អង្គការ​លីកាដូ​នឹង​ចេញ​ផ្សាយ​ជីវប្រវត្តិ​មន្ត្រី​សិទ្ធិ​មនុស្ស​៤​នាក់​និង​គ.ជ.ប​ម្នាក់​នៅ​ថ្ងៃ​ទី​២៤​ឧសភា

អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ (LICADHO) នឹងចេញផ្សាយជីវប្រវត្តិមន្ត្រីការពារសិទ្ធិមនុស្ស ៤នាក់របស់សមាគមអាដហុក (ADHOC) និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ទៀត កំពុងជាប់ពន្ធនាគារនោះ នៅព្រឹកថ្ងៃអង្គារ ទី២៤ ឧសភា។

អ្នកទាំង ៥រូប ត្រូវតុលាការចោទប្រកាន់ និងចាប់ឃុំខ្លួនពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីតាមបណ្ដឹងរបស់នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ទាក់ទងនឹងករណីសំណុំរឿងអាស្រូវស្នេហាជាមួយអនុប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។

អង្គការ​លីកាដូ​នឹង​ចេញ​ផ្សាយ​ជីវប្រវត្តិ​មន្ត្រី​សិទ្ធិ​មនុស្ស​៤​នាក់​និង​គ.ជ.ប​ម្នាក់​នៅ​ថ្ងៃ​ទី​២៤​ឧសភាអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពីឆ្វេងខាងលើ៖ មន្ត្រីសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នកទាំង៥ ត្រូវតុលាការសម្រេចឃុំខ្លួនពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី

អនុប្រធានផ្នែកតស៊ូមតិនៃអង្គការលីកាដូ លោក គឹម សាន ថ្លែងថា សាធារណជននឹងបានឃើញប្រវត្តិរូបសង្ខេប រួមទាំងសាររបស់គ្រួសារសាច់ញាតិរបស់អ្នកទាំង ៥រូបនៅក្នុងការចងក្រងឯកសារនេះ នៅលើគេហទំព័រនៃអង្គការលីកាដូ។ លោកបន្តថា មូលហេតុដែលអង្គការលីកាដូ រៀបចំឯកសារនេះ គឺដោយសារករណីនេះ ប្រជាពលរដ្ឋកំពុងភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ខ្លាំង ហើយចង់ដឹងចង់ឮពីជីវប្រវត្តិរបស់អ្នកទាំង ៥រូប។

មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ ឲ្យដឹងថា គម្រោងការនេះជាផ្នែកមួយនៃយុទ្ធនាការទាមទារឲ្យដោះលែងអ្នកទាំង ៥នាក់ ដែលអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងមជ្ឈដ្ឋានសាធារណៈ ចាត់ទុកថាជាការចោទប្រកាន់ និងចាប់ឃុំខ្លួនដោយអយុត្តិធម៌។ ការចេញផ្សាយឯកសារចងក្រងនេះ ស្របពេលដែលអង្គការសង្គមស៊ីវិល សហគមន៍មានជម្លោះដីធ្លី បន្តធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ជួបជុំសម្ដែងមតិទាមទារឲ្យមានការដោះលែងអ្នកទាំង ៥នាក់នេះវិញ៕

ប្រភពៈ VOD