ថៃ និងចិន ធ្វើសមយុទ្ធយោធារួមគ្នា

យោង​តាម​ការ​ចុះផ្សាយ​ពត៌មាន​នៃ​ទីភ្នាក់ងារ​សារពត៌មាន​ CCTV ​បានឱ្យដឹងថា កាលពីថ្ងៃ​សៅរ៍​ ទី២១ ​ខែឧសភា​ ឆ្នាំ២០១៦​ មួយសប្ដាហ៍មុន​ កន្លងទៅនេះ ​ប្រទេសថៃ ​និង​មហាយក្សចិន​បានសម្រេច​ធ្វើ​សមយុទ្ធ​យោធាជើងទឹក​រួមគ្នា​ប្រចាំឆ្នាំ​២០១៦មួយ​ ដែលមានឈ្មោះថា​៖ “​សមយុទ្ធ​ពណ៌ខៀវ​” ឬ ​Blue​ Strike​ 2016 ​។​​
ការ​ធ្វើ​សមយុទ្ធ​យោធា​ជើងទឹក​នៃ​ប្រទេសទាំងពីរនេះ ​គឺធ្វើឡើង​នៅមូលដ្ឋាន​កងទ័ពជើងទឹក ​Sattahip​ ក្នុងខេត្ត ​ឈុន បុរី ​ដែលមានការ​ចូលរួម​ជាអធិបតី​ដោយឯកឧត្តម ​ណារីស ​ប្រាធុមសុវ៉ាន់​ មេបញ្ជាការ​កងពលជើងទឹក​នៃព្រះរាជាណាចក្រថៃ​ និងលោកវ៉ាង ហៃ​ មេបញ្ជាការ​រង​នៃ​កង​ពល​នា​វា​ជើងទឹក​ចិន ​។​ ក្នុងការ​ធ្វើសម​យុទ្ធ​នេះដែរ ​លោកវ៉ាង​ ហៃ ​បានប្រាប់ឱ្យដឹង​ថា​មានការធ្វើ​សមយុទ្ធទាំង​នៅលើផ្ទៃទឹក ​និងនៅ​លើដីផ្ទាល់​ ហើយយុទ្ធសាស្រ្ត​នៃការ​ធ្វើសម​យុទ្ធនេះ ​គឺក្នុងគោលបំណងដើម្បីរំដោះជនរងគ្រោះ ​ដែលកំពុងជាប់ផុងនៅក្នុង​តំបន់រងគ្រោះដោយសារគ្រោះ​ធម្ម​ជាតិ​នានា​ និង​ក្នុង​តំបន់​មាន​ភេរវកម្ម​ ។​
លោក​មេបញ្ជាការ​ ណារីស​ បានថ្លែងថា ​សមយុទ្ធថៃ-ចិន​ ឆ្នាំ២០១៦នេះ ​គឺអនុវត្តឡើង​ដើម្បី​បង្ហាញ​អំពីចំណង​មិត្តភាព​ទ្វេភាគីរ​វាងប្រទេសទាំងពីរ ​និងរឹត​ចំណងសហប្រតិបត្តិការ​ក្នុងការថែរក្សា​សន្តិភាព​ក្នុងតំបន់​ និងក្នុងពិភពលោក​ ។ ​ក្រៅពីការធ្វើប្រតិបត្តិសមយុទ្ធ​, យោធាជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ​ក៏មាន​ការ​សម្ដែង​ក្បាច់​គុន​ប្រចាំជាតិ​ទាំងពីរផងដែរ ​ដែលចិន​សម្ដែង​ក្បាច់គុន​ កុង​ ហ្វូ ​ឯខាងថៃវិញ​សម្ដែង​ក្បាច់គុន ​មួយថៃ ​៕​

ថៃ និងចិន ធ្វើសមយុទ្ធយោធារួមគ្នាថៃ និងចិន ធ្វើសមយុទ្ធយោធារួមគ្នា
ដោយ៖ ឈូក ស
ប្រភព៖ cctv