តួ​ឯក​ប្រុស “និស្ស័យ​ស្នេហ៍​ដាវ​ទេព” ប្រើ​ពេល​១០​ឆ្នាំ​ទើប​យក​បេះដូង​ព្រះនាង​ចៀវៃ​បាន

រសៀល​ថ្ងៃ​ទី ២០​ខែ​ឧសភា សិល្បករ​ល្បី​ឈ្មោះ​​តៃវ៉ាន់​ទាំង​២​រូប​រួម​មាន​តារា​សម្ដែង Ruby Lin និង Wallace Huo បាន​បញ្ជាក់​ថា​ពួក​គេ​កំពុង​តែ​ស្រលាញ់​គ្នា​ពិត​ប្រាកដ​មែន។

 

តួ​ឯក​ប្រុស “និស្ស័យ​ស្នេហ៍​ដាវ​ទេព” ប្រើ​ពេល​១០​ឆ្នាំ​ទើប​យក​បេះដូង​ព្រះនាង​ចៀវៃ​បាន

 

វេលា​ម៉ោង ១៤​ថ្ងៃ​ទី ២០​ខែ​ឧសភា តំណាង​ក្រុមហ៊ុន​របស់​តារា​សម្ដែង​ប្រុស Wallace Huo បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​ខ្លួន​ថា៖ “សង្ឃឹម​ថា​នឹង​ទទួល​បាន​ពាក្យ​ជូន​ពរ​របស់​អ្នក​ទាំង​អស់​គ្នា។ ពី Ruby Lin”។ ភ្លាម​ៗ​ក្រោយ​មក តារា​សម្ដែង​ស្រី Ruby Lin បាន​ចែករំលែក​បន្ត​សារ​មួយ​នេះ​ដោយ​ភ្ជាប់​ជាមួយ​រូប​បេះដូង​ផង​ដែរ។ មួយ​ម៉ោង​ក្រោយ​មក ប្រុស​សង្ហា​និង​ស្រី​ស្អាត​ទាំង​២​បាន​បង្ហោះ​រូប​ផ្កា​កុលាប​ដែល​តួ​​ឯក​រឿង “និស្ស័យ​ស្នេហ៍​ដាវ​ទេព” ជូន​មិត្ត​ស្រី​អាយុ​លើស​ខ្លួន​៣​ឆ្នាំ។

 

អ្នក​គ្រប់គ្រង​របស់ Ruby Lin បាន​ទម្លាយ​ថា៖ “ពួក​គេ​​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​យូរ​មក​ហើយ តែ​ពន្លក​ស្នេហា​ទើប​តែ​ដុះ​កាល​ពី​ខែ​មករា​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់ Ruby តែ​ប៉ុណ្ណោះ”។ ទោះ​យ៉ាង​ណា​ទំនាក់ទំនង​របស់​ពួក​គេ​មិនមែន​ទើប​តែ​ចាប់​ផ្ដើម​នោះ​ឡើយ។

 

តួ​ឯក​ប្រុស “និស្ស័យ​ស្នេហ៍​ដាវ​ទេព” ប្រើ​ពេល​១០​ឆ្នាំ​ទើប​យក​បេះដូង​ព្រះនាង​ចៀវៃ​បាន

 

តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ចិន Wallace បាន​លង់​ស្នេហ៍​ Ruby លើក​ដំបូង​តាំង​ពី​ថត​រឿង “Sound of Colors” ជាមួយ​គ្នា​នៅ​ឆ្នាំ​២០០៦។ ទោះ​យ៉ាង​ណា​ពេល​នោះ Ruby កំពុង​មាន​ទំនាក់ទំនង​ស្នេហា​​មួយ​រួច​ហើយ​នៅ​ពេល​នោះ។ ក្រោយ Ruby បែក​ពី​សង្សារ​ចាស់ ក៏​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា​អ្នក​ទាំង​ពីរ​សាង​ស្នេហ៍​ជាមួយ​គ្នា។

 

នៅ​ពេល Ruby ផលិត​រឿង​ភាគ​ទូរទស្សន៍​លើក​ដំបូង​របស់​នាង​រឿង “The Glamorous Imperial Concubine” នៅ​ឆ្នាំ​២០១១ នាង​បាន​ជ្រើសរើស​ Wallace ជា​តួ​ឯក​ប្រុស។ ពួក​គេ​បាន​សហការ​គ្នា​យ៉ាង​​ល្អ​និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បំផុត​នៅ​ពេល​នោះ រហូត​មាន​ពាក្យ​ចចាមអារ៉ាម​អំពី​ទំនាក់ទំនង​ស្នេហា​ពួក​គេ​លេចឮ​សាជាថ្មី។ ប៉ុន្តែ Ruby បាន​ចេញ​មុខ​ប្រកែក​ដាច់​អហង្ការ​ថា​ពួក​គេ​គ្រាន់​តែ​ជា​មិត្តភ័ក្ដិ​ល្អ​នឹង​គ្នា​ប៉ុណ្ណោះ។

 

ក្នុង​នាម​ជា​មិត្ត​ស្និទ្ធស្នាល អ្នក​ទាំង​ពីរ​បាន​ទៅ​ជួប​សមាជិក​គ្រួសារ​គ្នា​ទៅ​វិញ​ទៅ​មក​ពេល​មាន​ពិធី​ជួបជុំ​ម្ដង​ៗ ហើយ​ឪពុក​របស់​ Ruby Lin ក៏​ចូល​ចិត្ត​ Wallace ដោយ​សារ​ភាព​ស្លូតបូត​របស់​គេ។

 

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ Huo បាន​ចូលរួម​កម្មវិធី​ខួប​កំណើត​របស់ Ruby Lin រាល់​ឆ្នាំ​និង​រៀប​ចំ​កាដូ​ពិសេស​ៗ​ជានិច្ច។ ប៉ុន្តែ​ទើប​តែ​កម្មវិធី​ខួប​កំណើត​ឆ្នាំ​នេះ ពួក​គេ​​សុទ្ធ​តែ​ទំនេរ​រៀង​ៗ​ខ្លួន ហើយ​ក៏​ចាប់​ផ្ដើម​សាក​ល្បង​ កសាង​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ ក្រោយ​មាន​ការ​ជំរុញ​ពី​មិត្តភ័ក្ដិ ៕

 

តួ​ឯក​ប្រុស “និស្ស័យ​ស្នេហ៍​ដាវ​ទេព” ប្រើ​ពេល​១០​ឆ្នាំ​ទើប​យក​បេះដូង​ព្រះនាង​ចៀវៃ​បាន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ straitstimes ,jaynestars