អ្នក​នយោ​បាយ​​ត្រូវ​​បង្កើន​ទំនាក់ទំនង​ជាមួយនឹង​​រាស្ត្រឱ្យ​​កាន់តែ​ជិត​ស្និទ្ធ​

មាន​​ប្រជា​ជន​តិចតួច​ណាស់​ ដែល​ស្គាល់​មុខ​តំណាងរាស្ត្រ​នៅ​ក្នុង​មណ្ឌល​របស់​ពួក​គេ ​។ នេះ​​ដោយសារ​តែ​អ្នកនយោបាយ​ ឬ​អ្នក​តំណាង​រាស្ត្រ​ភាគច្រើន ​មិន​បាន​បំពេញការងារ​ចុះ​ជួប​ប្រជាជន​ឱ្យ​​បាន​​ញឹក​ញាប់​ ។

នៅ​ទីក្រុង​ភ្នំពេញ​តែ​មួយ ​តើ​មាន​ដែល​ឮ​តំណាងរាស្ត្រ​ប៉ុន្មាន​នាក់ ​ដែល​បាន​ចុះ​ទៅ​កាន់​ផ្ទះ​ប្រជាជន ​ឬ​ក៏​មានការ​ជួបជុំ​ប្រជាជន​ទៀងទាត់​ ដើម្បី​យល់​ច្បាស់​អំពី​បញ្ហា​​របស់​ប្រជាជន​ ដែល​កំពុង​ប្រឈម​មុខ​ ។

ការ​​ទំនាក់ទំនង​ដោយ​ផ្ទាល់​រវាង​​អ្នកនយោបាយ​ ឬ​អ្នកតំណាង​រាស្ត្រ​ ជាមួយ​មហាជន​មាន​សារសំខាន់​ខ្លាំង​ណាស់ ​នៅ​ក្នុង​សង្គម​ប្រជាធិប​តេយ្យ ​។ វា​នឹង​ផ្តល់​ប្រយោជន៍​ទាំង​សម្រាប់​អ្នកនយោបាយ​ និង​ប្រជាជន ​។ សម្រាប់​អ្នកនយោបាយ ការ​ចុះ​ជួប​ផ្ទាល់់​ជាមួយ​​ប្រជាជន​នឹង​ធ្វើ​ឱ្យ​​ប្រជាជន​ស្គាល់​ពី​អ្នកនយោបាយ​នោះ​ច្បាស់លាស់​ ហើយ​ទទួលស្គាល់​អំពី​ផលប្រយោជន៍​ ដែល​ពួក​គេ​ទទួល​បាន​ពី​អ្នកនយោបាយ​នោះ​ ។​ ជាល​ទ្ធ​​ផល ប្រជាជន​នឹង​បន្ត​គាំទ្រ​ដល់​​អ្នកនយោបាយ​នោះ​ ឬ​ក៏​គណបក្ស​របស់​អ្នកនយោ​បាយ​​នោះ​ ។

សម្រាប់​ប្រជាជន​វិញ ការ​ជួប​ជាមួយ​អ្នកនយោបាយ ​ឬ​អ្នកតំណាង​រាស្ត្រ​ នឹង​ក្លាយជា​ឱ​​កាស​មួយ ​សម្រាប់​ពួក​គេ​ស្នើ​សុំ​ឱ្យ​អ្នក​នយោបាយ ​ឬ​អ្នកតំណាង​រាស្ត្រ​ជួយ​ដោះស្រាយ​បញ្ហា​ ដែល​ពួក​គេ​ប្រឈម​មុខ​ដូច​ជា​បញ្ហា​ទឹក បញ្ហា​ភ្លើង​អគ្គិស​នី បញ្ហា​ផ្លូវថ្នល់ សាលារៀន ឬ​ក៏​បញ្ហា​សុខភាព​ជាដើម​ ។

វា​ជា​តួនាទី​របស់​អ្នកនយោបាយ ​ដែល​ត្រូវ​បម្រើ​ដល់​ប្រជាជន​កម្ពុជា​តាម​រយ​:​ការ​ស្វែង​យល់​អំពី​បញ្ហា​ទាំងអស់ ​ដែល​ប្រជាជន​កំពុង​ជួប​ប្រទះ​ ។ បន្ទាប់​ពី​បានដឹង​ច្បាស់​អំពី​បញ្ហា​ទាំង​អស់នោះ​​ហើយ អ្នកនយោបាយ​ ឬ​អ្នកតំណាង​រាស្ត្រ​ត្រូវ​ជួយ​ដោះស្រាយ​ដល់​ប្រជា​ជន​ដែល​រស់​តាម​មណ្ឌល​របស់​ខ្លួន​។

ប្រជាធិបតេយ្យ​នឹង​បាត់បង់​ខ្លឹមសារ​របស់​វា នៅ​ពេល​ដែល​អ្នកបោះឆ្នោត​មិន​ស្គាល់​អ្នក​ដែល​ពួក​គេ​បោះ​ឆ្នោត​ឱ្យ​​ ។ ចំណែក​អ្នក​ដែល​គេ​បោះ​ឆ្នោតឱ្យ​​មិន​បាន​បំពេញ​តួនាទី​បម្រើ​ផលប្រយោជន៍​ដល់​អ្នកបោះឆ្នោត ​ឬ​ប្រជាជន​ ។

ដូច្នេះ​ ប្រជាធិបតេយ្យ​នឹង​កាន់តែ​រស់​រវើក​ និង​មាន​ខ្លឹមសារ បើសិនជា​អ្នកនយោបាយ​ ឬ​អ្នកតំណាង​រាស្ត្រ​មាន​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកបោះឆ្នោត​តាម​រយ​:​ការ​ចុះ​ជួប​ផ្ទាល់​ជាមួយនឹង​ប្រជាជន​នៅ​តាម​មូលដ្ឋាន​​កាន់តែ​ញឹកញាប់​ និង​ជួយ​ដោះស្រាយ​ដល់​បញ្ហា​ទាំងអស់​ដែល​ពួក​គេ​កំពុង​ប្រឈម​មុខ ​៕