ក្រសួង​ធ្វើ​ស្លាក​ហាម​ជក់​បារី​ថ្មី​​ភ្ជាប់​នឹង​ការ​ពិន័យ

ភ្នំពេញៈ ក្រសួងសុខាភិបាលបានរៀបចំស្លាកបម្រាមនៃការហាមជក់បារីដោយមានភ្ជាប់នូវការផាកពិន័យជាទឹកប្រាក់ ២ ម៉ឺនរៀលទៅលើអ្នកជក់បារីនៅកន្លែងហាមឃាត់ និងតម្រូវឲ្យអ្នកគ្រប់គ្រង ឬម្ចាស់កន្លែងធ្វើការ ឬម្ចាស់កន្លែងសាធារណៈត្រូវបិទផ្សាយ ឬដាក់ស្លាកបម្រាមថ្មីនេះនៅទីតាំងរបស់ខ្លួនដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ក្រសួង​ធ្វើ​ស្លាក​ហាម​ជក់​បារី​ថ្មី​​ភ្ជាប់​នឹង​ការ​ពិន័យស្លាកបម្រាមគំរូថ្មីនៃការហាមជក់បារីដែលរចនាឡើងដោយក្រសួងសុខាភិបាល។ រូបថត សហការី

ក្នុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ចុះថ្ងៃទី ១៨ ឧសភាបានសម្រេចឲ្យមានការដាក់ស្លាកបម្រាមនៃការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅទីកន្លែងហាមជក់ដូចជាកន្លែងសាធារណៈ និងកន្លែងធ្វើការ។

ប្រកាសនោះបានតម្រូវឲ្យអ្នកគ្រប់គ្រង ឬម្ចាស់កន្លែងធ្វើការ ឬម្ចាស់កន្លែងសាធារណៈបិទផ្សាយ ឬដាក់ស្លាកបម្រាមនេះនៅកន្លែងដែលសាធារណជនអាចមើលឃើញច្បាស់ កន្លែងចេញចូល កន្លែងទទួលភ្ញៀវ បន្ទប់ទឹកដែលមានជាភាសាខ្មែរ ឬអង់គ្លេស និងត្រូវអមដោយសញ្ញាបម្រាម។

ក្រៅសេចក្តីប្រកាសក្រសួងក៏បានធ្វើស្លាកបម្រាមគំរូផងដែរដោយមានរូបសញ្ញាហាមជក់បារី និងអក្សរធំៗថា «ជនណាជក់បារីនៅកន្លែងហាមឃាត់ត្រូវពិន័យជាប្រាក់ ២ ម៉ឺនរៀល» យោងទៅតាមអនុក្រឹត្យស្តីពីវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងសាធារណៈ ឬកន្លែងធ្វើការ។

ប្រធានផ្នែកថ្នាំជក់ និងសុខភាពនៃក្រសួងសុខាភិបាលលោកស្រី រ៉ៃ រ៉ានី បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថាក្រសួងបានរៀបចំស្លាកបម្រាមថ្មីនេះសម្រាប់ឲ្យម្ចាស់អង្គភាពនីមួយៗដូចជាម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងគ្រប់អង្គភាព ស្ថាប័នរដ្ឋឯកជនទាំងអស់យកទៅអនុវត្តឲ្យបានមុនថ្ងៃទី ១៦ ខែកញ្ញាខាងមុខនេះ។

លោកស្រីថា៖ «ស្លាកបម្រាមគំរូហ្នឹងមានដាក់ Logo ក្រសួងសុខាភិបាលហើយបើសិនជាម្ចាស់អង្គភាពទាំងនោះមិនមានបិទស្លាកហាមជក់បារីហ្នឹងទេគឺត្រូវទទួលការផាកពិន័យ ៥ ម៉ឺនរៀល»។

លោកស្រីបន្ថែមថាបន្ទាប់ពីការធ្វើស្លាកបម្រាមនេះក្រសួងក៏នឹងបង្កើតក្រុមអធិការកិច្ចដោយមានការសហការជាមួយក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃដើម្បីចុះទៅពិនិត្យទីតាំងដែលមិនអនុវត្តតាម។

អ្នកស្រី ឡឹក សោភា ម្ចាស់ភោជនីយដ្ឋានស្លឹកត្នោតនៅរាជធានីភ្នំពេញបានឲ្យដឹងថាហាងរបស់គាត់មានបិទស្លាកសញ្ញាហាមជក់បារីប៉ុន្តែនៅពុំទាន់ឃើញនូវស្លាកបម្រាមថ្មីនេះទេ។

អ្នកស្រីថា៖ «ខាងខ្ញុំបានបិទស្លាកហាមជក់បារីហ្នឹងដែរ និងបានប្រាប់ភ្ញៀវដែលចង់ជក់បារីឲ្យទៅខាងក្រៅអ្នកជក់ភាគច្រើន ច្រើនតែភ្ញៀវបរទេស»។

នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាលោកវេជ្ជបណ្ឌិត មុំ គង់ បានគាំទ្រចំណាត់ការផាកពិន័យនេះខណៈដែលការស្រាវជ្រាវរបស់ក្រសួងផែនការបង្ហាញថាក្នុងចំណោមទីកន្លែងទាំងអស់ដែលប្រជាពលរដ្ឋស្រូបផ្សែងបារីច្រើនជាងគេនោះគឺនៅភោជនីយដ្ឋាន ឬអាហារដ្ឋានមធ្យោបាយធ្វើដំណើរសាធារណៈ និងនៅកន្លែងធ្វើការរបស់រដ្ឋ និងឯកជន។

លោកថា៖ «ដើម្បីឲ្យការអនុវត្តមានប្រសិទ្ធភាពទាល់តែមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា អ្នកជក់ទាំងឡាយត្រូវគោរពចំណែកអ្នកមិនជក់នៅពេលដែលគាត់ឃើញមានការជក់គាត់ត្រូវតែហ៊ានប្រើសិទ្ធិរបស់គាត់ដើម្បីជម្រាបអ្នកជក់ឲ្យគាត់ទៅជក់ខាងក្រៅ»។

ចំណែកលោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាយល់ថាការផាកពិន័យទៅអ្នកជក់បារីអាចនឹងមិនមានប្រសិទ្ធភាពបើសិនមិនមានការដំឡើងពន្ធលើផលិតផលថ្នាំជក់ និងការចូលរួមពីអាជ្ញាធររដ្ឋក្នុងការអប់រំទៅដល់សហគមន៍ និងអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងទេនោះ។

លោកបានមានប្រសាសន៍បន្ថែមទៀតថា៖ «អ្នកជក់ខ្លះគាត់ញៀននឹងការជក់ពេលខ្លះម្ចាស់ហាងហ្នឹងគាត់មិនហ៊ានប្រាប់ទៅភ្ញៀវទេព្រោះខ្លាចគេលែងចូលហើយពេលខ្លះស្តង់ដារនៃការអនុវត្តច្បាប់ហ្នឹងវាបានតែអ្នកស្លូតត្រង់ដែលញៀនបារីហ្នឹងទេបើអ្នកដែលមានស័ក្តិលើស្មា កម្លាំងប្រដាប់អាវុធដែលញៀនបារីដូចជាមិនអាចអនុវត្តបានទេ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍