សហគមន៍​ខេត្ត​មណ្ឌលគិរី​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី

ជម្លោះតវ៉ាដីសម្បទានសង្គមកិច្ចជាង ២.០០០ហិកតារ នៅតំបន់វាល់យោង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កើតមានច្រើនឆ្នាំកន្លងទៅនេះ ក្រុមអាជ្ញាធរពាក់ព័ន្ធមិនទាន់ដោះស្រាយយ៉ាងណានៅឡើយ។ សហគមន៍ជនជាតិដើមភាគតិចព្នងដែលអភិរក្សដីធ្លី និងព្រៃឈើនៅតំបន់នោះ បន្តរកឃើញភាពមិនប្រក្រតីបន្ថែមទៀតជុំវិញការផ្ដល់ដីសម្បទានសង្គមកិច្ចដែលសហគមន៍សង្ស័យថា មានអំពើពុករលួយក្នុងរឿងនេះ។

តំណាងសហគមន៍ឃុំប៊ូស្រា ស្រុកពេជ្រាដា អំពាវនាវសុំឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ស៊ើបអង្កេតទៅលើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីមួយប្លង់ មានទំហំដីជាង ៥ហិកតារដែលត្រូវគេសង្ស័យថា មន្ត្រីជំនាញផ្ដល់នៅក្នុងតំបន់ដីព្រៃអភិរក្ស ឬក្នុងតំបន់ដីសម្បទានសង្គមកិច្ចវាល់យោង។

សហគមន៍​ខេត្ត​មណ្ឌលគិរី​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី

សហគមន៍ជនជាតិដើមភាគតិចព្នង ឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ធ្វើបាតុកម្មបិទផ្លូវមុខសាលាស្រុក តវ៉ាទាមទារដំណោះស្រាយជម្លោះដីធ្លី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។ Photo ADHOC

តំណាងសហគមន៍ជនជាតិដើមភាគតិចព្នងនៅភូមិចំនួន ៧ ក្នុងឃុំប៊ូស្រា លោក ក្រើង តុលា បញ្ជាក់ថា ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីនេះ មន្ត្រីថ្នាក់ស្រុកម្នាក់បង្ហាញមកសហគមន៍ដើម្បីបញ្ជាក់ថា ដីដែលសហគមន៍តវ៉ានោះមានកម្មសិទ្ធិត្រឹមត្រូវ។ លើសពីនេះទៀត សហគមន៍រកឃើញមន្ត្រីថ្នាក់អភិបាលរងស្រុកម្នាក់ទៀតក៏មានចំណែកដីក្នុងតំបន់សម្បទានសង្គមកិច្ចវាល់យោង ក្នុងនោះក៏មានដីច្រើនឡូត៍ផ្សេងទៀតក្នុងតំបន់ដីសម្បទានសង្គមកិច្ចនេះត្រូវបានលក់ដូរពីម្នាក់ទៅម្នាក់នាប៉ុន្មានឆ្នាំកន្លងទៅនេះ។

លោកថា នេះជាភាពមិនត្រឹមត្រូវដែលទាក់ទិនគោលនយោបាយផ្ដល់ដីសម្រាប់ប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ៖ «នេះជាភស្តុតាងមួយដែលសហគមន៍កំពុងរៀបចំពាក្យប្ដឹង ហើយខ្ញុំមានវីដេអូ សម្ភាសន៍អ្នកទិញពីគេ អ៊ីចឹងដីនៅកន្លែងសង្គមកិច្ច គឺដីមួយកន្លែងលក់ ៤ម្ចាស់ទៅ គឺទិញពីម្នាក់ទៅម្នាក់»

ចំណែកតំណាងសហគមន៍ប៊ូស្រា ម្នាក់ទៀត គឺលោក ក្លាង ភូ បញ្ជាក់ដែរថា សហគមន៍មិនជំទាស់ទៅនឹងគម្រោងផ្ដល់ដីសម្បទានសង្គមកិច្ចចំពោះពលរដ្ឋក្រីក្រគ្មានដីប្រកបរបរចិញ្ចឹមជីវិតនោះទេ ក៏ប៉ុន្តែអ្នកទទួលបានដីសម្បទានសង្គមកិច្ចនៅតំបន់វាល់យោង បច្ចុប្បន្នមិនស្ថិតក្នុងលក្ខខណ្ឌពលរដ្ឋគ្មានដីនោះទេ។ ដោយឡែកព្រៃស្រោងនៅក្បែរដីសម្បទានត្រូវគេកាប់រានយកដីកាន់តែច្រើនប៉ះពាល់ទៅដល់ព្រៃអភិរក្សសហគមន៍ ហេតុនេះការផ្ដល់ប័ណ្ណកម្មសិទ្ធិលើដីព្រៃស្រោងគឺជារឿងខុសច្បាប់៖ «មន្ត្រីស្រុកហើយនៅលើដីខ្ញុំ នៅលើចម្ការខ្ញុំតែម្ដង ម៉ាប់ស្រុកហ្នឹង»

កាលពីថ្ងៃទី១៩ ខែឧសភា តំណាងសហគមន៍ប៊ូស្រា បាននាំយកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីទំហំជាង ៥ហិកតារជាឯកសារថតចម្លងទៅប្រគល់ឲ្យមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាដហុក ខេត្តមណ្ឌលគិរី ដើម្បីរៀបចំពាក្យប្ដឹងទៅអាជ្ញាធរខេត្តស្ដីពីការចេញប័ណ្ណកម្មសិទ្ធិដែលសហគមន៍សង្ស័យថា ជាអំពើខុសច្បាប់។

ប័ណ្ណកម្មសិទ្ធិដីនេះជារបស់ឈ្មោះ ញឹម សុធា ចុះហត្ថលេខាដោយប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តមណ្ឌលគិរី កាលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥។ ប័ណ្ណកម្មសិទ្ធិនេះបានលក់ និងផ្ទេរសិទ្ធិទៅឲ្យឈ្មោះ ស៊ិន ប៊ុនរឿន និងភរិយាឈ្មោះ គង់ សៀកហ៊ួរ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

ឆ្លើយតបការចោទប្រកាន់នេះ មន្ត្រីស្រុកពេជ្រាដា មួយរូប គឺលោក សៀង ស៊ីវអន បញ្ជាក់ថា លោកពិតជាមានដី ១០ហិកតារនៅតំបន់វាល់យោង ប៉ុន្តែដីនោះមិនឋិតនៅក្នុងតំបន់ដីសម្បទាននោះទេ។ រីឯដីនោះទៀតសោត គឺមានប័ណ្ណកម្មសិទ្ធិរបស់ម្ដាយលោក។ លោកថា ដីនោះម្ដាយលោកទិញពីប្រជាពលរដ្ឋដែលកាន់កាប់ដីនោះដំបូង៖ «ដីប្លង់បង្ហាញសហគមន៍មិនមែនដីសម្បទានទេ ដីម្ដាយក្មេកខ្ញុំទិញជំនាន់និស្សិត»

ចំណែកអភិបាលរងស្រុកពេជ្រាដា លោក វណ្ណា ម៉ាប់ បដិសេធថា សេចក្ដីរាយការណ៍របស់សហគមន៍គឺជាការមិនពិត ព្រោះលោកមិនមានដីនៅក្នុងតំបន់សម្បទានសង្គមកិច្ចដូចការចោទប្រកាន់ឡើយ៖ «ជាអាជ្ញាធរយើងជាអ្នកផ្ដល់សេវាឲ្យពួកគាត់ ពួកគាត់និយាយស្អីនិយាយទៅយើងធ្វើការងារជាក់ស្ដែង»

អាជ្ញាធរស្រុកពេជ្រាដា ឲ្យដឹងថា ដីសម្បទានសង្គមកិច្ចវាល់យោង អាជ្ញាធរខេត្តបានស្នើសុំទៅរាជរដ្ឋាភិបាលចំនួន ៣.០០០ហិកតារ ក៏ប៉ុន្តែក្រោយសិក្សាផលប៉ះពាល់ រាជរដ្ឋាភិបាលកាត់ចេញដី ៦០០ហិកតារសម្រាប់សហគមន៍អភិរក្ស ហើយផ្ដល់ដី ២.៤០០ហិកតារសម្រាប់ជាដីសម្បទានសង្គមកិច្ច។

អភិបាលស្រុកពេជ្រាដា លោក នួន សារ៉ន បដិសេធមិនឆ្លើយទៅនឹងសំណួរជុំវិញបញ្ហានេះទេ នៅថ្ងៃទី២០ ខែឧសភា ដោយសារលោករវល់ប្រជុំ។

សេចក្ដីរាយការណ៍របស់គណៈកម្មការសហគមន៍ប៊ូស្រា ឲ្យដឹងថា ដីព្រៃរាប់ពាន់ហិកតារនៅតំបន់វាល់យោង ត្រូវប្រជាពលរដ្ឋចំណាកស្រុកជនជាតិចាម កាប់រានយកដីច្រើនឆ្នាំមកហើយដោយសំអាងថា ដីនោះជាដីសម្បទានសង្គមកិច្ច ខណៈអាជ្ញាធរខេត្តបញ្ជាក់ថា អាជ្ញាធរមិនទាន់មានផែនការបែងចែកដីនោះនៅឡើយ ក្នុងនោះដែរសហគមន៍បានរកឃើញព្រៃឈើជាង ១ពាន់ហិកតាររបស់សហគមន៍ក៏ត្រូវគេកាប់រានដាក់បញ្ចូលក្នុងតំបន់សម្បទានដូចគ្នា។

មន្ត្រីឃ្លាំមើលបញ្ហាដីធ្លីព្រៃឈើសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សំគាល់ថា សហគមន៍ជនជាតិដើមភាគតិចបិទផ្លូវធ្វើដំណើរទាមទារ និងតវ៉ាឲ្យអាជ្ញាធរដោះស្រាយបញ្ហានេះច្រើនលើក។ លោកថា ការស៊ើបអង្កេតមួយត្រូវធ្វើឡើងជាក់លាក់ ជាពិសេសស៊ើបអង្កេតករណីចេញប័ណ្ណកម្មសិទ្ធិ និងការទិញលក់ដីនៅតំបន់នោះ៖ «អាជ្ញាធរគ្រប់ជាន់ថ្នាក់ដឹងហើយថា ដីហ្នឹងជាដីព្រៃទ្រព្យសម្បត្តិរបស់រដ្ឋ ដីអភិរក្ស ប៉ុន្តែបែរជាមានប្លង់កាន់កាប់ទៅវិញ។ អាដហុកក៏មានគោលការណ៍ធ្វើបទអន្តរាគមន៍ទៅលើបណ្ដឹងសហគមន៍»

អភិបាលរងខេត្តមណ្ឌលគិរី លោក ចឹង សុចន្ថា ធ្លាប់បានបញ្ជាក់ហើយថា អាជ្ញាធរខេត្តបានប្រមូលទិន្នន័យទាក់ទិនដីនៅតំបន់វាល់យោង រួចហើយ ហេតុនេះក្រុមការងារថ្នាក់ខេត្តនឹងចុះដោះស្រាយបញ្ហាជូនសហគមន៍នៅពេលខាងមុខនេះ៕

ប្រភពៈ RFA