CNRP ថា ប្រតិភូ​មូលនិធិ​ខូ​ហ្វី​អាណាន់ ប្ដេជ្ញា​ជួយ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​ឲ្យ​បានល្អ​ និពន្ធដោយ : រឿន ភារុន       23-05-2016, 6:40 pm         1022

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377CNRP ថា ប្រតិភូ​មូលនិធិ​ខូ​ហ្វី​អាណាន់ ប្ដេជ្ញា​ជួយ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​ឲ្យ​បានល្អ​​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​នៃ​អង្គការ​មូលនិធិ​ខូ​ហ្វី​អាណាន់ ក្រោម​ប្រធានបទ គឺ​ស្តីអំពី​ការបោះឆ្នោត លទ្ធិប្រជាធិបតេយ្យ និង​សន្តិសុខ នៅ​ទីស្នាក់ការ​គណបក្ស​។

​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា បាន​លើកយក​ក្តីកង្វល់​ទាក់ទង​នឹង​បញ្ហា​ការបោះឆ្នោត បញ្ហា​ចាប់ខ្លួន និង​ការប្រើ​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​ខ្លួន ប្រាប់​ប្រតិភូ​មូល​និ​ធិ​ខូ​ហ្វី​អាណាន់ ។ ឯកឧត្តម កឹម សុខា ប្រាប់​ប្រតិភូ​ទាំងនោះ​ទៀតថា តំណាងរាស្ត្រ​គណបក្ស​លោក​មានការ​ព្រួយបារម្ភ​ពី​សុ​វត្ថ​ភាព​ផ្ទាល់ខ្លួន បើសិនជា​គ្មាន​ការបោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌​នោះទេ​។ នេះ​បើតាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ។​

​លោក យឹម សុវណ្ណ បាន​បន្ថែមថា គណបក្ស​លោក​បានស្នើ​ឲ្យ​មូល​និធិ​ខូ​ហ្វី​អាណាន់​ជួយ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​ឲ្យ​បានល្អ​ត្រឹមត្រូវ​ផងដែរ ដើម្បី​ធានា​សុវត្ថិភាព​តំណាងរាស្ត្រ និង​មានការ​ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី ។

​ជាការ​ឆ្លើយ​នាយក​ប្រតិបត្តិ​មូល​និធិ​ខូ​ហ្វី​អាណាន់ លោក Alang Doss  បាន​ប្ដេជ្ញា​ថា មូល​និធិ​លោក​នឹង​ជួយ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​ឲ្យ​បានល្អ ដោយ​ធានា​ឲ្យ​មាន​ភាព​អ​ព្យា​ក្រឹត្យ តម្លាភាព និង​ការជឿទុកចិត្ត​ពី​គ្រប់​គណបក្សនយោបាយ​។ លោក យឹម សុវណ្ណ ដែល​បាន​ស្រង់​សម្ដី​ក្នុងជំនួប​នេះ​បាន​ប្រាប់​អ្នកកាសែត​ថា ប្រតិភូ​មូល​និធិ​ខូ​ហ្វី​អាណាន់ សន្យា​ជួប​ទំនាក់ទំនង​ជាមួយ​ឥស្សរជន​នយោបាយ​តាម​បណ្ដា​ប្រទេស​លើ​ពិភពលោក ដែលមាន​បទពិសោធន៍​រៀបចំ​ការបោះឆ្នោត​ដោយ​តម្លាភាព និង​យុត្តិធម៌​ត្រឹមត្រូវ និង​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី ដើម្បី​កៀងគរ​ពួកគេ​មក​ជជែក​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា អំពី​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នេះ​។​

​ក្នុងជំនួប​ជាមួយ​សមាជិក​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក Alang Doss  ក៏បាន​បញ្ជាក់ថា មូល​និធិ​លោក​នឹង​បន្ត​ជួយ​ជ្រោមជ្រែង​ និង​សម្របសម្រួល​ការបោះឆ្នោត​នៅ​កម្ពុជា តាមរយៈ​ការសហការ​ជាមួយ គ​.​ជ​.​ប ដោយ​ការផ្ដល់​បទពិសោធន៍​ល្អៗ​សម្រាប់​ការបោះឆ្នោត​ដល់​កម្ពុជា ដើម្បី​ឲ្យ​មាន​ប្រសិទ្ធិភាព​។

​គួរ​បញ្ជាក់ថា មូល​និ​ធិ​ខូ​ហ្វី​អាណាន់ ត្រូវបានបង្កើតឡើង​ក្នុង​គោលបំណងជួយ​រៀបចំ​ដំណើរការ​បោះឆ្នោត នៅ​គ្រប់​បណ្ដា​ប្រទេស​ទូទាំង​ពិភពលោក ដើម្បី​ធានា​ភាព​ឯករាជ្យ ស​ច្ចរិតភាព និង​អ​ព្យា​ក្រឹត្យ ក្នុង​ដំណើរការ​បោះឆ្នោត​។ មូល​នី​ធី​ខូ​ហ្វី​អាណាន់​នេះ បាន​បង្កើតឡើង​ដោយ​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក ខូ​ហ្វី​អាណាន់​។​

​គណៈប្រតិភូ​មូលនិធិ​ខូ​ហ្វី​អាណាន់ ( Kofi Annan Foundation) មក​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​បួន​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី ២៥ ខែឧសភា ដើម្បី​ស្វែងយល់​ពី​ការបោះឆ្នោត លទ្ធិប្រជាធិបតេយ្យ និង​សន្តិសុខ នៅក្នុង​ប្រទេស​កម្ពុជា​។ ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​នៅពេល​នេះ ធ្វើឡើង​តាម​ការអញ្ជើញ​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​៕