ពុទ្ធោ​អើយ! ដេកសុខៗ​​កើត​រឿងនេះ អ្នក​ណា​​មិន​​ញញើត​

រាជធានី​​​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​​បឋម​ឱ្យ​ដឹង​ថា មាន​ហេតុការណ៍​រន្ធត់​មួយ បន្ទាប់​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង បាន​បើក​បុក​​ផ្ទះ​របស់​​ប្រជាពលរដ្ឋ​ទាំង​​កំរោល ខណៈម្ចាស់ផ្ទះកំពុង​ដេកលង់លក់ បណ្តាល​ឱ្យ​រថយន្ត​នោះ​ផ្ទុះ​​ឆេះ​រលាកដល់​មនុស្ស​ក្នុង​​រថ​យន្ត​របួសធ្ងន់​​២​នាក់ ហើយ​បាន​ស្លាប់​ម្នាក់​​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។ ចំណែក​ផ្ទះ​ប្រជាពលរដ្ឋ​ បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​
ដែរ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​២៥​នាទី​យប់​ថ្ងៃ​ទី​១៨ ឧសភា ២០១៦ ស្ថិត​ត្រង់​ចំណុច​ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ទោះបីជា​យ៉ាងណា ​គេ​មិនបាន​​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំង​២​នាក់​​នោះ​ទេ ព្រោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បាត់ តែ​​​បន្សល់​រថយន្ត​ដែល​ឆេះ​នោះ មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-0464​ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​លើ​ករណី​នេះ​ហើយ ។