នាយករដ្ឋមន្ត្រី​ស្ដីទី​ ស្នើ​មន្ត្រី​ជំនាញ​ចុះ​ចាត់វិធានការ​គោយន្ត​ធ្វើដំណើរ​នៅ​តាម​ផ្លូវជាតិ​

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីស្ដីទី សម្ដេចក្រឡាហោម ស ខេង បានបញ្ជាឲ្យមន្ត្រីចុះសិក្សា និងចាត់វិធានការគ្រប់គ្រង ការប្រើប្រាស់គោយន្ត របស់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវ ខណៈគោយន្តនោះ ភាគច្រើនដែលធ្វើដំណើរនៅតាមដងផ្លូវ នៅពេលយប់ គឺបានបង្កនូវហានីភ័យខ្ពស់ក្នុងការគ្រោះថ្នាក់ចរាចរណ៍។

ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាល្ងាចថ្ងៃទី១៩ ខែឧសភា នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា សម្រាប់បញ្ហាគោយន្តចរាចរណ៍នៅតាមផ្លូវជាតិនោះគឺស្នើឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវចុះសិក្សាធ្វើវិមជ្ឈការការចុះបញ្ជីម៉ូតូ និងការគ្រប់គ្រងគោយន្តនេះ ទៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិដែលថ្នាក់បានផ្ទេរសិទ្ធអំណាចជូន។

នាយករដ្ឋមន្ត្រី​ស្ដីទី​ ស្នើ​មន្ត្រី​ជំនាញ​ចុះ​ចាត់វិធានការ​គោយន្ត​ធ្វើដំណើរ​នៅ​តាម​ផ្លូវជាតិ​

សម្ដេចក្រឡាហោម បន្តថាការចុះសិក្សារបស់ក្រុមជំនាញនោះ គឺត្រូវធ្វើយ៉ាងណាឲ្យគោយន្តនោះ ត្រូវបានផលិត កែច្នៃឡើងស្របតាមលក្ខណៈបច្ចេកទេសដែលធានាឲ្យមានសុវត្ថិភាព នៅពេលបើកបរ ពិសេសការបើកនៅពេលយប់។

បច្ចុប្បន្ន នៅតាមផ្លូវជាតិពិសេសបណ្ដាផ្លូវជាតិដែលឆ្លងខេត្តកំពង់ចាម កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺជាដើម នោះ គឺកំពុងបានគំរាមកំហែង បង្កឲ្យគ្រោះថ្នាក់ចរាចរណ៍ជាខ្លាំងពិសេសនៅពេលព្រលប់ជិតយប់។ គោយន្តទាំងនោះភាគច្រើន មិនមានមានសភាពទ្រុឌទ្រោម ហើយភាគច្រើនមិនមាភ្លើងក្រោយ និងភ្លើងមុខពេលដំណើរនៅពេលយប់។

ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ថ្លែងថា ក្នុងរយៈពេល២សប្ដាហ៍ក្នុងខែឧសភានេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តសរុបបានជិត៥សែនគ្រឿង ក្នុងនោះម៉ូតូមាន៦១% ហើយគោយន្តមិនមានតួលេខចុះត្រួតពិនិត្យនោះទេ។ ក្នុងចំណោមយានយន្តចុះត្រួតពិនិត្យនោះ រកឃើញយានយន្តល្មើសប្រមាណជាង៦ម៉ឺនគ្រឿង ផាកពិន័យបានជិត៤ម៉ឺនគ្រឿង ៕

ប្រភពៈ bayontv