ជំហររបស់បក្សនយោបាយជុំវិញការធ្វើយុទ្ធនាការអាវខ្មៅ

នៅថ្ងៃចន្ទ ទី២៣ ខែឧសភានេះជាយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅលើកទី៣ បន្ទាប់ពីមានការឃុំខ្លួនមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់និងមន្រ្តី គ.ជ.ប ម្នាក់។ ក្នុងយុទ្ធនាការនេះគណបក្សនយោបាយខ្លះមានការគាំទ្រចំពោះយុទ្ធនាការនេះ ខណៈបក្សនយោបាយខ្លះទៀតមិនចូលរួមនិងមិនគាំទ្រនោះទេ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ថាការធ្វើយុទ្ធនាការពាក់អាវខ្មៅទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងនោះគឺជាសិទ្ធិសេរីភាពរបស់សង្គមស៊ីវិលនិងប្រជាពលរដ្ឋដែលពួកគេមើលឃើញថាមានភាពមិនប្រក្រតីជុំវិញការចោទរបស់តុលាការ។ លោកបន្ថែមថាគណបក្សសង្គ្រោះជាតិក៏គាំទ្រចំពោះយុទ្ធនាការនោះដែរដូចជាសកម្មភាពអំពាវនាវរបស់ប្រធានគណបក្សលោក សម រង្ស៊ី ឲ្យមានការចូលរួមក្នុងយុទ្ធនាការនោះជាដើម។

ជំហររបស់បក្សនយោបាយជុំវិញការធ្វើយុទ្ធនាការអាវខ្មៅលោក សាម អ៊ីម (ឆ្វេងខាងលើ), លោក សួន សេរីរដ្ឋា (ឆ្វេងខាងក្រោម), លោក ម៉ម សូណង់ដូ (កណ្តាល), លោក យឹម សុវណ្ណ (ស្តាំខាងលើ), និងលោក ខឹម វាសនា (ស្តាំខាងក្រោម)

លោកមានប្រសាសន៍ថា៖ “យុទ្ធនាការហ្នឹងជាយុទ្ធការនៃសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋដែលគាត់មើលឃើញថាចង់បានយុត្តិធម៌ឲ្យមន្រ្តីសង្គមស៊ីវិល គាត់ឃើញថាតុលាការហ្នឹងកាត់សេចក្ដីមិនយុត្តិធម៌ គាត់មានសិទ្ធិធ្វើការបញ្ចេញមតិក្នុងនាមជាប្រជាពលរដ្ឋខ្មែរ”។

ជាមួយគ្នានោះដែរអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីម មានប្រសាសន៍ថាគណបក្សរបស់លោកគាំទ្រចំពោះយុទ្ធនាការអាវខ្មៅដែលសង្គមស៊ីវិលនិងពលរដ្ឋធ្វើការសំដែងមតិដោយភាពស្ងប់ស្ងាត់មិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។ លោកបន្ថែមថាគណបក្សរបស់លោកក៏មានការចូលរួមនិងជំរុញឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្សនិង មន្រ្តី គ.ជ.ប ទាំងនោះដែរ។

លោកបន្ថែមថា៖ “យើងគិតថារដ្ឋាភិបាលគួរតែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋសំដែងមតិតាមបែបយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅហ្នឹងជាដើម យើងគិតថាជារឿងល្អសម្រប់ឲ្យរដ្ឋាភិបាលដឹងថា តើកិច្ចការរបស់គាត់ កិច្ចការរបស់តុលាការអីជាដើមហ្នឹងគឺប្រជាពលរដ្ឋមិនពេញចិត្ត។ អញ្ចឹងហើយគាត់ (រដ្ឋាភិបាល) អាចទទួលបានសារមួយតាមរយៈការសំដែងមតិស្ងប់ស្ងាត់បែបនេះ។ នេះជារឿងមួយល្អដែលយើងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ សង្គមស៊ីវិលធ្វើការសំដែងមតិបែបហ្នឹង”។

ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានប្រាប់វីអូឌីតាមហ្វេសប៊ុកថាលោកក៏គាំទ្រចំពោះសកម្មភាពរបស់អង្គការសង្គមស៊ីវិលនិងពលរដ្ឋក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះ ដោយជំរុញឲ្យបន្តធ្វើសកម្មភាពដោយឯករាជ្យ ដើម្បីជួយកែលំអរសង្គមនិងជួយការពារសិទ្ធិពលរដ្ឋខ្មែរ។ លោកជំរុញឲ្យអង្គការសង្គមស៊ីវិលនិងពលរដ្ឋធ្វើយុទ្ធនាការនោះជារៀងរាល់ថ្ងៃជាពិសេសអង្គការសង្គមស៊ីវិលដែលមានស្នាក់ការនៅតាមខេត្តក្រុងត្រូវជំរុញឲ្យចូលរួមគ្រប់គ្នា។

ទោះបីជាយ៉ាងណាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ លើកឡើងថាលោកមិនចូលរួមនិងមិនគាំទ្រចំពោះយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនោះទេ ដោយថាដើម្បីជៀងវាងពីការចោទថាធ្វើបដិវត្តពណ៌។ ប៉ុន្តែលោកបន្ថែមថាគណបក្សរបស់លោកនឹងធ្វើបាតុកម្មមួយដាច់ដោយឡែក ដើម្បីទាមទារឲ្យតុលាការទំលាក់បទចោទនិងដោះលែងសកម្មជនសិទ្ធិមនុស្សទាំងនោះ។

លោកមានប្រសាសន៍ថា៖ “ពូអត់គាំទ្រទេ កុំឲ្យគេចោទប្រកាន់ថាយើងធ្វើសកម្មភាពឬបដិវត្ត ខ្មៅ ស ផ្កាម្លិះ អី ដើម្បីរលំរដ្ឋាភិបាល អាហ្នឹងជាចំណុចមួយខ្សោយសម្រាប់យើងទាំងអស់គ្នាគេអាចចោទប្រកាន់។ អញ្ចឹងពូសូមបញ្ជាក់អត់មានពាក់ព័ន្ធរឿងបដិវត្តអាវខ្មៅ បដិវត្តពណ៌ បដិវត្តផ្កាម្លិះ ពូអត់ចូលរួមទេតែគ្រាន់ថាធ្វើសកម្មភាព ដើម្បីសូមឲ្យអង្គភាពប្រឆាំងអំពើពុករលួយដកពាក្យប្ដឹងឬក៏សុំឲ្យតុលាការដោះលែងអាហ្នឹងពូគាំទ្រ១០០ភាគរយ”។

ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា មានប្រសាសន៍លោកមិនគាំទ្រសកម្មភាពយុទ្ធនាការនោះទេ។ លោកបានហៅសកម្មភាពតវ៉ាថាជាការធ្វើរឿងមិនត្រឹមត្រូវដែលកើតជាបញ្ហាវិលទៅវិលមក។ លោកបន្ថែមថាបើសិនជាសង្គមស៊ីវិលយល់ថាការចាប់ខ្លួននោះជារឿងមិនត្រឹមត្រូវនោះគួរតែជំរុញឲ្យមានការបង្ហាញភស្តុតាងជាជាងបន្តធ្វើសកម្មភាពខុសបន្ថែមទៀត។

លោកបន្ថែមថា៖ “យើងគិតឲ្យស្មោះត្រង់មើលថាតើបញ្ហាកើតមកពីអ្វី គិតតែទាមទារឲ្យដោះលែងៗ អាហ្នឹងវាពិបាកដែរ។ បើគេមានភស្ដុតាងមានអ្វីគ្រប់គ្រាន់អស់ហើយឲ្យគេទៅដោះលែងម៉េចបានសំខាន់សួរថា តើខាងអង្គការសង្គមស៊ីវិលហ្នឹងបានធ្វើរឿងដូចរដ្ឋាភិបាលចោទប្រកាន់មែនអត់? ឲ្យបង្ហាញភស្ដុតាងមកបើគេមានភស្តុតាងឲ្យគេធ្វើម៉េច”។

ក្នុងការបង្រ្គាបយុទ្ធនាការអាវខ្មៅកន្លងមកមន្រ្តីរដ្ឋាភិបាលអះអាងថាដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម ហើយមន្រ្តីរដ្ឋាភិបាលក៏បានហៅការតវ៉ានោះថាជាចលនានាំឲ្យមានបដិវត្តពណ៌ក្នុងបំណងផ្ដួលរលំរដ្ឋាភិបាល។

ទោះយ៉ាងណាគណបក្សនយោបាយទាំងនោះក៏ជំរុញឲ្យរដ្ឋាភិបាលសិក្សាពីឬសគល់នៃការធ្វើយុទ្ធនាការអាវខ្មៅថាក្នុងគោលបំណងបង្ហាញពីភាពអយុត្តិធម៌អ្វីមួយនៅក្នុងសង្គមឬយ៉ាងណា ដើម្បីជៀសវាងការបង្រ្កាបធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសំដែងមតិរបស់ពលរដ្ឋ។

ចាប់តាំងពីថ្ងៃចន្ទទី៩ ខែឧសភា មកអង្គការសង្គមស៊ីវិលនិងសកម្មជនដីធ្លីនៅតែបន្តធ្វើយុទ្ធនាការទាមទារឲ្យតុលាការទំលាក់បទចោទនិងដោះលែងអ្នកជាប់ឃុំទាំង៥រូបនោះ។ ក្នុងការធ្វើយុទ្ធនាការអាវខ្មៅកន្លងមកអាជ្ញាធរបានឃាត់ខ្លួនមន្រ្តីសង្គមស៊ីវិលនិងសកម្មជនដីធ្លីចំនួន១២នាក់យកទៅព្រមានមិនឲ្យធ្វើយុទ្ធនាការនោះទៀត៕

ប្រភពៈ VOD