ក្រសួងមហាផ្ទៃបង្ហាញពីមូលហេតុយ៉ឺតយ៉ាវផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ

មន្ត្រីជំនាញរបស់ក្រសួងមហាផ្ទៃប្រកាសថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជិត២០ម៉ឺនប័ណ្ណនៅទូទំាង២៤រាជធានី-ខេត្ត បានបោះពុម្ពរួច តែក្រសួងថា អាជ្ញាធរមូលដ្ឋានមិនទាន់បានមកយកទៅចែកជូនប្រជាពលរដ្ឋនៅឡើយ។

ការបង្ហាញទិន្ន័យនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃ ក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន រំឭកថា មានពលរដ្ឋរាយការមកលោកថា អត្តសញ្ញាណប័ណ្ណពួកគាត់ខ្លះធ្វើជិតមួយឆ្នាំ អាជ្ញាធរមិនទាន់បានប្រគល់ឲ្យនៅឡើយ។

ក្រសួងមហាផ្ទៃបង្ហាញពីមូលហេតុយ៉ឺតយ៉ាវផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានបង្ហាញថា គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ តាមបណ្តាស្នងការដ្ឋានរាជធានី-ខេត្តចំនួន២៤ (លើកលែងតែស្នងការដ្ឋានខេត្តកែប) មិនទាន់បានមកយក អត្តសញ្ញាណប័ណ្ណទាំងនោះទៅចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅឡើយទេ។

ស្ថាប័នជំនាញមួយនោះបន្តថា សម្រាប់ស្នងការដ្ឋានរាជធានីភ្នំពេញ មានចំនួន២៩០ប័ណ្ណ ខេត្តកណ្តាល១៣៤៩ កំពង់ស្ពឺ១៩២៤០ កំពង់ឆ្នាំង១៤២៥ ព្រៃវែង៥៦៨៧ កំពង់ចាម៧០៤ ក្រចេះ៩៧៨២ ស្ទឹងត្រែ១៨២០ ស្វាយរៀង៥១៦៩ តាកែវ១១១៨១ កំពត៩៨២៨ ព្រះសីហនុ១៨៣០ កោះកុង២២៥២ កំពង់ធំ២៤៨៣៥ ពោធិ៍សាត់២៨៥៤ បាត់ដំបង១១២៦៩ សៀមរាប១៤០៥៦ បន្ទាយមានជ័យ១៥៨០៥ ឧត្តរមានជ័យ២១០៥ ប៉ៃលិន២៤៥ ព្រះវិហារ២៤១៦ មណ្ឌលគិរី២៨៨ រតនគិរី១៣៣៤ និងខេត្តត្បូងឃ្មុំ៥០៤៩២ប័ណ្ណ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ១៧ ខែឧសភា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកបានឃើញការរិះគន់របស់ប្រជាពលរដ្ឋទៅលើមន្ត្រីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅលើទំព័រហ្វេសបុករបស់លោក ពីការយឺុតយ៉ាវនៃការផ្តល់អត្តសញ្ញាណប័ណ្ណដែលមានអ្នកខ្លះជាងមួយឆ្នាំហើយនៅមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណនៅឡើយ។

តបទៅនឹងបញ្ហានេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាក់ទងជាមួយក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងផ្តល់ព័ត៌មានមកកាន់លោកតាមរយៈហ្វេសប៊ុករបស់លោកពីការដោះស្រាយរបស់មន្ត្រីអត្តសញ្ញាណកម្មចំពោះបញ្ហានេះ។

លោកសរសេរថា៖ “សូមទំនាក់ទំនងជាមួយក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាបន្ទាន់នៅថ្ងៃនេះហើយផ្តល់ព័ត៌មានមកកាន់Facebookសម្តេចតេជោឲ្យបានដឹងថាអ្វីដែលជាសំណូមពររបស់បងប្អូនតើមន្រ្តីយើង បានដោះស្រាយជូនបានក្នុងកម្រិតណា?”

អគ្គនាយដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានឲ្យដឹងទៀតថា ក្នុងករណីដែលពលរដ្ឋបានបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ឌហើយរយៈពេល៣០ថ្ងៃនៃថ្ងៃធ្វើការនៅតែមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណទេ ប្រជាពលរដ្ឋអាចធ្វើការស្វែងរកព័ត៌មានតាមរយៈ www.idc.gdi.kh ឬហ្វេសបុករបស់អគ្គនាយដ្ឋានwww.facebook.com/gdi.gov.kh រួចទាក់ទងមកកាន់នាយកដ្ឋានលេ០១២២៥៨៨៥៨/ ០១២៨៨០៩៩០/០១៦៨០៨០២០ ដើម្បីឲ្យនាយកដ្ឋានដោះស្រាយជូន៕

ប្រភពៈ VOD