ពាង​ប្រហុក​គ្រប​ជិត

អគារ​ថ្មី​សម្រាប់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង កំពុង​សាងសង់​នៅ​លើ​ដី​មួយ​កន្លែង​ឆ្ងាយ​ពី​ទីតាំង​ស្នងការដ្ឋាន​បច្ចុប្បន្ន​បន្តិច ។ ដី​ដែល​សង់​ស្នងការដ្ឋាន​ថ្មី ជា​ដី​របស់​ស្នងការដ្ឋាន ឬ​ជា​ដី​របស់​រដ្ឋ​...​គ្រាន់តែ​វា​មិន​ស្ថិត​នៅ​ចំ​ពីមុខ​...​វា​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្សារ​បន្តិច​...​មិន​ដូច​ទីតាំង​ស្នងការដ្ឋាន​ដែល​ជាទី​តាំង​ស្ថិត​នៅ​ចំ​មុខ ចំ​ផ្សារ​ទេ ។ ឯ​ទំហំ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ ធំ​ទូលាយ​អស្ចារ្យ​ដូច​គ្នា ។

កំពុង​សាងសង់​ថ្មី​...​ពេល​ណា​សាងសង់​រួច ត្រូវ​រើ​តោក រើ​ហ៊ឹង​ចេញពី​កន្លែង​ចាស់​...​ទៅ​កន្លែង​ថ្មី​យ៉ាង​ពិតប្រាកដ​គ្មាន​តវ៉ា ។
ទាំង​មន្ត្រី​ប៉ូលិស​...​មិន​ប៉ូលិស​...​ទាំង​មហាជន​នៅ​ក្រុង​កំពង់ឆ្នាំង កំពុង​ឆ្ងល់​...​ដល់​ពេល​ស្នងការដ្ឋាន​ត្រូវ​ប្តូរ​ទៅ​នៅ​អា​ថ្មី​...​តើ​អា​ចាស់​សម្រាប់​ធ្វើ​អ្វី
វិញ ? អា​ថ្មី​ក៏​របស់​រដ្ឋ​...​អា​ចាស់​ក៏​របស់​រដ្ឋ​...​តើ​អា​ចាស់​នៅ​កណ្តាល​ក្រុង​ទុក​ធ្វើ​អី ? គ្មាន​ចម្លើយ​ទេ !...​ម្ចាស់​ថ្លៃ​ណា​ឆ្លើយ​ត្រូវ​ទេ ?
ធម្មតា​ទេ អា​ថ្មី​វា​ស្អាត​ជាង​ហើយ !

វា​ហំ វា​មាំ​ជាង​ហើយ​...​វា​ក៏​ទំនើប​ជាង​ដែរ​...​វ៉ៃ​ក្រេ​ម​លាបម្សៅ​ថ្មី​ទៅ​...​ពិតជា​គួរ​ឱ្យ​បេតី​មែនហើយ​...​ប៉ុន្តែ​ដល់​ពេល​គេ​យក​អា​ចាស់​ទៅ​កែ​សម្ផស្ស​ឡើង​វិញ​...​នោះ​ប្រាកដជា​ស្តាយក្រោយ​...​ប្រាកដជា​គយគន់​មិន​ដាក់​ភ្នែក​...​ដល់​ពេល​នោះ សង្ស័យ​ផ្ទុះ​រឿង​ច្រណែន​មិន​ខាន ។ រឿង​នេះ​មិន​ប៉ះពាល់​លោកស្នងការ​បច្ចុប្បន្ន​ទេ​...​ជា​រឿង​ចាស់ ។

មាន​ដំណឹង​ថា ពេល​ណា​រើ​ចេញ​ទៅ​នៅ​អា​ថ្មី​...​អា​ចាស់​ប្រហែល​ក្លាយជា​ទីតាំង​ផ្សារ​ទំនើប​មួយ​...​។ បើ​វា​ក្លាយជា​ផ្សារ​ទំនើប​មែន​...​មិនមែន​ជា​របស់​រដ្ឋ​ទេ​...​រដ្ឋ​ឯណា​ទៅ​សង់​ផ្សារ​ទំនើប​រកស៊ី​នោះ ! ហើយ​ក៏​មិនមែន​ជួល​ដី​ឱ្យ​គេ​វិនិយោគ​ផ្សារ​ទំនើប​ដែរ​...​កុំ​ជឿ !!

អ្នករក​ស៊ីសង់​ផ្សារ​ទំនើប​មាន​តែ​ចិន​...​គ្មាន​រដ្ឋ​ឯណា​មាន​ផែនការ​សង់​ផ្សារ​ទំនើប​លក់ដូរ​ទេ​...​ឬ​មួយ​ស្ងាត់​ៗ​ជឿ​តាម​គេ​ឆ្កិះ លក់​ដី​ឱ្យ​ចិន​សង់​ផ្សារ​ទំនើប ?

ប្រសិនបើ​ដូច្នោះ​មែន​...​មិន​ខុស​ពី​មន្ត្រី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ទំនង​វា​ជា​រឿង​«​ចិន​ដេញ​ខ្មែរ ខ្មែរ​ដេញ​ខ្មោច​» ហើយ​មើលទៅ​...
មិន​អី​ទេ​...​ចាំ​មើល​សិន កុំ​ចេះ​តែ​ថា​...​ទុក​យូរ​កាលណា ! កាន់តែ​ល្អ​កាល​ហ្នឹង !! ពាង​ប្រហុក​កំពុង​គ្រប​ជិត​ល្អ​ណាស់​...​គង់តែ​បែកធ្លាយ​ថ្ងៃ​ណាមួយ​...
                 អា​ឡេវ