Liverpool ស្ថិតយ៉ាងប្រកៀកក្នុងការនាំយក Karius ពីក្លិប Mainz

ក្លិប Liverpool កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការចុះហត្ថលេខាជាមួយនឹងអ្នកចាំទី Loris Karius ពី Mainz ដែលជាអតីតក្លិបរបស់លោក Jurgen Klopp ក្នុងកិច្ចព្រមព្រៀងគ្នាមួយដែលមានតម្លៃខ្លួនចំនួន៤,៧លានផោន (ស្មើនឹង៦,៨៦លានដុល្លារអាមេរិក)។
lp
លោក Klopp ដែលបានសន្យាថា នឹងមានការផ្លាស់ប្តូរក្នុងក្រុមរបស់ Liverpool នៅរដូវក្តៅនេះ ក្រោយពីការរងបរាជ័យក្នុងការប្រកួត Europa League វគ្គផ្តាច់ព្រ័ត្រក្រោមស្នាដៃក្រុម Sevilla នោះ ចង់បានអ្នកចាំទីវ័យ២២ឆ្នាំរូបនេះបង្កើនការប្រជែងជាមួយនឹង Simon Mignolet នៅរដូវកាលក្រោយ។ ការពិភាក្សាផ្សេងៗរវាងក្លិបទាំងពីរបានដំណើរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកិច្ចព្រមពៀងគ្នាមួយសម្រាប់ Karius ដែលបានចំណាយពេលវេលាជាមួយនឹងក្លិប Manchester City ក្នុងនាមជាយុវជនម្នាក់នោះ អាចនឹងត្រូវបំពេញនៅសប្តាហ៍ក្រោយ។ Karius បានបង្ហាញខ្លួន៩១លើកសម្រាប់ក្លិប Mainz ដែលលោក Klopp ធ្លាប់បានលេងឲ្យ និងបន្តទៅដឹកនាំក្នុងនាមជាគ្រូបង្វឹក។

Karius ក៏ជាអ្នកចាំទីអន្តរជាតិក្នុងក្រុមយុវជនរបស់អាល្លឺម៉ង់ផងដែរ ក្រោយពីបានលេងឲ្យប្រទេសរបស់គេរាល់ដំណាក់កាលអាយុទាំងអស់ចាប់តាំងពីក្រុមអាយុក្រោម១៦ឆ្នាំ រហូតដល់អាយុក្រោម២១ឆ្នាំ។ ការទៅដល់របស់គេអាចនឹងនាំឲ្យមានការចាកចេញរបស់អ្នកចាំទី Adam Bogdan ដែលមិនអាចបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍នៅពេលរូបគេលេងជំនួសឲ្យ Mignolet នៅរដូវកាលនេះ៕

ប្រភពព័ត៌មាន៖ The Guardian