ចាងហ្វាង​កាសែត​ម្នាក់​ត្រូវ​រថយន្ត​បុក មិនដឹង​ស្លាប់ ឬ​រស់​ទេ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​កើតឡើង កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ឧសភា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ទួល​ទិល ឃុំ​តា​ក្រី ស្រុក​កំ​រៀង បុរស​​ម្នាក់​​ដែល​គេ​ស្គាល់​ថា ជា​ចាងហ្វាង​កាសែត «​ចៅ​​កម្សត់​» ត្រូវ​បាន​រថយន្ត​ធុន​ធំ (ដឹកជី)​ បុកទាំងកំរោល​ បណ្តាល​ឱ្យ​​រងរបួស​យ៉ាងធ្ងន់ធ្ងរ (បាក់ជើង​ជា​ច្រើន​​កំណាត់) ខណៈ​កំពុង​​ជិះ​​ម៉ូតូ​ ក្នុងទិសដៅ​បញ្ច្រាស​​គ្នា ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​មឹង កម្សត់ ហៅ​ចៅ​កម្សត់ អាយុ​៤៣​ឆ្នាំ ជា​ចាងហ្វាង​កាសែត «​ចៅ​កម្សត់​» មាន​ទីលំនៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1P-1318 ខូច​ផ្នែក​ខាង​មុខ​ធ្ងន់ ។ ចំណែក​ខាង​រថយន្ត​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ បន្ទាប់​ពី​កើតហេតុបាន​បើក​គេចខ្លួន​​បាត់ ។

បច្ចុប្បន្ន ជន​រង​គ្រោះ​កំពុង​ត្រូវ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ Emergency ដោយ​គេ​មិនដឹង​ថា តើ​សមត្ថកិច្ច​ចាត់វិធានការ​ណ៍​រក​អ្នក​បង្ក ឬ​ក៏​អត់​​នោះ​ទេ ។