ជាង​៤​ខែ​មនុស្ស​ស្លាប់​៤៦​នាក់ និ​របួស​ជាង​១៥០​នាក់ ដោយសារ​ខ្យល់ក​ន្ទ្រា​ក់ និង​រន្ទះ​ និពន្ធដោយ : រំដួល ចិត្រា       23-05-2016, 8:59 pm         284

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ជាង​៤​ខែ​មនុស្ស​ស្លាប់​៤៦​នាក់ និ​របួស​ជាង​១៥០​នាក់ ដោយសារ​ខ្យល់ក​ន្ទ្រា​ក់ និង​រន្ទះ​​គិត​ត្រឹម​ថ្ងៃទី​២១ ឧសភា​នេះ យ៉ាងហោចណាស់​មាន​មនុស្ស​ស្លាប់​ចំនួន​៤៦​នាក់ និង​រងរបួស​ជាង​១៥០​នាក់​ហើយ ដោយសារតែ​បាតុភូត​ខ្យល់ក​ន្ទ្រា​ក់ និង​រន្ទះបាញ់ ខណៈដែល​កម្ពុជា​កំពុង​ជួប​បញ្ហា​គ្រោះរាំងស្ងួត​នេះ ។​

​នាយខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក កែវ វី បាន​ឲ្យ​ដឹង ថា ក្នុង​រយៈពេល​ជិត​៥​ខែ​នេះ មាន​ករណី​ខ្យល់ក​ន្ទ្រា​ក់កើតឡើង​ចំនួន​១២៤​លើក ដែល​បណ្ដាល​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៥​ពាន់​ខ្នង បាន​រង​ការខូចខាត ដោយ​ក្នុងនោះ​ផ្ទះ​៩៧៨​ខ្នង​រង​ការខូចខាត​រំលំ និង​ផ្ទះ ៤៥៥៦​ខ្នង​ទៀត រង​ខូចខាត​មធ្យម ហើយ​ក៏មាន​ខូចខាត​ដំបូល​អាគារ​តាម​សាលារៀន​២៧ អាគារ​ដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក កែវ វី បាន​បន្ថែមថា បាតុភូតធម្មជាតិ​នេះ ក៏បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤៦​នាក់ និង​រងរបួស​១៥៤​នាក់ ដោយ​ក្នុងនោះ​ស្លាប់​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​៧​នាក់ រងរបួស​១០៨​នាក់ និង​ស្លាប់​ដោយសារ​រន្ទះបាញ់ ៣៩​នាក់ និង​រងរបួស​៤៦​នាក់ ហើយ​គោ និង​ក្របី​ងាប់​២៧​ក្បាល និង​ផ្ទះ​រង​ខូចខាត​ដោយសារ​រន្ទះ​នេះដែរ​។ លោក កែវ វី ចាត់ទុក​បាតុភូត​ឆ្នាំនេះ ហាក់​មាន​ភាពអាក្រក់​ជាង​ឆ្នាំមុន​។​

​បើតាម​នាយខុទ្ទកាល័យ​រូបនេះ ប្រជាពលរដ្ឋ​ឆ្នាំនេះ​ទំនងជា​មិនអាច​ទទួលបាន​ផល​កសិកម្ម​ច្រើន​ដូច​ឆ្នាំមុន​នោះទេ ដោយសារតែ​គ្រោះរាំងស្ងួត​ឆ្នាំនេះ​អូសបន្លាយ​យូរ ដែល​មិន​អំណោយផល​ដល់​ប្រជាពលរដ្ឋ​។​

​លោក កែវ វី បាន​ឲ្យ​ដឹងថា បាតុភូត​ខ្យល់ក​ន្ទ្រា​ក់ និង​រន្ទះ ដែល​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់ រងរបួស និង​ខូចខាត​ផ្ទះសម្បែង​នេះ បាន​កើតឡើង​នៅតាម​បណ្ដា​ខេត្ត​ចំនួន​២០ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ កំពង់ធំ រតនគីរី មណ្ឌល​គី​រី និង​កំពង់ចាម​ជាដើម​។ ជាមួយគ្នានេះ​លោក កែវ វី ក៏​ឲ្យ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ខ្យល់ក​ន្ទ្រា​ក់ និង​រន្ទះ នៅពេលដែល​រដូវភ្លៀង​ឈាន​មកដល់​នៅពេល​ខាងមុខនេះ​។ ជាពិសេស​អាជ្ញាធរ គប្បី​យកចិត្តទុកដាក់​លើ​បញ្ហា​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​នេះដែរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​កន្លងមក​ថា ខ្យល់មូសុង​នីរ​តី អាច​នឹងមាន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​វិញ ដោយ​ស្ថានភាព​អាកាសធាតុ​វិ​វត្ត​មករក​ស្ថានភាព​ប្រសើរ​ជា​បណ្តើរៗ​វិញ​ហើយ​។ រីឯ​ស្ថានភាព​ទឹកភ្លៀង ក្រសួង​ព្យាករណ៍​ថា ភ្លៀង​ចាប់​បន្តរ​ធ្លាក់​ស្ទើរ​ទូទាំងប្រទេស​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។​

​ជាមួយគ្នានេះ ស្ថានភាព​សីតុណ្ហភាព​អតិបរមា​នៅ​តំបន់​ទំនាប​កណ្តាល និង​តំបន់​ខ្ពង់រាប​មាន​ពី​៣៤ អង់ស្សា ទៅ ៣៧​អង់ស្សា ខណៈ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​ចាប់ពី ៣៤​អង់ស្សា ដល់ ៣៦​អង់ស្សា​។ បើទោះជា​ស្ថានភាព​អាកាសធាតុ​មាន​ភាពប្រសើរឡើង តែ​ក្រសួង​នៅតែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផងដែរ​៕