គ្រូ​ស៊ីម៉ាក់​៖ «ក្រុម​ខ្ញុំ​ចាញ់​ដល់​​៣​លាន​គ្រាប់​ ក៏​ខ្ញុំ​ទទួល​យក​ តែ…»​

​គ្រូ​​ជំនួយ​​​ក្លឹប​បាល់ទាត់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (ស៊ីម៉ាក់)​ បាន​ខក​ចិត្ត​​នឹង​អាជ្ញា​កណ្ដាល​​ដែល​បាន​កាត់​សេចក្ដី​ផ្ដល់​បាល់​ពិន័យ​១១​ម៉ែត្រ​ទៅ​ឲ្យ​ក្រុម​ក្រសួង​ការពារ​ជាតិ​ដោយ​ពុំ​មាន​ហេតុ​ផល​កាល​ពី​​ម្សិល​មិញ​ដែល​ការ​ប្រកួត​បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ទ័ព​យក​ឈ្នះ​ស៊ីម៉ាក់​ ៣-០ ក្នុង​ក្រប​ខណ្ឌ​លីគ​កំពូល​កម្ពុជា​សប្តាហ៍​ទី​៨។

 គ្រូ​ស៊ីម៉ាក់​៖ «ក្រុម​ខ្ញុំ​ចាញ់​ដល់​​៣​លាន​គ្រាប់​ ក៏​ខ្ញុំ​ទទួល​យក​ តែ…»​លោក​ កែវ​ សារិន

 

លោក​ កែវ​ សារិន គ្រូ​ជំនួញ​​ក្លឹប​ស៊ីម៉ាក់​បាន​ឲ្យ​ដឹង​ថា​ លោក​​មិន​ពេញចិត្ត​​សោះ​​ចំពោះ​ការ​​កាត់​សេចក្ដី​ផ្ដល់​បាល់​ពិន័យ​១១​ម៉ែត្រ​​ដល់​ក្រុម​ក្រសួង​ការពារ​ជាតិ​របស់​លោក​អាជ្ញា​កណ្តាល​ ដោយ​ពុំ​មាន​បច្ចេកទេស​ច្បាស់​លាស់​ និង​បាន​លើក​ឡើង​ថា​ ទោះ​បី​ជា​ក្រុម​លោក​ចាញ់​ប៉ុន្មាន​គ្រាប់ ​ក៏​លោក​សប្បាយ​ចិត្ត​នឹង​ទទួល​យក​ដែរ​ ឲ្យ​តែ​ការ​ចាញ់​នោះ​គឺ​មាន​បច្ចេកទេស​ត្រឹម​ត្រូវ​ និង​ច្បាស់​លាស់។

 

«ឈ្នះ​តាម​បច្ចេកទេស​ ចាញ់​តាម​បច្ចេកទេស​ ​ទោះ​បី​ជា​ក្រុម​ខ្ញុំ​ចាញ់​ដល់​​៣​លាន​គ្រាប់​ ក៏​ខ្ញុំ​ទទួល​យក​​ តែវា​​ខុស​បច្ចេកទេស​ ចាប់​ប៉េណាល់​ទី​អត់​មាន​ហេតុផល ចឹង​ខ្ញុំ​​មិន​អាច​ទទួល​យក​បាន​ទេ​ ហើយ​ចាប់​នេះ​គឺ​ចាប់​ឲ្យ​ចាញ់​តែ​ម្ដង»។ លោក​ កែវ​ សារិន បន្ថែម។

 

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ដ​ថា ការ​ពិន័យ​បាល់​១១ម៉ែត្រ​ទៅ​​ឲ្យ​​ដល់​ទ័ព​ គឺ​ជា​ហេតុ​ផល​ដែល​ធ្វើ​​ឲ្យ​​ក្រុម​របស់​លោក​​បាក់​ទឹក​ចិត្ត​ ទើប​បណ្ដាល​ឲ្យ​ចាញ់​ការ​ប្រកួត​នេះ។ លោក​ក៏​បាន​សរសើរ​ដល់​កូន​ក្រុម​របស់​លោក​ថា​ មាន​ទឹក​ចិត្ត​ក្នុង​ការ​លេង​ និង​លេង​ដោយ​បច្ចេកទេស​​ ទោះ​បី​ជា​ក្រុម​លោក​ចាញ់​ការ​ប្រកួត​នេះ​ក៏​ដោយ។

 

ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​លីគ​កំពូល​កម្ពុជា​ ក្នុង​សប្ដាហ៍​ទី​៨ រវាង​ក្រុម​ម្ចាស់​ផ្ទះ​ក្រសួង​ការពារ​ជាតិ និង​​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ដែល​បញ្ចប់​ទៅ​ក្នុង​លទ្ធ​ផល៣-០ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ មាន​ភាព​គ្នា​ចម្រូងចម្រាស​គ្នា​នៅ​ក្នុង​តង់​ទី១ ដោយ​អាជ្ញា​កណ្ដាល​បាន​ផ្ដល់​បាល់​ពិន័យ​១១​ម៉ែត្រ​ដល់​ក្រុម​ម្ចាស់​ផ្ទះ​ ខណៈ​ដែល​ក្រុម​ភ្ញៀវ​មិន​ពេញ​ចិត្ត​នូវ​ការ​ពិន័យ​នេះ ដោយ​លើក​ឡើង​ថា ការ​ពិន័យ​នេះ​មិន​មាន​បច្ចេកទេស​ច្បាស់​លាស់​ឡើយ។

 

ឆ្លង​កាត់​ការ​ប្រកួត​អស់​រយះ​ពេល​៨​សប្ដាហ៍ ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ មាន៧ពិន្ទុ ដោយ​ប្រកួត​ឈ្នះ​២ ស្មើ១ និង​ចាញ់​៥ ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៧​ក្នុង​តារាង លើ​ក្រុម​បាត​តារាង​វេស្ទើន​តែ​៤ពិន្ទុ​ប៉ុណ្ណោះ៕

 

អត្ថបទ៖ មួន​ សុគន្ធ​តារា​​​​​