បើ​លោក​ រ៉ុង ឈុន​ ចាកចេញ បក្ស​ប្រជាជន​អាច​វេតូសមាជិក​គ.ជ.ប.ថ្មី

តំណាងរាស្ត្រម្នាក់បានលើកឡើងកាលពីម្សិលមិញថា រាល់ការតែងតាំងណាមួយនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីជំនួសលោក រ៉ុង ឈុន ដែលត្រូវបានតែងតាំងដោយគណបក្សសង្គ្រោះជាតិ ដែលឥឡូវនេះប្រឈមសវនាការជំនុំជម្រះពីបទព្រហ្មទណ្ឌចំពោះ “ការប្រើអំពើហិង្សាដោយចេតនា” នឹងត្រូវអនុម័តយល់ព្រមដោយគណបក្សប្រជាជនកម្ពុជាកាន់អំណាចក្រោមច្បាប់បច្ចុប្បន្ន។

លោក រ៉ុង ឈុន គឺជាអ្នកដែលត្រូវបានតែងតាំងមួយរូបក្នុងចំណោមអ្នកដែលត្រូវបានតែងតាំងបួនរូបរបស់គណបក្សសង្គ្រោះជាតិនៅក្នុង គ.ជ.ប. ក្រោមកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជនកម្ពុជា ដែលបានបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជិត១ឆ្នាំរបស់គណបក្សប្រឆាំង បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ដ៏ចម្រូងចម្រាសជាថ្នូរនឹងកំណែទម្រង់បោះឆ្នោតស្ទើរទាំងស្រុង រួមទាំងការកែទម្រង់គ.ជ.ប.ផងដែរ។

បើ​លោក​ រ៉ុង ឈុន​ ចាកចេញ បក្ស​ប្រជាជន​អាច​វេតូសមាជិក​គ.ជ.ប.ថ្មីលោក រ៉ុង ឈុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (កណ្តាល) ដឹកនាំអ្នកតវ៉ាអំឡុងការហែក្បួនក្នុងរាជធានីភ្នំពេញនៅទិវាគ្រូបង្រៀនពិភពលោកក្នុងខែតុលា ឆ្នាំ២០១៤។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ក្រោមកិច្ចព្រមព្រៀងនេះ គណបក្សនីមួយៗបានជ្រើសរើសសមាជិកបួនរូបក្នុងចំណោមសមាជិកក្រុមប្រឹក្សា៩រូបរបស់ គ.ជ.ប. កាលពីឆ្នាំមុន ដោយសមាជិកទី៩ត្រូវបានអនុម័តយល់ព្រមដោយគណបក្សទាំងពីរ។

ទោះជាយ៉ាងណា លោក រ៉ុង ឈុន អតីតមេដឹកនាំសហជីពមួយរូប ត្រូវបានជូនដំណឹងកាលពីថ្ងៃពុធថា លោកនឹងត្រូវចូលរួមក្នុងសវនាការជំនុំជម្រះលើការចោទប្រកាន់ទាក់ទិនការប្រើអំពើហិង្សាកាលពីឆ្នាំ២០១៤។

ច្បាប់របស់គ.ជ.ប.ចែងថា សមាជិកក្រុមប្រឹក្សាបាត់បង់តួនាទីរបស់ខ្លួនដោយស្វ័យប្រវត្តិប្រសិនបើពួកគេត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារនោះ។

លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍កាលពីម្សិលមិញថា បើទោះជាគណបក្សប្រឆាំងមានសិទ្ធិជ្រើសរើសអ្នកជំនួសបើលោក រ៉ុង ឈុន ត្រូវចាកចេញពីគ.ជ.ប. ដោយសារតែសាលក្រមផ្ដន្ទាទោសក៏ដោយ ក៏គណបក្សកាន់អំណាចនឹងមានអំណាចវេតូពាក់ព័ន្ធជម្រើសនេះដែរ។

លោក សុន ឆ័យ បានមានប្រសាសន៍ថា “បើទោះជាលោក រ៉ុង ឈុន មានបញ្ហាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជាមិនអាចតែងតាំងមនុស្សរបស់ខ្លួនមកជំនួសតួនាទីនេះដែរ វាអាចជាជម្រើសរបស់គណបក្សសង្គ្រោះជាតិ”។

លោកបានបន្ថែមថា “ប៉ុន្តែដូចលោកអ្នកដឹងហើយ សមាជិកគ.ជ.ប.ក៏ត្រូវបានអនុម័តយល់ព្រមដោយរដ្ឋសភាដែរ គឺដោយសំឡេង៥០បូក១។ នេះជាចំនួនដែលយើងត្រូវទទួលបាន ហើយថា នឹងជាបញ្ហាខុសគ្នា”។

លោក សុន ឆ័យ មានប្រសាសន៍ថា “បញ្ហានៅត្រង់ថា តើគណបក្សប្រជាជនកម្ពុជាអនុម័តលើបេក្ខជនដែលយើងជ្រើសរើសឬ?”។

មាត្រា១១នៃច្បាប់ គ.ជ.ប. ចែងថា បើសមាជិកណាម្នាក់ក្នុងចំណោមសមាជិក៩រូបរបស់គ.ជ.ប.បាត់បង់សមាជិកភាពរបស់ខ្លួនដោយហេតុផលណាមួយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកចំហតួនាទីនោះដល់អ្នកដាក់ពាក្យថ្មី។

បន្ទាប់មក គណបក្សដែលបាត់បង់សមាជិករបស់ខ្លួននឹងជ្រើសរើសបេក្ខជនមួយរូបចេញពីក្រុមរបស់ខ្លួន។ ចុងក្រោយ គណៈកម្មាធិការអចិន្ត្រៃយ៍នឹងបញ្ជូនបញ្ជីឈ្មោះសមាជិក៩រូបថ្មីរបស់គ.ជ.ប. ដើម្បីសុំការអនុម័តយល់ព្រមជាផ្លូវការ ”តាមរយៈសំឡេងឆ្នោតភាគច្រើនដាច់ខាតរបស់សមាជិករដ្ឋសភាទាំងអស់”។

គណបក្សប្រជាជនកម្ពុជាមានអាសនៈភាគច្រើនគឺ៦៨អាសនៈក្នុងចំណោមអាសនៈសភា១២៣ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣ ដែលគណបក្សប្រឆាំងអះអាងថា ត្រូវបានរៀបចំក្នុងលក្ខណៈមិនស្មោះត្រង់ ដោយគ.ជ.ប.ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិមានសិទ្ធិជ្រើសរើសអ្នកជំនួសលោក រ៉ុង ឈុន ប្រសិនបើគាត់ត្រូវបានដកចេញ ប៉ុន្តែលោកមិនធ្វើអត្ថាធិប្បាយអំពីថា តើគណបក្សប្រជាជនកម្ពុជានឹងរារាំងបេក្ខជនដែលខ្លួនមិនពេញចិត្តឬយ៉ាងណានោះឡើយ ដោយគ្រាន់តែនិយាយថា “វានឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់”។

លោក រ៉ុង ឈុន ដែលបានដឹកនាំសម្ព័ន្ធសហជីពកម្ពុជារហូតដល់លោកត្រូវបានតែងតាំងជាសមាជិកគ.ជ.ប.ថ្មី នៅពេលគ.ជ.ប.ត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ២០១៥ បដិសេធថា លោកមិនមានវត្តមានអំឡុងការប៉ះទង្គិចគ្នារវាងកម្មករដែលធ្វើកូដកម្ម និងកងរាជអាវុធហត្ថក្នុងឆ្នាំ២០១៤ ដែលក្នុងនោះលោកត្រូវបានចោទប្រកាន់ឡើយ។

ទោះយ៉ាងណា លោកប្រឈមការជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថាមានពិរុទ្ធភាព ព្រមទាំងការដកចេញពីគ.ជ.ប. ខណៈដែល គ.ជ.ប.បង្កើនការខិតខំប្រឹងប្រែងដើម្បីចុះឈ្មោះអ្នកបោះឆ្នោតឡើងវិញនៅមុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ និងការបោះឆ្នោតជាតិឆ្នាំ២០១៨។

លោក សុន ឆ័យ មានប្រសាសន៍កាលពីម្សិលមិញថា លោកបារម្ភអំពីការរុកគួនលើលោក រ៉ុង ឈុន ដោយសារតែបំណងច្បាស់ក្រឡែតរបស់គណបក្សប្រជាជនកម្ពុជាចង់គ្រប់គ្រងគ.ជ.ប.។ លោកបានបន្ថែមថា បើគណបក្សប្រជាជនកម្ពុជាប្រើប្រាស់ការវេតូរបស់ខ្លួន ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ មើលទៅដូចគ្នានឹងការបោះឆ្នោតមុនៗអ៊ីចឹង។

លោកបានថ្លែងថា “ប្រសិនបើយើងមិនមានអ្នកទី៤ វាគ្មានតុល្យភាពទេ ហើយគណបក្សប្រជាជនកម្ពុជាអាចគ្រប់គ្រងលើយើង ហើយបញ្ហាទាំងមូលនឹងត្រឡប់ទៅអតីតគ.ជ.ប.ដដែល។ សំឡេងភាគច្រើនដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជានឹងធ្វើសេចក្តីសម្រេចទាំងអស់”៕

ប្រភពៈ cambodiadailykhmer