ប្រតិភូមូលនិធីខូហ្វីអាណាន់ ជួបជាមួយតំណាង CPP និង CNRP និយាយ អំពីរឿងបោះឆ្នោត

(ភ្នំពេញ)៖ បន្ទាប់ពីជួបតំណាងគ.ជ.ប នៅកម្ពុជា គណៈប្រតិភូមូលនិធិខូហ្វីអាណាន់ បានបន្តជួបជាមួយតំណាងគណបក្សប្រជាជនកម្ពុជា និងតំណាងគណបក្សសង្រ្គោះជាតិ ដើម្បីស្វែងយល់អំពីការបោះឆ្នោត។

គណៈប្រតិភូនេះ មកដល់កម្ពុជា នៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ម្សិលមិញ ដើម្បីទស្សនកិច្ច ក្នុងប្រទេសនេះ រយៈពេល៤ថ្ងៃ ក្នុងគោលបំណង ស្វែងយល់អំពីការរៀបចំការបោះឆ្នោតនៅកម្ពុជា។

ប្រតិភូមូលនិធីខូហ្វីអាណាន់ ជួបជាមួយតំណាង CPP និង CNRP និយាយ អំពីរឿងបោះឆ្នោត

លោក សុខ ឥសាន តំណាងគណបក្សប្រជាជនកម្ពុជា ដែលបានជួប តំណាងគណៈប្រតិភូមូលនិធិខូហ្វីអាណាន់ នៅល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ បានអះអាងថា នៅក្នុងជំនួបនេះ គណៈប្រតិភូមូលនិធីខូហ្វីអាណាន់ បានចាប់អារម្មណ៍ចំពោះការបង្កើតគ.ជ.បថ្មី របស់កម្ពុជា ហើយបានបង្ហាញអំពីបំណងរបស់ខ្លួន នៅក្នុងការជួយឧបត្ថម្ភដល់ការបោះឆ្នោតនៅកម្ពុជា ដើម្បីឲ្យដំណើរការបោះឆ្នោតនៅកម្ពុជា ទទួលបានភាពជោគជ័យ នៅអាណត្តិក្រោយ។ ជាមួយគ្នានេះ លោក សុខ ឥសាន បានសម្តែងការគាំទ្រចំពោះ បំណងរបស់មូលនិធីខូហ្វីអាណាន់នាពេលនេះ។

លោក សុខ ឥសាន បានបញ្ជាក់ថា នៅក្នុងជំនួបនោះគឺនិយាយតែអំពីការបោះឆ្នោតប៉ុណ្ណោះ មិនបានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស ដូចការឃោសនាមួយចំនួននោះទេ។ ក្រៅពីជួបជាមួយ លោក សុខ ឥសាន នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ គណៈប្រតិភូមូលនិធី ខូហ្វីអាណាន់ ក៏បានជួបជាមួយលោក កឹម សុខា និងមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិផងដែរ។

សូមជំរាបថា គណៈកម្មាធិការរៀបចំការបោះឆ្នោត នៅកម្ពុជាត្រូវបានកែប្រែសមាសភាពឡើងវិញ បន្ទាប់ពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៣។ សមាជិកគ.ជ.បថ្មីមានសមាសភាព៩រូប គឺ៤រូប ត្រូវបានជ្រើសរើសដោយគណបក្សសម្លេងភាគច្រើនក្នុងរដ្ឋសភា៤រូបជ្រើសរើស ដោយគណបក្សសម្លេងភាគតិចក្នុងរដ្ឋសភា និង១រូប ជាបុគ្គលឯករាជ្យ ដែលត្រូវបានជ្រើសរើសរួមដោយគណបក្សទាំងពីរ៕
ប្រតិភូមូលនិធីខូហ្វីអាណាន់ ជួបជាមួយតំណាង CPP និង CNRP និយាយ អំពីរឿងបោះឆ្នោត ប្រតិភូមូលនិធីខូហ្វីអាណាន់ ជួបជាមួយតំណាង CPP និង CNRP និយាយ អំពីរឿងបោះឆ្នោត

ប្រភពៈ freshnewsasia