វិទ្យាល័យបាក់ទូក ធ្លាក់ចេញពីការប្រកួត CamIU Football Cup យ៉ាងផុយស្រួយ

ក្រុមបាល់ទាត់របស់វិទ្យាល័យបាក់ទូក បានធ្លាក់ចេញពីការប្រកួតបាល់ទាត់យុវជនសិស្សវិទ្យាល័យរាជធានីភ្នំពេញ ពានរង្វាន់សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ លើកទី១ ឆ្នាំ២០១៦(CamIU Football Cup 2016) ក្នុងថ្ងៃបើកឆាកយ៉ាងផុយស្រួយបំផុត ខណៈពួកគេបានចាញ់ក្រុមវិទ្យាល័យជាស៊ីមសន្ធរម៉ុក រហូតដល់១០គ្រាប់ កាលពីម្សិលមិញនោះ។
k3
វាហាក់បង្ហាញឲ្យឃើញពីមោទនភាពផងដែរ នៅពេលគណៈកម្មការរៀបចំការប្រកួត បានសម្រេចដាក់ក្រុមវិទ្យាល័យបាក់ទូក ឲ្យប្រកួតជាមួយក្រុមវិទ្យាល័យជាស៊ីមសន្ធរម៉ុក ក្នុងថ្ងៃបើកកម្មវិធី នៅពហុកីឡដ្ឋានជាតិ ដែលមានការចូលរួមពីលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ជា នាងអេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជាអន្តរជាតិ ព្រមទាំងសិស្សានុសិស្សរាប់រយនាក់នោះ។
k2
ប៉ុន្តែបទពិសសោធដ៏ជូរចត់ ក៏បានកើតមានឡើងចំពោះវិទ្យាល័យបាក់ទូកផងដែរ ព្រោះពួកគេត្រូវបានក្រុមវិទ្យាល័យជាស៊ីមសន្ធរម៉ុក បំបាក់ក្នុងលទ្ធផល ១០-៣។ ការចាញ់យ៉ាងអាម៉ាស់នេះបានធ្វើឲ្យក្រុមវិទ្យាល័យបាក់ទូកធ្លាក់ចេញពីការប្រកួតនេះមុនគេ ព្រោះការប្រកួតនេះគេយករូបមន្តចាញ់ធ្លាក់ៗមកអនុវត្ត ដើម្បីរកក្រុមឈ្នះឡើងទៅប្រកួតនៅវគ្គ៨ក្រុម រួចជម្រុះបន្តយក៤ក្រុម ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។
k1
គួរបញ្ជាក់ថា ការប្រកួតពាន CamIU Football Cup 2016នេះ មានក្រុមតំណាងឲ្យវិទ្យាល័យចំនួន១៥ បានចូលរួម ដោយនឹងត្រូវប្រកួតគ្នានៅលើទីលានចំនួន៤ផ្សេងគ្នា រៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ហើយគ្រោងបញ្ចប់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ដោយក្នុងនោះក្រុមម្ចាស់ជើងឯកនឹងទទួលបាន១០លានរៀល ក្រុមលេខ២បាន៧លាន ក្រុមលេខ៣បាន៥លាន និងក្រុមលេខ៤ នឹងបាន៥លានរៀល។

ប៉ុន្តែការធ្លាក់ចេញរបស់ក្រុមវិទ្យាល័យបាក់ទូក កាលពីម្សិលមិញ បានធ្វើឲ្យការប្រកួតនេះនៅសល់តែ១៤ក្រុមទេ រួមមានវិ.ហ៊ុនសែនជម្ពូវ័ន វិ.សម្តេចហ៊ុនសែនភ្នំពេញថ្មី វិ.ជាស៊ីមសាមគ្គី វិ.ហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ វិ.ព្រះស៊ីសុវត្ថិ វិ.ច្បារអំពៅ វិ.ទួលប្រាសាទសែនសុខ វិ.ហ៊ុនសែនព្រែកកំពឹស វិ.ព្រះយុគន្ធរ វិ.បឹងត្របែក វិ.ជាស៊ីមបឹងកេងកង វិទ្យាល័យហ៊ុនសែនចាក់អង្រែ វិទ្យាល័យឥន្រ្ទទេវី និងវិ.ជាស៊ុមសន្ធរម៉ុក ដែលឡើងទៅចាំនៅវគ្គ៨ក្រុម រីឯក្រុមវិ.ហ៊ុនសែនជម្ពូវ័ន ក៏ត្រូវទៅអង្គុយចាំនៅវគ្គ៨ក្រុម ដោយស្វ័យប្រវត្តិដែរ៕