ពលរដ្ឋ​តា​ហ្ស៊ី​គី​ស្ថាន​បើកភ្លើង​ខៀវ​ឲ្យ​ប្រធានាធិបតី​«​កាន់តំណែង​មួយជីវិត​» និពន្ធដោយ : សៅ ផលនិស្ស័យ       23-05-2016, 10:19 pm         980

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ពលរដ្ឋ​តា​ហ្ស៊ី​គី​ស្ថាន​បើកភ្លើង​ខៀវ​ឲ្យ​ប្រធានាធិបតី​«​កាន់តំណែង​មួយជីវិត​»​ប្រជាជន​នៃ​រដ្ឋ​អាស៊ី​កណ្តា​លតា​ហ្ស៊ី​គី​ស្ថាន​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​សម្តែង​មតិ​ជុំវិញ​ការកែប្រែ​មាត្រា​រដ្ឋធម្មនុញ្ញ​ដែល​សំដៅ​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​កាន់តំណែង​បាន​មួយជីវិត​។​បើ​ប្រជាជន​គាំទ្រ​ច្រើន ប្រធានាធិបតី​ដែល​កាន់តំណែង​ជាង ២​ទសវត្ស​រ៍លោក Emomali Rahmon នឹង​អាច​បន្ត​កាន់តំណែង​បាន​មួយជីវិត​។​

​ការបោះឆ្នោត​ប្រជាមតិ​ម្សិលមិញ​ដើម្បី​សម្តែង​ការគាំទ្រ​ឬ​ប្រឆាំង​ការកែប្រែ​រដ្ឋធម្មនុញ្ញ​នៅ​តា​ហ្ស៊ី​គី​ស្ថាន​ត្រូវបាន​រៀបចំឡើង​ថ្ងៃអាទិត្យ​ទី​២២ ឧសភា ម្សិលមិញ​នេះ​។ ការបោះឆ្នោត​នេះ​នឹង​សម្រេច​ថា​តើ​គួរ​លុបចោល​ការកំណត់​អាណត្តិ​ប្រធានាធិបតី ឬ អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​កាន់តំណែង​អស់​មួយជីវិត​បាន​។

​បើ​យោងតាម​គណកម្មកា​របោះ​ឆ្នោត​តា​ហ្ស៊ី​គី​ស្ថាន ប្រជាជន ៤.៣ លាន​នាក់​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ប្រជាមតិ​នេះ តែ​សន្លឹកឆ្នោត​បានការ​មាន​ប្រហែល ៨៨.៣​ភាគរយ​នៃ​ប្រជាជន​ដែល​ចូលរួម​ទាំងអស់​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP គេ​រំពឹងថា​លទ្ធផល​ប្រជាមតិ​នេះ​នឹង​ជួយ​ឲ្យ​ប្រធានាធិបតី​តា​ហ្ស៊ី​គី​ស្ថាន​ដែល​កាន់អំណាច​ប្រហែល​ជិត​២៥​ឆ្នាំ​លោក Emomali Rahmon អាច​បន្ត​កាន់តំណែង​ទៅមុខទៀត​រហូតដល់​ជីវិតចុងក្រោយ​។ ប្រជាជន​ភាគច្រើន​គាំទ្រ​ប្រធានាធិបតី​ខាងលើ ដោយ​ពួកគេ​មើលឃើញថា លោក​បាន​ដឹកនាំ​ប្រទេស​ក្នុង​ផ្លូវត្រូវ និង​នាំ​សន្តិភាព​ពេញលេញ​ក្រោយ​ប្រកាស​រដ្ឋ​តា​ហ្ស៊ី​គី​ស្ថាន​ផ្តាច់ខ្លួន​ពី​សហភាពសូវៀត​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០​នោះ​។ 

​ប្រធានាធិបតី Rahmon មាន​វ័យ ៦៣​ឆ្នាំ​នាពេល​បច្ចុប្បន្ន ហើយ​លោក​បាន​ដឹកនាំ​ប្រទេស​និង​បញ្ចប់សង្គ្រាម​ស៊ីវិល​រយៈ​ពេល​៥​ឆ្នាំ​ដែល​បានចាប់ផ្តើម​នៅក្នុង​ឆ្នាំ​១៩៩២ ។​សង្គ្រាម​នោះ​ចាប់ផ្តើម​ឡើង​មិន​ដល់​មួយឆ្នាំ​ឡើយ​ក្រោយពេល​រដ្ឋ​អាស៊ី​កណ្តាល​នេះ​ប្រកាស​ឯករាជ្យ​។

​ប្រជាជន​រដ្ឋធានី លោក​Nazir Saidzoda បាន​លើកឡើងថា​៖« ប្រធានាធិបតី Rahmon បាន​នាំ​សន្តិភាព​មក​ឲ្យ​យើង​។ លោក​បានបញ្ចប់​សង្គ្រាម​ស៊ីវិល​។ ហើយ​លោក​គួរតែ​ដឹកនាំ​ប្រទេស​ឲ្យ​បានយូរ​តាម​ដែល​លោក​អាចធ្វើ​ទៅបាន​»​។  

​ក្រៅពី​លើកឡើង​ពី​គុណបំណាច់​បញ្ចប់​សង្គ្រាមស៊ីវិល និង​នាំ​សន្តិភាព​ពេញលេញ​មក​ជូន​ប្រជាជន ពលរដ្ឋ​តា​ហ្ស៊ី​គី​ស្ថាន​មួយចំនួន​បានបង្ហាញ​ក្តី​រំពឹងថា ការបន្ត​អនុញ្ញាត​ឲ្យ​លោក Rahmon កាន់​ដឹកនាំ​ប្រទេស​ទៅមុខទៀត​នឹង​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រហ័ស​និង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន​ផង​។

​តាមពិតទៅ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​លុបចោល​ការកំណត់​អាណត្តិ​នោះ​ត្រូវបាន​បោះឆ្នោត​ដោ​យស​ភាតា​ហ្ស៊ី​គី​ស្ថាន​កាលពី​ឆ្នាំមុន ហើយ​ក្រៅពី​អនុញ្ញាត​ឲ្យ​លោក​កាន់តំណែង​បាន​មួយជីវិត វា​ក៏​ផ្តល់​អភ័យឯកសិទ្ធិ​ដល់​លោក​និង​ក្រុមគ្រួសារ​ឲ្យ​រួច​ផុតពី​ការ​ផ្តន្ទារ​ទោស​លើ​បទឧក្រិដ្ឋ​។ ហើយ​ការកែប្រែ​នេះ​ក៏មាន​កម្មវត្ថុ​បន្ថែម​អាយុ​បេក្ខជន​ប្រធានាធិបតី​ពី​៣៥​មក​ត្រឹម ៣០​ឆ្នាំ​ផងដែរ​។​

​គេ​មើលឃើញថា ការអនុញ្ញាត​ឲ្យ​មេដឹកនាំ​ខាងលើ​បន្ត​កាន់តំណែង​រហូត​អស់​មួយជីវិត​នឹង​អនុញ្ញាត​ឲ្យ​អ្នកនយោបាយ​ម្នាក់នេះ​បង្កើតជា​សន្តតិវង្ស​នយោបាយ​។ កូនប្រុស​របស់លោក Rustam ដែលមាន​វ័យ ២៨​ឆ្នាំ​នោះ នឹង​កា្ល​យ​ជា​អ្នក​ស្នង​តំណែង​របស់លោក​នៅពេល​ខាងមុខ​មិន​ខាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ បញ្ហា​ប្រឈម​មួយចំនួនទៀត​នឹង​នៅ​បន្ត​កើតឡើង​ដូចជា​ការ​រឹតត្បិត​សេរីភាព​សាសនា សេរីភាព​បញ្ចេញមតិ ការ​ធ្វើទុក្ខបុកម្នេញ​អង្គការ​សង្គម​ស៊ីវិល និង​គ្មាន​ការគោរព​គោលការណ៍​សេរីភាព​ពហុបក្ស​៕