ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​ឆ្នាំ​នេះ ​រំពឹង​បាន​ជាង​១​ម៉ឺន​ដុល្លារ​ជូន​គន្ធបុប្ផា

ព្រឹត្តិការណ៍​រត់​ប្រណាំង​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​លើក​ទី​៦ ឆ្នាំ​២០១៦ ​នេះ​ នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​មុខ​ព្រះ​បរមរាជវាំង ​តាម​ដង​ទន្លេ​មេគង្គ​នា​ថ្ងៃ​ទី​១២ ​ខែ​មិថុនា​ខាង​មុខ​នេះ ដោយ​រំពឹង​ថា​នឹង​ទទួល​ការ​ចូលរួម​ច្រើន​កុះករ​ពី​​មហាជន ដើម្បី​ប្រមូល​ប្រាក់​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

 

ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​ឆ្នាំ​នេះ ​រំពឹង​បាន​ជាង​១​ម៉ឺន​ដុល្លារ​ជូន​គន្ធបុប្ផាសន្និសីទ​សារព័ត៌មាន​កាល​ពី​ព្រឹក​មិញ

 

ឯកឧត្ដម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ព្រឹក​មិញ​នេះ​ថា សម្រាប់​ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​គោលបំណង​អបអរ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​សម្តេច​ព្រះ​អគ្គមហេសី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ អបអរ​សាទរ​ទិវា​អូឡាំពិក​លើក​ទី​១២២ និង​​រត់​ដើម្បី​ទី​ក្រុង​ស្អាត ​ប្រមូល​ប្រាក់​សម្រាប់​មូលនិធិ​ជួយ​ដល់​មន្ទីរ​​​ពេទ្យ​​គន្ធបុប្ផា។

 

អគ្គលេខាធិការ​បាន​លើក​ឡើង​ទៀត​ថា​ នៅ​ឆ្នាំ​នេះ រំពឹង​ថា​នឹង​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ប្រជាជន​កម្ពុជា ក៏​ដូចជា​ជន​បរទេស​គ្រប់​ប្រទេស​ដោយ​មិន​មាន​ការ​រើសអើង​អ្វី​នោះ​ទេ ពោល​គឺ​ចូលរួម​ទាំង​អស់​គ្នា ដើម្បី​ជា​ការ​កម្សាន្ត ​និង​បង្កើន​សុខភាព។

 

“នៅ​ឆ្នាំ​នេះ យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​ចូលរួម​ច្រើន… ដើម្បី​ឱ្យ​កម្មវិធី​រីករាយ​ផង និង​បាន​ប្រាក់​ច្រើន​ដើម្បី​ជួយ​ដល់​គន្ធបុប្ផា​ផង។ យើង​មាន​ប្រាក់​៥​ពាន់​ដុល្លារ​រួច​ស្រេច​ហើយ ដូច្នេះ​ទម្រាំ​ចប់​កម្មវិធី​រត់​ប្រណាំង យើង​សង្ឃឹម​ថា​នឹង​អាច​បាន​ដល់​ជាង​១​ម៉ឺន​ដុល្លារ”។ សម្ដី​របស់​ឯកឧត្ដម វ៉ាត់ ចំរើន ។

 

គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ជាង​១​ពាន់​នាក់​ហើយ ដោយ​ក្នុង​នោះ​មាន​ជនជាតិ​បរទេស​ប្រមាណ​ជា​ជាង​១០០​នាក់។ ការ​ចុះឈ្មោះ​នេះ​ប្រិយមិត្ត​អាច​ចុះ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក តាម​រយៈ​ក្រុម​ហ៊ុន Smart Axiata ​និង​ហាង​លក់​ស្បែក​ជើង​ Skechers ។

 

ដោយ​ការ​រត់​ប្រណាំង​មាន​៣​ដំណាក់​កាល ដូច្នេះ​ការ​ចុះ​ឈ្មោះ​ក៏​ត្រូវ​តម្រូវ​តាម​នោះ​ដែរ ដោយ​រត់ចម្ងាយ​២១​គីឡូម៉ែត្រ (បរទេស​៤០​ដុល្លារ ខ្មែរ​១៥​ដុល្លារ) រត់​ចម្ងាយ​១០​គីឡូម៉ែត្រ (បរទេស​៣០​ដុល្លារ ខ្មែរ​១០​) ​និង​រត់​ចម្ងាយ​៣​គីឡូម៉ែត្រ (បរទេស​១០​ដុល្លារ ខ្មែរ​៥​ដុល្លារ)៕

 

អត្ថបទ៖ មុន្នី រម្យ