចាំតែការអនុម័តរបស់ក្របខ័ណ្ឌ Premier League និងលីកកីឡាបាល់ទាត់ប៉ុណ្ណោះ»៕

ប្រភពព័ត៌មាន៖ The Guardian