ចំណង​អាមេរិក​-​មី​យ៉ាន់​ម៉ា នៅតែ​ទើសទាល់ ដ្បិត បញ្ហា​សិទ្ធិមនុស្ស និពន្ធដោយ : ទេព អ៊ីវិសាល       23-05-2016, 9:59 pm         304

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ចំណង​អាមេរិក​-​មី​យ៉ាន់​ម៉ា នៅតែ​ទើសទាល់ ដ្បិត បញ្ហា​សិទ្ធិមនុស្ស​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃែ​រី បានបង្ហាញ​គោលជំហរ​សុទិដ្ឋិនិយម​ចំពោះ​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី និង​ដំណើរ​ឆ្ពោះទៅមុខ​វិជ្ជមាន​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​មី​យ៉ាន់​ម៉ា​។ ប្រមុខ​ការទូត​រូបនោះ ក៏បាន​សន្យា​បន្ត​គាំទ្រ​រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី​ផងដែរ​។ តែ​ក្រៅពី​ការលើកឡើង​ពី​ចំណុច​វិជ្ជមាន លោក ឃែ​រី បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស​ដែល​នៅតែ​បញ្ហា​រសើប​នៃ ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​។​

​លោក ច​ន ឃែ​រី រដ្ឋមន្ត្រីការបរទេស​អាមេរិក នៅ​ថ្ងៃទី​២២​ខែឧសភា​ម្សិលមិញ បាន​ជួប​សម​ភាគី​លោក ស្រី អ៊ុង​សាន ស៊ូ​ជី នៅ​ក្រុង​ណៃ​ពិដោ​នា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​ប្រទេស​ក្នុង​តំបន់​។ នេះ គឺជា ជំនួប​លើកទីមួយ​រវាង​ប្រមុខ​ការទូត​ទាំងពីរ គិត​ចាប់តាំងពី​ការឡើង​កាន់អំណាច​រប​ស់​រដ្ឋាភិបាល​បក្ស សម្ព័ន្ធជាតិ​ដើម្បី​ប្រជា​ធិ​ប​ត្យេ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​។​

​ការវិវត្ត​នៃ​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា អាច​ទទួលផល​ប្រយោជន៍​ច្រើន​ពី​អាមេរិក​
​នា​ជំនួប​ជាមួយនឹង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ដែល​កំពុងតែ​កាន់តំណែង​ជាទី​ប្រឹក្សា​រដ្ឋ​ផងដែរ​នោះ លោក ច​ន ឃែ​រី បាន​សន្យាថា​អាម​រិ​ក​នឹង​បន្ត​គាំទ្រ​មី​យ៉ាន់​ម៉ា និង​ពិតជា​រីករាយ​ចំពោះ​ដំណើ​រវិ​វត្ត​ចាប់តាំងពី​បក្ស​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​ឡើងកាន់​អំណាច ក្រោយ​ជ័យជម្នះ​នៃ​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​ដែល​បានបញ្ចប់​ការគ្រប់គ្រង​ដោយ​យោធា​ជាច្រើន​ទសវត្សរ៍​ហើយ​នោះ​។ លោក ឃែ​រី បាន​សង្កត់ ថា អាមេរិក ពិតជា​គាំទ្រ​ពី​ការផ្លាស់ប្តូរ​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​កើតឡើង​នៅក្នុង​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន​។

​អ្វី​គួរកត់សម្គាល់​នោះ វត្តមាន​របស់​ប្រមុខ​ការទូត​អាមេរិក​ក្នុង​ទឹកដី​មី​យ៉ាន់​ម៉ា ធ្វើឡើង​ក្រោយ​មិន​ដល់​មួយ​សបា្តហ៍​នៃ​ការប្រកាស​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​មី​យ៉ាន់​ម៉ា​ដែល​បានដាក់​ប្រឆាំងនឹង​ការដឹកនាំ​របស់ ក្រុម​យោធា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ហើយ​នោះ​។ ហើយ​ការប្រកាស​នេះ​គឺជា​ផ្លែផ្កា​មួយ​នៃ​ការចាប់ផ្តើម​កែទម្រង់​មី​យ៉ាន់​ម៉ា​តាមបែប​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ដែល​វា ផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​។​

​ដោយឡែក​ជុំវិញ ទណ្ឌកម្ម​ប្រឆាំង​មី​យាន់​ម៉ា​ដែល​នូវ​សេសសល់ លោក ច​ន ឃែ​រ បាន​ពន្យល់​នា​ជំនួប ដដែល​នោះ​ថា គោលការណ៍​ដើម្បី​ដក​ទណ្ឌកម្ម គឺ​កំពុង​ស្ថិតនៅក្នុង​នីតិវិធី ដែល​អាស្រ័យ​លើ​ការបន្ត ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​ធ្លាក់ចុះ​។ លោក បាន​បន្ថែមថា វា​ពិតជា​ពិបាក​ក្នុងការ​បញ្ចប់​ទណ្ឌ កម្ម​នោះ​ជាមួយនឹង​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន​។ ហើយ​លោក ក៏បាន​ទទូច​ឲ្យ​ពិនិត្យឡើងវិញ​ចំពោះ រដ្ឋធម្មនុញ្ញ​នោះ​ដើម្បី​បង្ហាញ​ពី​ការគោរព​ឲ្យ​បាន​ពេញលេញ​នៃ​រដ្ឋាភិបាល​ស៊ីវិល​។ បញ្ហា​រដ្ឋធម្មនុញ្ញ​រប​ស់មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន​នោះ​គឺ ក្រុម​យោធា​នៅតែ​មានអំណាច​ស្របច្បាប់​ក្នុង​រដ្ឋាភិបាល ជាពិសេស នោះ​យោធា​ក៏មាន​អំណាច​ជំទាស់​រដ្ឋាភិបាល​បាន​យ៉ាង​ងាយ ដ្បិត​ក្រុម​នេះ មានអំណាច​២៥​ភាគរយ រួចទៅហើយ​នៅក្នុង​សភា​សហភាព​ដែល​បាន​បញ្ញត្តិ​ដោយ​រដ្ឋធម្មនុញ្ញ​ធ្វើ​ក្រុម​យោធា​នោះ​។​

​បញ្ហា​សិទ្ធិមនុស្ស​នៅតែ​ជា​រនាំង​ធ្វើ​ទំនាក់ទំនង​ភាគី​ទើសទាល់​នឹង​គ្នា​
​ទំនង​ទំនង​អាមេរិក និង​ការដឹកនាំ​មី​យ៉ាន់​ម៉ា​ដោយ​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី មាន​ភាពស្អិតល្មួត​ក្នុង​ទិដ្ឋភាព​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​។ ក៏ប៉ុន្តែ​ភាគី​ទាំងពីរ នៅតែ​មិនអាច​ក្លាយជា​សម្ព័ន្ធមិត្ត​នឹង​គ្នា បានទេ ដ្បិត​រឿង​បញ្ហា​សិទ្ធិមនុស្ស និង​ជាពិសេស​នោះ គោលនយោបាយ​លើ​ជនជាតិភាគតិច​ឥស្លាម និង​ការប្រើប្រាស់​ពាក្យ​«​រ៉ូ​ហ៊ីង​យ៉ា​»​ដើម្បី​សំដៅ​ទៅលើ​ក្រុម​នេះ​។

​ថ្មីៗ​នេះ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​មី​យ៉ាន់​ម៉ា បាន​ប្រើប្រាស់​ពាក្យ​រ៉ូ​ហ៊ីង​យ៉ា​ដើម្បី​សំដៅលើ​ជនជាតិ​ភាគ តិច​ឥស្លាម​ដែល​កំពុងតែ​រស់នៅ​មី​យ៉ាន់​ម៉ា​ដោយ​រង​ទុក្ខ​បុក​ម្នេញ និង​មានការ​រើសអើង​។ ហើយ​ការ ប្រើប្រាស់​ពាក្យ​នេះ​ក៏បាន​រង​នូវ​ប្រតិកម្ម​ភា្ល​មៗ​ពី​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា​វិញ​ផងដែរ​។

​មី​យ៉ាន់​ម៉ា បានប្រកាស​ឲ្យ​អាមេរិក គួរ​ចៀសវាង​ការប្រើប្រាស់​ពាក្យ​នោះ ដ្បិត ក្រុម​ជនជាតិភាគតិច ទាំងនោះ មិន​ស្ថិតនៅ​ក្នុងចំណោម​ជនជាតិ​ទាំង​១៣៥​ដែល​មី​យ៉ាន់​ម៉ា​ទទួលស្គាល់​ស្របច្បាប់​នោះទេ ។ ហើយ​ពាក្យ​ដែល​ត្រូវបាន​ប្រើ​នោះ​គឺ​« Bengalis »​ដែល​សំដៅលើ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ពី​បង់​ក្លា​ដែ​ស​។ តែ​អគ្គ​រដ្ឋ​អាមេរិក​រូបនោះ បានប្រកាស​ក្រោយ​ការព្រមាន​នោះ​ថា លោក នៅតែ​បន្ត​ប្រើប្រាស់​ពាក្យ​នោះ​ដដែល ដោយ​ស្របទៅតាម​គោលនយោបាយ​របស់​ក្រុង​វ៉ាស៊ីនតោន​។

​នា​សន្និសីទកាសែត​ក្រោយ​ជំនួប​ជាមួយ​លោក ឃែ​រី លោកស្រី ស៊ូ​ជី បាន​ទទូច​ឲ្យ​អាមេរិក​ផ្តល់​សិទ្ធិអំណាច​និង​ពេលវេលា​ដើម្បី​ដោះស្រាយ​បញ្ហា តែ​លោកស្រី នៅតែ​បន្ត​ព្រមាន​ចំពោះ​កា​ប្រើប្រាស់​ពាក្យ «​រ៉ូ​ហ៊ីង​យ៉ា​» ដែល​លោកស្រី ចាត់ទុកថា​ជា​បញ្ហា​រសើប​ដែល​អាចធ្វើ​ឲ្យ​បន្ថែម​បញ្ហា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​។ លោកស្រី សង្កត់ធ្ងន់ថា «​អ្វីដែល​យើង ចង់​សុំ​នោះ​គឺ អ្នក​រាល់ គួរតែ​យល់​ពី​ផល​លំបាក​ដែល​យើង​កំពុងតែ​ប្រឈម និង​ផ្តល់​លទ្ធភាព​សម្រាប់​យើង​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​ទាំង អស់​របស់​យើង​»​។

​ជុំវិញ​បញ្ហា​នេះ លោក ច​ន ឃែ​រី ក៏បាន​ទទួលស្គាល់ថា វា​គឺជា​បញ្ហា​រសើប​មួយ តែ​លោក ថា បញ្ហា​មិន គួរ​ត្រូវបាន​ព្រងើយកន្តើយ​នោះទេ​៕