កៀរ​គេ​ហើយ​បើក​រត់ បុក​គេ​ឡើង​ខ្ទេច

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​លឿន​ដូច​ហោះ​កៀរ​ម៉ូតូ​១​គ្រឿង​ដួល ហើយ​មិន​បាន​ឈប់​ទេ ដោយ​ព្យាយាម​បើក​រត់ ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត​ពេញទំហឹង រហូត​ទៅ​មុខ​លែង​រួច ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្បែរ​ឃ្លាំង​សាំង​សូ​គី​មិច ស្ថិត​នៅ​ក្នុង​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ ឡិច​ស៊ី​ស RX330 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-2118 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​ហួស​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​បន្តិច​ក៏​កៀរ​ម៉ូតូ​១​គ្រឿង​ម៉ាក វី​វ៉ា ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បណ្តាល​ឲ្យ​ដួល​នៅ​ចិញ្ចើម​ផ្លូវ ហើយ​រថយន្ត​បង្ក​ព្យាយាម​បន្ថែម​ល្បឿន​បើក​រត់គេច​ទៅ​ដល់​ក្បែរ​ឃ្លាំង​សាំង​សូ​គី​ម៉ិច រថយន្ត​បង្ក​បាន​បើក​វ៉ា​រថយន្ត​មិន​ចាំ​ម៉ាក​១​គ្រឿង​ទៀត​នៅ​ខាង​មុខ ហើយ​បាន​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​រថយន្ត នី​សាន់ ពណ៌​ស ពាក់​ស្លាក​លេខ កោះកុង 2A-0515 ដែល​បើកបរ​ពី​ជើង​ទៅ​ត្បូង​ចំ​ពីមុខ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​បង្ក​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង និង​បែក​កញ្ចក់​មុខ រថយន្ត​ផ្ទុះ​ពោង​សុវត្ថិ ភាព​ទាំង​សងខាង ចំណែកឯ​រថយន្ត​រង​គ្រោះ​ដាច់​កង់​មុខ​ខាងឆ្វេង​ដូច​គ្នា ហើយ​អ្នកបើកបរ​រង​របួសស្រាល ។ ដោយឡែកអ្នក​ជិះ​​ម៉ូតូ​វី​វ៉ា​ដែល​រង​គ្រោះ​មុនគេ​រង​របួសស្រាល​បាន​ជិះ​ដេញ​តាម​រថយន្ត ហើយ​ធាក់​រថយន្ត​មួយ​ជើង​រួច​ជិះ​ចេញ​ទៅ​បាត់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែងកន្លែង​កើត​ហេតុ រួច​ស្ទូច​យក​រថយន្ត​ទាំង​២​​គ្រឿង​​ទៅ​ក្សា​រ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕